ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​​បណ្ដឹង​គណបក្ស​ សម រង្ស៊ី

ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​បើក​សវនាការ​សារធារណៈ​មួយ ដោះ​ស្រាយ​​បណ្តឹង​សាទុក្ខ​​របស់​​គណបក្ស សម រង្ស៊ី ដែល​ប្តឹង​មន្រ្តី​នគរបាល ៣​រូប នៅ​ខេត្ត​កំពង់​ឆ្នាំង ពី​បទ​រារាំង​ការ​ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​របស់​គណបក្ស​នេះ។

ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែ​កុម្ភៈ បាន​​ចេញ​សេចក្តី​សម្រេច​​ដោយ​​​​បដិសេធ​បណ្តឹង​ប្តឹង​​សាទុក្ខ​របស់​​គណបក្ស សម រង្ស៊ី ដែល​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១២។

ក្នុង​សំណុំ​រឿង​នេះ គណបក្ស សម រង្ស៊ី បាន​ប្តឹង​មន្រ្តី​នគរបាល ៣​រូប នៅ​ខេត្ត​​កំពង់ឆ្នាំង ពី​បទ​រារាំង​ការ​ឃោស​នា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​របស់​គណបក្ស​នេះ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ឯក សំអុល បាន​ប្រកាស​ថា បណ្តឹង​របស់​គណបក្ស សម រង្ស៊ី គឺ​មិន​ត្រឹម​ត្រូវ​តាម​គតិ​ច្បាប់ និង​ពុំ​មាន​ភស្តុតាង​គ្រប់​គ្រាន់។

គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ បាន​សម្រេច​បដិសេធ​បណ្តឹង​របស់​លោក ដួង ចន្រ្តា តំណាង​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ប្តឹង​មន្រ្តី​នគរបាល ៣​នាក់​ថា បាន​រារាំង បំភិតបំភ័យ​មិន​អោយ​ប្រជាពលរដ្ឋ​ចូល​រួម​ទស្សនា​វីដេអូ​ឃោសនា​របស់​គណបក្ស សម រង្ស៊ី នៅ​ក្នុង​ក្រុង​កំពង់ឆ្នាំង។

សេចក្តី​សម្រេច​របស់ គ.ជ.ប. គឺ​ជា​ការ​តម្កល់​សេចក្ដី​សម្រេច​​របស់​គណៈកម្មការ​រៀប​ចំការ​បោះ​ឆ្នោត​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​បដិសេធ​បណ្តឹង​នោះ​ម្តង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១០១២។ ដោយ​មិន​សុខ​ចិត្ត​នឹង​សេចក្តី​សម្រេច​ទាំង​ពីរ​លើក​នេះ​ ទើប​គណបក្ស សម រង្ស៊ី បន្ត​ប្តឹង​ជំទាស់​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

តំណាង​គណបក្ស សម រង្ស៊ី ដែល​ទទួល​បន្ទុក​រឿង​ក្តី​នេះ លោក ហ៊ីង យឿន បាន​ចូល​ទៅ​បំភ្លឺ​ក្នុង​សវនាការ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ លោក​មាន​ប្រសាសន៍​ថា សេចក្តី​សម្រេច​ដែល​បិទ​ផ្លូវ​តវ៉ា​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​គឺ​ពុំ​មាន​យុត្តិធម៌​សម្រាប់​គណ​បក្ស​របស់​លោក។

លោក ហ៊ីង យឿន៖ «មន្ត្រី​សាធារណៈ​ហ្នឹង​​អនុវត្ត​​​តែ​ច្បាប់​ណា​គាប​​សង្កត់​គណបក្ស សម រង្ស៊ី ទេ ច្បាប់​ណា​​ដែល​មិន​គាប​សង្កត់ គណបក្ស​ប្រជាជន​ផ្សព្វ​​ផ្សាយ​តាម​ប្រព័ន្ធ​ឃោសនា វិទ្យុ​ ទូរទស្សន៍​រាល់​ថ្ងៃ​ គេ​មិន​យក​ទៅ​អនុវត្ត​ទេ មិន​ឃាត់​ឃាំង​​គណបក្ស​ប្រជាជ​នទេ​ ទោះ​បី​យ៉ាង​ណា ជា​ដំណាក់កាល​បិទ​ការ​តវ៉ា​ហើយ​ យើង​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទៀត​ទេ មា​នតែ​ជម្រាប​ប្រជាពលរដ្ឋ​ថា ភាព​អយុត្តិធម៌​នៅ​កម្ពុជា មាន​ជា​រៀង​រហូត»

នៅ​ក្នុង​បណ្ដឹង​គណបក្ស​ សម រង្ស៊ី បាន​ទាម​ទារ​អោយ​ផ្ដន្ទាទោស​មន្ត្រី ៣​រូប មាន​ឈ្មោះ សំ សុទ្ធី អធិការ​នគរបាល​ក្រុង​កំពង់ឆ្នាំង ញ៉ោក ប៊ុនធី ប្រធាន​ប៉ុស្តិ៍​នគរបាល​ផ្សារ​ឆ្នាំង ស៊ុំ សុជាតិ ជា​មន្រ្តី​នគរបាល ដោយ​ទាមទារ​លុប​ឈ្មោះ​ពួកគេ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត និង​ពិន័យ​ប្រាក់​ក្នុង​ម្នាក់ៗ ២៥​លាន​រៀល។

បណ្តឹង​នោះ​រំលឹក​ថា កាល​ពីថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២ មន្ត្រី​នគរបាល​ទាំង​បី​នាក់​នេះ​បាន​ដឹក​នាំ​កំលាំង​ចម្រុះ​ទៅ​ហាម​ឃាត់​ការ​ចាក់​ផ្សាយ​វីដេអូ ឃោសនា​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​របស់​​គណបក្ស សម រង្ស៊ី នៅ​កំពង់ផែ​ដើមពោធិ៍ ក្នុង​សង្កាត់​ផ្សារឆ្នាំង និង​នៅ​បេន​រ៉ឺម៉ក​ផ្សារ​លើ ក្រុង​កំពង់ឆ្នាំង។ ហើយ​បើ​តាម​ការ​អង្កេត​របស់ គ.ជ.ប. រក​ឃើញ​ថា ការ​បញ្ចាំង​រូប​ភាព​ឃោសនា​របស់​គណបក្ស សម រង្ស៊ី នោះ គឺ​មិន​បាន​ផ្តល់​ដំណឹង​អោយ​បាន ៣​ថ្ងៃ​ជា​មុន ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​សមា​ជិក​ព្រឹទ្ធ​សភា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។