បក្ស​សម​រង្ស៊ី​រំលឹក​វិញ្ញាណក្ខន្ធ​បាតុករ​ស្លាប់​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក

គណ​បក្ស​សម​រង្ស៊ី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក មក​លើ​ហ្វូង​បាតុករ​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋ​សភា ក្បែរ​បង​ព្រះ​បរម​រាជ្យ​វាំង រាជ​ធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​២០១២។

លោក សុន ឆ័យ មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សម​រង្ស៊ី បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យ​នេះ​ជា​ខួប​លើក​ទី ១៥​ឆ្នាំ ហើយ ដែល​គណ​បក្ស​សម​រង្ស៊ី​បាន​ប្រារព្ធ​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ដោយ​អំពើ​ភេរវកម្ម នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែក មក​លើ​ហ្វូង​បាតុករ​អហិង្សា កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧។

លោក​ឲ្យ​ដឹង​ថា ពិធី​នោះ លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណ​បក្ស​ក៏​នឹង​ថ្លែង​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​វីដែអូ​ខន​ហ្វើ​រិន ពី​ក្រៅ​ប្រទេស ដល់​អ្នក​ចូល​រួម​នា​ឱកាស​នោះ​ដែរ។

លិខិត​ចុះ​ថ្ងៃ​ទី​២៣ ខែ​មិនា ឆ្នាំ​២០១២ របស់​គណ​បក្ស​សម​រង្ស៊ី ផ្ញើ​ជូន​លោក កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ពិធី​នេះ ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១១​ព្រឹក ដោយ​មាន​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ៥០​អង្គ និង​មាន​ពុទ្ធ​បរិស័ទ​ចូល​រួម​ប្រមាណ ៣០០​នាក់។

ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​គ្រាប់​បែក កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិនា ឆ្នាំ​១៩៩៧ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ១៦​នាក់ និង​របួស​ជាង ១០០​នាក់។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​ចាប់​បាន​ជន​ល្មើស​មក​ផ្ដន្ទា​ទោស​នោះ​ទេ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។