ជំទប់ទី១និងជាប្រធានគណបក្សសមរង្ស៊ីឃុំពាមឆ្កោកលោក កុយ គឹង មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា កាលពីថ្ងៃទី២កក្កដា កន្លងទៅនេះ មេភូមិពាមឆ្កោក គឺលោក ទ្រី ឆេន បានគំរាមសកម្មជនគណបក្សសមរង្ស៊ីឈ្មោះ ទ្រូ វ៉ាន ឲ្យទម្លាក់ស្លាកគណបក្សសមរង្ស៊ីចោល ព្រោះថ្នាក់ស្រុកបានសួរលោកពីបញ្ហានេះជាច្រើនដងហើយ ។
លោក កុយ គឹង មានប្រសាសន៍ថា ៖ «កាលពីថ្ងៃ២ ខែ៧ ឆ្នាំ២០០៨នេះ មេភូមិគណបក្សប្រជាជនលោក ទ្រី ឆេន បានប្រាប់លោក ទ្រូ វ៉ាន ថា ចាំមើលថ្ងៃណា គ្នាទៅទម្លាក់ស្លាកពីផ្ទះឯង ហើយលោក ទ្រូ វ៉ាន គាត់បដិសេធថា ខ្ញុំមិនឲ្យអ្នកឯទម្លាក់ទេ» ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងជាមួយលោកទ្រូ វ៉ាន បានទេនៅថ្ងៃ៥ កក្កដានេះ ព្រោះលោកបានបិទទូរស័ព្ទ ។
លោក ទ្រី ឆេន មេភូមិពាមឆ្កោក បានបដិសេធការចោទប្រកាន់នេះ ដោយលោកមានប្រសាសន៍ថា លោកពុំបានធ្វើការគំរាមកំហែងអ្វីទេ ។ លោកថា លោកគ្រាន់តែសួរក៏ដូចជារំឭកលោក ទ្រូ វ៉ាន ប៉ុណ្ណោះ ព្រោះឈ្មោះ ទ្រូ វ៉ាន បានចុះចូលនិងបានទទួលអំណោយពីគណបក្សប្រជាជន នៅឯគណបក្សប្រជាជនកម្ពុជា ស្រុកជលគិរី កាលពីពេលថ្មីៗនេះរួចហើយ ។
លោក ទ្រី ឆេន ថ្លែងយ៉ាងដូច្នេះ ៖ «ខ្ញុំមិនបានគំរាមទៅទម្លាក់ទេ ខ្ញុំគ្រាន់តែសួរៗថា ខាងស្រុកហ្នឹងចេះតែឲ្យខ្ញុំពិនិត្យមើលផ្ទះ ទ្រូ វ៉ាន ថា តើស្លាកហ្នឹងដាក់ហើយឬនៅ ។ មិនបានគំរាមទេ ខ្ញុំនិយាយមានសាក្សីនៅមុខខ្ញុំពីរបីនាក់ ។ ខ្ញុំសួរតែប៉ុណ្ណឹងឯង» ។
មេឃុំនិងជាប្រធានគណបក្សប្រជាជនកម្ពុជាឃុំពាមឆ្កោក លោក កែ ម៉េត មានប្រសាសន៍ថា លោក ទ្រូ វ៉ាន ពិតជាបានចុះចូលជាមួយគណបក្សប្រជាជនមែន ដោយមានឈ្មោះក្នុងបញ្ជីគណបក្សប្រជាជនកម្ពុជាស្រុកជលគិរីទៀតផង ។
តែលោកបញ្ជាក់ថា ពុំមានការគំរាមកំហែងណាមួយឲ្យទម្លាក់ស្លាកគណបក្សសមរង្ស៊ីនៅផ្ទះលោក ទ្រូ វ៉ាន ទេ ។
លោក កែ ម៉េត មានប្រសាសន៍ថា ៖ «មនុស្សស្គាល់គ្នាជាពួកម៉ាកហៅអាទៅអាមកហ្នឹង ។ សួរថា ចុះអ្ហែងសុំគេចូល រឿងស្លាកអ្ហែងគិតយ៉ាងម៉េច ស្រុកគេចេះតែសួរ បើសុំចូល ស្លាកដាក់ហើយឬនៅ ។ មេភូមិគាត់ក៏ទៅសួរ ហើយគាត់ឆ្លើយថា ស្លាករបស់អញមិនអាចអ្នកណាដកដាក់បានទេ បើចង់ដាក់ទាល់តែសួរប្រពន្ធអញ» ។
មន្ត្រីអង្គការខុមហ្រ្វែលប្រចាំខេត្តកំពង់ឆ្នាំង លោក ប៊ុន លៀង មានប្រសាសន៍ថា បើទោះបីជាលោក ទ្រូ វ៉ាន បានចុះចូលជាមួយគណបក្សប្រជាជនក៏ដោយចុះ ក៏គេពុំអាចបង្ខំគាត់ឲ្យទម្លាក់ស្លាកគណបក្សសមរង្ស៊ីបានឡើយ លុះត្រាតែគាត់ស្ម័គ្រចិត្តទម្លាក់ស្លាកនេះដោយខ្លួនឯង ។ លោកបន្តថា ការបង្ខំគឺជាការរំលោភលើសិទ្ធិសម្រេចចិត្តនយោបាយរបស់បុគ្គល ៕
