បក្ស​ប្រឆាំង​ធ្វើ​ពហិការ​មិន​ប្រើ​ការិយាល័យ​បក្ស​ប្រជាជន​សម្រាប់​បម្រើ​ការ​រដ្ឋ

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី៩ តុលា ដែល​អាជ្ញាធរ​ស្រុក​តម្រូវ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ មក​ពី​គ្រប់​គណបក្ស​ចូល​រួម​ក្នុង​វគ្គ​នេះ។
ដោយ វណ្ណ វិចារ
2012-10-12
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ប៉ុន្តែ សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ ដែល​មក​ពី​គណបក្ស​ប្រឆាំង ធ្វើ​ពហិការ​មិន​ចូល​រួម​ឡើយ ដោយ​សារ​មូលហេតុ​នយោបាយ។

សមាជិក​គណបក្ស សម រង្ស៉ី នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល គ្រោង​ដាក់​លិខិត​ជូន​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក និង​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ដើម្បី​ដេញ​ដោល​ពី​មូលហេតុ​ដែល​អាជ្ញាធរ​ស្រុក យក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ទីតាំង​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ។

សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ខ្សាច់កណ្ដាល លោក កុល ហូ នៅ​ថ្ងៃ​ទី១២ តុលា មាន​ប្រសាសន៍​ថា អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល បាន​ចេញ​លិខិត​អញ្ជើញ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ ទាំង​អស់​ចូល​រួម​ស្វែង​យល់​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នក​បណ្ដុះ​បណ្ដាល នៅ​ទីតាំង​សាលា​ស្រុក​ខ្សាច់កណ្ដាល។

លោក​បន្ត​ថា លុះ​ព្រឹក​ថ្ងៃ​ទី៩ តុលា អាជ្ញាធរ​ស្រុក​បែរ​ជា​ប្រាប់​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​ចូល​ទៅ​ក្នុង​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ឲ្យ​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក ឃុំ មក​ពី​គណបក្ស សម រង្ស៉ី និង​សិទ្ធិ​មនុស្ស​ជាង ៣០នាក់ ធ្វើ​ពហិការ​មិន​ចូល​រួម​តែ​ម្តង។

លោក កុល ហូ បញ្ជាក់​ថា គណបក្ស សម រង្ស៉ី នឹង​មិន​អាច​នៅ​ស្ងៀម​ចំពោះ​បញ្ហា​នេះ​ឡើយ៖ «និយាយ​ទៅ គេ​ឆ្លៀត​យក​ចំណេញ​ផ្នែក​នយោបាយ អ៊ីចឹង​ទៅ​ខាង​ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ប្រជុំ​ក្រុម​ប្រឹក្សា​ស្រុក ខ្ញុំ​នឹង​យក​រឿង​នេះ​ទៅ​និយាយ។ ហើយ​ខ្ញុំ​ធ្វើ​សេចក្តី​ជូន​ដំណឹង​នេះ​ទៅ​ក្រុម​ប្រឹក្សា​ខេត្ត»

ទោះ​យ៉ាង​ណា​ក្តី អភិបាល​ស្រុក​ខ្សាច់កណ្ដាល លោក គង់ សោភ័ណ បំភ្លឺ​មូលហេតុ​នេះ​ថា មក​សាលា​ស្រុក​មាន​ទីតាំង​តូច​ពេក ណា​មួយ​បើ​ធ្វើ​រោង​នៅ​កណ្ដាល​វាល ក៏​ពិបាក​ខ្លាច​ត្រូវ​ភ្លៀង​ខ្យល់ ទើប​យក​ទីស្នាក់ការ​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ផ្ទុក​មនុស្ស ១ពាន់​នាក់​មក​ជំនួស។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ចេតនា​ណា​មួយ​កេង​ចំណេញ​នយោបាយ​នោះ​ទេ។ លោក គង់ សោភ័ណ បញ្ជាក់​ថា ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ស្វែង​យល់​ពី​ច្បាប់ ជា​ការ​ខាត​បង់​របស់​ក្រុម​ប្រឹក្សា​ស្រុក ឃុំ មក​ពី​គណបក្ស​ប្រឆាំង៖ «គណបក្ស​ប្រជាជន គេ​មិន​ប្រកាន់​ផង ឲ្យ​ចូល​កន្លែង​គេ​ប្រជុំ យើង​គិត​មើល គណបក្ស​គាត់​ដែល​ឲ្យ​គណបក្ស​ប្រជាជន​ចូល​កន្លែង​គាត់​ទេ គាត់​អត់​មាន​កន្លែង​ផង​ហ្នឹង។ យើង​មិន​ប្រកាន់​ទេ​បក្ស​នយោបាយ អី​គ្រាន់​តែ​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​សោះ​ហ្នឹង»

