មន្ត្រី​សុខាភិបាល​ខេត្ត​សៀមរាប​សាក​សួរ​វេជ្ជបណ្ឌិត​គ្លីនិក​រស្មី​អង្គរ

មន្ត្រី​ជំនាញ​ខាង​សុខភាព​របស់​រដ្ឋាភិបាល​ក្នុង​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា គេ​នៅ​រង់​ចាំ​ការ​សម្រេច​មួយ​ពី​ក្រសួង​សុខាភិបាល​ថា តើ​នឹង​ត្រូវ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ទៅ​លើ​គ្លីនិក​ឯកជន​ចិន​មួយ​ឈ្មោះ រស្មី អង្គរ ឬ​យ៉ាង​ណា​នោះ​ទេ។
ដោយ ហង្ស សាវយុត
2012-06-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​រក​ឃើញ​ថា គ្លីនិក​ឯកជន​ចិន​ឈ្មោះ រស្មី អង្គរ អតីត​គ្លីនិក ជិនហួរ បាន​ជួល​វេជ្ជបណ្ឌិត​ជា​ជន​បរទេស​មួយ​ចំនួន​មក​ធ្វើ​ការ​បម្រើ​សេវា​សុខភាព​មិន​ស្រប​ច្បាប់។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៨ ខែ​មិថុនា ថា កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា កន្លង​ទៅ​លោក​បាន​កោះ​ហៅ​វេជ្ជបណ្ឌិត​ជន​ជាតិ​បរទេស​ចំនួន ២​នាក់ ដែល​បម្រើ​ការ​ឲ្យ​គ្លីនិក​ចិន​មួយ​ឈ្មោះ រស្មី អង្គរ មក​សាក​សួរ ហើយ​លោក​បាន​រក​ឃើញ​ថា ជន​បរទេស​ទាំង ២​នាក់​នោះ បាន​មក​ធ្វើ​ការ​បម្រើ​សេវា​សុខភាព​ដោយ​ខុស​ច្បាប់។

លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់៖ «ដុកទ័រ​ហ្វីលីពីន​១ កូរ៉េ​១ ខ្ញុំ​សួរ​គាត់​ថា តើ​គាត់​ដឹង​ពី​ប្រព័ន្ធ​ថែ​ទាំ​សុខ​ភាព​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរ ឬ​ក៏​អត់? គឺ​គាត់​ដឹង​តិច​តួច​ណាស់។ សំណួរ​ទី​២ ដែល​គាត់​ជា​ដុកទ័រ​ហ្នឹង តើ​គាត់​ចេញ​ពី​សាកលវិទ្យាល័យ​ណា? គាត់​គឺ​ជា​មនុស្ស​ដែល​ធ្វើ​ការងារ​ខុស​ច្បាប់ ហើយ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា គាត់​ត្រូវ​តែ​ធ្វើ​ឲ្យ​ត្រូវ​ច្បាប់»

លោក ក្រូស សារ៉ាត់ បាន​បញ្ជាក់​ថា បន្ទាប់​ពី​មន្ទីរ​សុខាភិបាល​បាន​រក​ឃើញ​បញ្ហា​នេះ គឺ​វេជ្ជបណ្ឌិត​បរទេស​ទាំង​ពីរ បាន​ធ្វើ​លិខិត​សុំ​ទោស ហើយ​ប្រាប់​ថា គេ​នឹង​លា​ឈប់​បម្រើ​ការ​នៅ​ក្នុង​គ្លីនិក​ឯកជន​នោះ។

ទោះ​យ៉ាង​ណា មន្ត្រី​មន្ទីរ​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា គេ​មិន​ទាន់​មាន​វិធាន​ការ​ផ្លូវ​ច្បាប់​ណា​មួយ ទៅ​លើ​គ្លីនិក​ឯកជន​ចិន រស្មី អង្គរ នៅ​ឡើយ​ទេ ក៏​ប៉ុន្តែ​គេ​បាន​ធ្វើ​របាយការណ៍ ដាក់​ជូន​ក្រសួង​សុខាភិបាល​រួច​ហើយ ដើម្បី​ឲ្យ​ធ្វើ​ការ​ពិចារណា និង​សម្រេច​ចិត្ត។

