បក្ស​សមរង្ស៊ី​អំពាវនាវ​ឲ្យ​បក្ស​សិទ្ធិ​មនុស្ស​មក​រួបរួម

​គណបក្ស សម រង្ស៊ី ​ចេញ​សេចក្ដី​អំពាវនាវ​មួយ​នៅ​ថ្ងៃ​ទី​៤ មិថុនា ឲ្យ​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សិទ្ធិ​មនុស្ស រួបរួម​ជាមួយ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ របស់​គណបក្ស សម រង្ស៊ី។
ដោយ ទីន ហ្សាការីយ៉ា
2012.06.04
សុខា​រង្ស៊ី លោក កឹម សុខា (ឆ្វេង) ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស និង លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សម​រង្ស៊ី។
RFA Photo

សេចក្ដី​អំពាវនាវ​នេះ គឺ​ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​កំរិត​មូលដ្ឋាន​មួយ​ចំនួន ដូចជា​ប្ដូរ​មេ​ភូមិ​មួយ​ចំនួន​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ ដើម្បី​ទប់​ស្កាត់​ការ​រឹប​អូស​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់ ការ​លុប​បំបាត់​អំពើ​ពុក​រលួយ​នៅ​ថ្នាក់​មូលដ្ឋាន ការ​ការពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ និង​ទប់ស្កាត់​អំពើ​អយុត្តិធម៌ ដែល​អ្នក​មាន​អំណាច​មួយ​ចំនួន​កំពុង​ប្រព្រឹត្ត​លើ​ប្រជាពលរដ្ឋ​ជា​ដើម។

ប្រធាន​គណបក្ស សម រង្ស៊ី ស្ដីទី លោក គង់ គាំ មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្ដី​អំពាវនាវ​នោះ​ថា ការ​សាមគ្គី​គ្នា រួប​រួម​គ្នា​រវាង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៃ​គណបក្ស​ទំាង​ពីរ នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ថ្នាក់​មូលដ្ឋាន និង​ការពារ​ប្រយោជន៍​ប្រជាពលរដ្ឋ​បាន​ដោយ​ប្រសិទ្ធភាព។

ការ​អំពាវនាវ​របស់​លោក គង់ គាំ នេះ នៅ​ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កំពុង​បូក​សរុប​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ​សង្កាត់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិថុនា ដែល​លទ្ធផល​បណ្ដោះអាសន្ន​គណបក្ស សម រង្ស៊ី បាត់បង់​អ្នក​គាំទ្រ​ជាង​ឆ្នាំ​២០០៧ ហើយ​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី បាន​ប្រកាស​មិន​ទទួល​លទ្ធផល​បោះ​ឆ្នោត​នេះ។

ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ថ្លែង​​នៅ​ក្នុង​សន្និសីទ​កាសែត​នា​​ទីស្នាក់ការ​គណបក្ស កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១២ ថា រូប​លោក​នឹង​ផ្តើម​ចរចា​ទៅ​គណបក្ស សម រង្ស៊ី ដើម្បី​បើក​ច្រក​ឲ្យ​បក្ស​ប្រជាធិបតេយ្យ​ទាំង​ពីរ គឺ​គណបក្ស​សិទ្ធិ​មនុស្ស និង​​គណបក្ស សម រង្ស៊ី រួបរួម​ទៅ​ជា​បក្ស​តែ​​មួយ ដើម្បី​ឈ្នះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥ នៅ​ឆ្នាំ​២០១៣ ខាង​មុខ។

ទាក់ទង​នឹង​បញ្ហា​នេះ សារណជន​នឹង​រង់ចាំ​មើល​ថា តើ​គណបក្ស​ទាំង​ពីរ​នឹង​រួប​រួម​គ្នា ឬ​យ៉ាង​ណា ពីព្រោះ​ថា គណបក្ស​ទាំង​ពីរ​ធ្លាប់​បាន​បរាជ័យ​លើ​ការ​ចរចា​រួប​រួម​គ្នា​នេះ​ជា​ច្រើន​លើក​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។