លោក គង់ សោភ័ណ បន្ត​ថា លោក​ស្នើ​ឲ្យ​សមាជិក​បក្ស​ប្រឆាំង​ទាំង​អស់ បើក​ចិត្ត​ឲ្យ​ទូលាយ​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា។

យ៉ាង​ណា​ក៏ដោយ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិច (NICFEC) លោក ហង្ស ពុទ្ធា បាន​ពន្យល់​ថា ការ​ប្រើប្រាស់​ទីស្នាក់ការ​គណបក្ស​ប្រជាជន មក​ធ្វើ​ជា​កន្លែង​ផ្សព្វផ្សាយ​ណា​មួយ​ក្នុង​នាម​រដ្ឋាភិបាល​នោះ ជា​ប្រការ​មិន​ត្រឹមត្រូវ។ លោក​បន្ត​ថា មន្ត្រី​បក្ស​កាន់​អំណាច គឺ​មិន​អាច​គេច​រួច​ពី​ការ​ចោទ​ប្រកាន់​ថា កេង​ចំណេញ​នយោបាយ​បាន​នោះ​ឡើយ៖ «ការ​ធ្វើ​ពហិការ​របស់​គណបក្ស​ប្រឆាំង ជា​សិទ្ធិ​របស់​ពួក​គាត់ និង​ជា​សកម្មភាព​តស៊ូ​មតិ​មួយ​ទៀត ដូចនេះ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​តែ​គិតគូរ​ពី​សំឡេង​ភាគ​តិច»

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ លើក​ឡើង​ថា ការ​យក​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា មក​ធ្វើ​ជា​កន្លែង​ធ្វើ​ការ​រដ្ឋ ជា​ភស្តុតាង​មួយ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​មាន​ធនធាន​សម្បូរ​បែប ដើម្បី​កសាង​ទីស្នាក់ការ​របស់​គណបក្ស​ខ្លួន ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​លទ្ធភាព​តិច​តួច​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ឲ្យ​ការ​ធ្វើ​ការ​របស់​មន្ត្រី​រាជការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

នេះជាអំពើស្មោគគ្រោគរបស់គណបក្សប្រជាជន សូម្បីតែអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាស្ថាប័នរដ្ឋ ក៏នៅក្រោមចំណុះគណបក្សប្រជាជនដែរ។ តើអង្គភាព ប្រឆាំង​អំពើពុករលួយហ៊ានទៅផ្សព្វផ្សាយនៅក្នុងទីស្នាក់ការ គណបក្សសមរង្សីដែរឬទេ?

Oct 14, 2012 11:54 AM

អ្នក​អាន​អនាមិក

មន្រ្តីបក្យប្រជាជនមានសំលេងដូចយួន!

Oct 13, 2012 02:38 AM

NATO

ពី Phnom Penh

I'm NATO( Talk Only No Action) agree with them. If you join this event, CPP's media will say that you join them. Why anti corruption officer choose the CPP's office to train the people from other party or they have something secret behind? You can you can talk , you let them open their mind. But you join CPP to create the problem with them. If you know the reality, you're clever in destroy other party. If you don't know about it, you are crazy. From NATO

Oct 13, 2012 02:13 AM

អ្នក​អាន​អនាមិក

Political parties are like the private companies, the government official should know the rules of the state

Oct 13, 2012 01:49 AM

Kosal

ពី PP

យី!​គួរអោត

Oct 12, 2012 11:04 PM

មើល​មតិ​ទាំង​អស់.