បក្ស​ប្រឆាំង​នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ដើម្បី​អនុម័ត​សមាសភាព​គ.ជ.ប

គម្រោង​ការ​ផ្លាស់​ប្ដូរ​សមាសភាព​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១១ ខែ​តុលា ខាង​មុខ។
ដោយ ទេព សុរ៉ាវី
2012-10-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
srp_hrp305
រូប​សញ្ញា​គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស
Photo: RFA

តាម​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នោះ រដ្ឋសភា​គ្រោង​អនុម័ត​លើ​សមាសភាព គ.ជ.ប ដែល​មាន​លោក អ៊ឹម សួស្តី នៅ​តែ​ជា​ប្រធាន គ.ជ.ប ដដែល ហើយ​អ្នកស្រី ស៊ីន ជុំបូ ជា​អនុប្រធាន។

តើ​កិច្ច​ប្រជុំ​នោះ សមាជិក​រដ្ឋសភា​របស់​គណបក្ស​ប្រឆាំង នឹង​ចូល​រួម​ប្រថាប់​ត្រា​ទទួល​ស្គាល់​សមាសភាព​សមាជិក គ.ជ.ប ថ្មី​ឬ​ទេ?

គណបក្ស​ប្រឆាំង​ព្រមាន​នៅ​ថ្ងៃ​ទី៤ ខែ​តុលា ថា សមាជិក​រដ្ឋសភា​ចំនួន ២៩រូប មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នឹង​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​រដ្ឋសភា ដើម្បី​អនុម័ត​លើ​សមាសភាព​គ.ជ.ប ក្នុង​អាណត្តិ​ថ្មី​នោះ​ទេ បើ​សិន​សមាសភាព គ.ជ.ប នៅ​តែ​ដដែល គ្មាន​ការ​ផ្លាស់​ប្ដូរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក គង់ គាំ ប្រធាន​ស្ដីពី​គណបក្ស សម រង្ស៊ី។

នៅ​ថ្ងៃ​ទី១១ ខែ​តុលា សភា​កម្ពុជា នឹង​ពិនិត្យ​ពិភាក្សា​សម្រេច​លើ​សមាសភាព​សមាជិក គ.ជ.ប ដែល​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឡើង។ មន្ត្រី គ.ជ.ប មិន​បាន​ទម្លាយ​ឈ្មោះ​បេក្ខជន​សមាជិក គ.ជ.ប ថ្មី ដែល​ស្នើ​ឲ្យ​រដ្ឋសភា​ពិនិត្យ​សម្រេច​នោះ​ទេ។ តែ​ប្រភព​ព័ត៌មាន​នានា បាន​ឲ្យ​ដឹង​ថា លោក អ៊ឹម សួស្តី នៅ​តែ​ជា​បេក្ខជន​ប្រធាន គ.ជ.ប ហើយ​អ្នកស្រី ស៊ីន ជុំបូ នៅ​តែ​ជា​បេក្ខជន​អនុប្រធាន​ដដែល។

លោក គង់ គាំ បញ្ជាក់​ថា បើ​គ្មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​ដឹកនាំ គ.ជ.ប សមាជិក​សភា​គណបក្ស សម រង្ស៊ី និង​សិទ្ធិ​មនុស្ស នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ប្រថាប់​ត្រា​លើ​សមាសភាព​ដឹកនាំ គ.ជ.ប ថ្មី សម្រាប់​ត្រៀម​រៀបចំ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ ខាង​មុខ៖ «ប្រសិន​បើ​អត់​មាន​សមាសភាព គ.ជ.ប ដែល​គណបក្ស​សំខាន់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​គណបក្ស សម រង្ស៊ី គណបក្ស សិទ្ធិ​មនុស្ស ផ្ដួចផ្ដើម​ទ្រទ្រង់​ហើយ​នឹង​គាំទ្រ​យ៉ាង​ប្តូរផ្តាច់​នេះ ទទួល​ស្គាល់​សមាសភាព គ.ជ.ប ជា​មុន​ទេ យើង​អត់​បាន​ចូល​រួម​ថ្ងៃ​ទី១១ ខែ​តុលា ទេ»