ការ​ចុះ​ត្រួត​ពិនិត្យ​របស់​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប ទៅ​លើ​គ្លីនិក​ឯកជន​ចិន​​ឈ្មោះ រស្មី អង្គរ នោះ បន្ទាប់​ពី​អ្នក​ភូមិ​បន្ទាយឈើ សង្កាត់​ទឹកវិល ក្រុង​សៀមរាប អះអាង​ថា មាន​អ្នក​ភូមិ​របស់​គេ ជា​ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់ បាន​ស្លាប់​បន្ត​បន្ទាប់​គ្នា កាល​ពី​ថ្ងៃ​ទី​២១ និង​២២ ខែ​ឧសភា កន្លង​ទៅ ក្រោយ​ពី​បាន​លេប​ថ្នាំ​ដែល​គ្លីនិក​ឯកជន​ចិន​នោះ បាន​ចែក​ទៅ​ឲ្យ​អ្នក​ភូមិ​ជា​ច្រើន​នាក់។

ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​សៅរ៍​ទី​៩ ខែ​មិថុនា វិទ្យុ​អាស៊ី​សេរី មិន​អាច​ធ្វើ​ការ​ទាក់​ទង​តំណាង​គ្លីនិក​ឯកជន​ចិន រស្មី អង្គរ ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​បញ្ហា​នោះ​បាន​ទេ។

ចំណែក​អ្នក​ស្រី លី វណ្ណៈ ជា​ប្រធាន​ការិយាល័យ​គ្រប់​គ្រង​ឱសថ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រី មាន​គម្រោង​នឹង​ធ្វើ​ការ​វិភាគ​ទៅ​លើ​ថ្នាំ​ពេទ្យ​ខ្លះ ដែល​គ្លីនិក រស្មី អង្គរ បាន​ចែក​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​នោះ​ថា តើ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​អ្នក​ភូមិ​មែន ឬ​ក៏​យ៉ាង​ណា?

អ្នក​ស្រី លី វណ្ណៈ៖ «ចុះ​ទៅ​ហ្នឹង ខ្ញុំ​បាន​សុំ​ឱសថ​ពី​ប៉ូលិស​មក​គ្រាប់​រាយៗ តែ​ខ្ញុំ​អត់​ទាន់​បាន​យក​ទៅ​វិភាគ​មើល​ថា ថ្នាំ​នោះ​ប្រភេទ​ថ្នាំ​អី ហើយ​វា​អាច​ប៉ះ​ពាល់​នឹង​ជំងឺ​របស់​គាត់​ឬ ក៏​អត់?»

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា ក្រៅ​តែ​ពី​គេ​កំពុង​ស្រាវជ្រាវ​ទៅ​លើ​ករណី គ្លីនិក​ឯកជន រស្មី អង្គរ ដែល​មាន​ការ​ចោទ​ប្រកាន់​ថា មាន​អ្នក​ភូមិ ២​នាក់ បាន​ស្លាប់​បន្ទាប់​ពី​លេប​ថ្នាំ​ដែល​គ្លីនិក​ចែក​ឲ្យ​នោះ គឺ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា កន្លង​ទៅ គេ​បាន​ធ្វើ​ការ​បិទ​ទ្វារ​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​របស់​ចិន​មួយ​ផ្សេង​ទៀត ឈ្មោះ សុភមង្គល អតីត​ឈ្មោះ គ្លីនិក ប៉េកាំង ជា​បណ្ដោះ​អាសន្ន ដោយ​សារ​តែ​គេ​រក​ឃើញ​ថា មន្ទីរ​សម្រាក​ព្យាបាល​ឯកជន​នោះ បាន​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ដែល​មិន​មាន​ចុះ​បញ្ជី​ការ​របស់​ក្រសួង​សុខាភិបាល និង​ឱសថ​មួយ​ចំនួន​ទៀត​ហួស​អាយុកាល​ប្រើ​ប្រាស់។ មន្ត្រី​ផ្នែក​គ្រប់​គ្រង​ឱសថ បាន​ឲ្យ​ដឹង​ថា គេ​បាន​ដក​ហូត​ឱសថ​ប្រមាណ​ចំនួន ២៥​គីឡូក្រាម និង​សេរ៉ូម ប្រមាណ ៦០០​កំប្លោក ពី​មន្ទីរ​សម្រាក​ព្យាបាល​ឯកជន សុភមង្គល នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

មន្រ្តីសុខាភិបាលគួរតែពិនិត្យមើលគ្រប់គ្លីនិក និងមន្ទីរពេទ្យឯកជនទាំងអស់ មិនត្រូវទុកឱ្យមានការបោកប្រាស់ពលរដ្ឋនោះទេ។

Jun 10, 2012 10:36 AM