ចំពោះ​ការ​ព្រមាន​មិន​ចូល​រួម​កិច្ច​ប្រជុំ​របស់​សមាជិក​រដ្ឋសភា​គណបក្ស​ប្រឆាំង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ងួន ញ៉ិល អនុប្រធាន​ទី១ រដ្ឋសភា​បាន​ទេ នៅ​ថ្ងៃ​ទី៤ ខែ​តុលា ដើម្បី​សាកសួរ​ថា​តើ​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ប្រឆាំង អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​កិច្ច​ប្រជុំ​សភា​ឬ​ទេ? ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​ប្រជុំ។

ទាក់​ទង​ការ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​សមាជិក គ.ជ.ប នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ខុមហ្វ្រែល (Comfrel) ធ្លាប់​ប្រាប់​ថា ការ​ចាញ់​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ជឿ​ទុក​ចិត្ត​ទៅ​លើ​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត វា​ជា​រឿង​សំខាន់។ លោក​បន្ត​ថា ការ​ប្រកួត​ដែល​មាន​អាជ្ញា​កណ្ដាល​ត្រឹមត្រូវ វា​ធ្វើ​ឲ្យ​អ្នក​ចាញ់​ទទួល​យក​ដោយ​មិន​មាន​ការ​តវ៉ា៖ «ពេល​គេ​ចាញ់​ក៏​អស់​ចិត្ត ពេល​ឈ្នះ​ក៏​មាន​កិត្តិយស។ អា​នេះ​ជា​ចំណុច​សំខាន់។ វា​មិន​សំខាន់​ថា​ដូរ គ.ជ.ប ទៅ​វា​ប៉ះពាល់​អី​នោះ​ទេ។ ប៉ុន្តែ បើ​គេ​មិន​សុខ​ចិត្ត វា​មាន​បញ្ហា​ដដែល។ គេ​គិត​ថា លទ្ធផល​នោះ​វា​ប៉ះពាល់។ រឿង​សំខាន់ គឺ​រឿង​មើល​អាប៊ីត និង​ការ​ចូល​រួម​របស់​គណបក្ស​ដែល​ប្រកួត​ប្រជែង​នោះ​តែ​ម្តង»

ការ​ទាម​ទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព​សមាជិក គ.ជ.ប ក៏​មាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍ កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​លោក សុរិយា ស៊ូប៊ែរឌី (Surya P. Subedi) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា។

ទាំង​គណបក្ស​ប្រឆាំង ទាំង​លោក សុរិយា ស៊ូប៊ែរឌី ចង់​ឲ្យ​សមាសភាព គ.ជ.ប ប្ដូរ​ចេញ និង​ឲ្យ​មាន​សមាសភាព គ.ជ.ប ថ្មី ដែល​ចេញ​មក​ពី​ចៅក្រម​ចូល​និវត្តន៍​មាន​កិត្តិយស មេធាវី​ចូល​និវត្តន៍​មាន​កិត្តិយស សាស្ត្រាចារ្យ​ច្បាប់​ជាន់​ខ្ពស់​ចូល​និវត្តន៍​មាន​កិត្តិយស ដើម្បី​ធានា​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា មាន​សេរីភាព និង​យុត្តិធម៌ ដែល​អាច​ទទួល​យក​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

សុខា

ពី Paris France

គា្រន់តែ​​ធ្វើ​ពហិការ​ មិន​ទាន់គ្រប់​គ្រាន់ទេ ត្រូវតែ​​ធ្វើ​អី្វមួយផេ្សងពីនេះ ដើម្បីទាមទារដូរ គ.ជ.ប អោយបាន

Oct 05, 2012 02:15 AM

KODAK

ពី P>PENH

មិនហ៊ានដូរទេ​​ពីព្រោះអាគ ជ បចាស់នេះចេះជួយលួចសន្លឹកឆ្នោតអោយ។

Oct 04, 2012 09:02 AM