បក្ស​សម​រង្ស៊ី​បដិសេធ​ព័ត៌មាន​ថា​សមាជិក​ខ្លួន​ជាង​៦​ពាន់​នាក់​ចុះ​ចូល​បក្ស​ប្រជាជន

សារព័ត៌មាន​ក្នុង​ស្រុក​ខ្លះ​បាន​ផ្សាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ព្រៃវែង ទើប​តែ​ទទួល​បាន​សមាជិក​ថ្មី​ប្រហែល ៦​ពាន់​នាក់ ដែល​មក​ពី​គណបក្ស សម រង្ស៊ី។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ចាត់​ទុក​ថា ការ​ប្រកាស​ដំណឹង​នេះ ជា​ទង្វើ​ភូតភរ​កេង​ចំណេញ​ផ្នែក​នយោបាយ​របស់​គណបក្ស​ប្រជាជន។

0:00 / 0:00

ទាក់​ទង​ទៅ​នឹង​​ព័ត៌មាន​ដែល​ផ្សាយ​ថា សមាជិក​គណបក្ស សម រង្ស៊ី នៅ​ខេត្ត​ព្រៃវែង បាន​ចុះ​ចូល​គណបក្ស​ប្រជាជន​នៅ​ខេត្ត​ព្រៃវែង នោះ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា បាន​ចាត់​ទុក​ថា រឿង​នេះ​ជា​ព័ត៌មាន​មិន​ពិត។

ក៏​ប៉ុន្តែ​លោក យឹម សុវណ្ណ បញ្ជាក់​ថា តាម​ពិត មាន​អតីត​សមាជិក​ជាន់​ខ្ពស់ ២​រូប​​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ប្រាកដ​មែន ប៉ុន្តែ​ពួក​គាត់​ត្រូវ​បាន​គណបក្ស សម រង្សី លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​សមាជិក​តាំង​ពី​ពេល​មុន​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​មក​ម្ល៉េះ។

លោក យឹម សុវណ្ណ បន្ត​ថា គ្មាន​សមាជិក​គណបក្ស សម រង្សី ជាង ៦​ពាន់​នាក់​ឯ​ណា​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​ឡើយ៖ «ស្គាល់​តែ​ពីរ​នាក់​ទេ មាន​ពឹង​សំណាង និង ឃិន វីរៈ សុទ្ធ​តែ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​ស្រាប់​តែ​ម្នាក់​ពីរ​នាក់​ទេ​ដែល​ចូល។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​កត់​សម្គាល់ ដូច​ជា​គណបក្ស​ប្រជាជន គេ​ប្រកាស​ថា មាន​សមាជិក ៦​លាន ប៉ុន្តែ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​មាន​តែ​ជាង​បី​លាន​នាក់​ទេ ក៏​ប៉ុន្តែ​គណបក្ស សម រង្ស៊ី មាន​សមាជិក ៥​សែន​នាក់ ដល់​បោះ​ឆ្នោត​បាន​សំឡេង​ដល់​ទៅ​ជាង​មួយ​លាន​នាក់​នេះ នោះ​ជា​ល្បិចកល​នយោបាយ​​ដើម្បី​បំភាន់​មតិ​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ»

ទោះ​ជា​យ៉ាង​នេះ​ក្តី អនុ​ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត​ព្រៃវែង លោក សុខ ស៊ឺន មាន​ប្រសាសន៍​ថា ពិត​ជា​មាន​សមាជិក​ចូល​ថ្មី​ជាង ៦​ពាន់​នាក់​មែន តែ​មិន​មែន​មក​ពី​គណបក្ស សម រង្ស៊ី ទាំង​អស់​ទេ គឺ​មក​ពី​គ្រប់​គណបក្ស​នៅ​ទូទាំង​ខេត្ត។

លោក​បន្ត​ថា គណបក្ស​ប្រជាជន​គ្មាន​គោលនយោបាយ​បោកប្រាស់​ប្រជាជន​ឡើយ៖ «ការ​លើក​ឡើង​ជា​សិទ្ធិ​របស់​គេ តាម​ការ​ពិត​គ្រប់​គណបក្ស​គេ​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន ព្រោះ​ឃើញ​គោលនយោបាយ​មាន​ការ​អភិវឌ្ឍ»

ការ​ផ្លាស់ប្ដូរ​ជំហរ​នយោបាយ​របស់​មន្ត្រី​បក្ស​នយោបាយ ឬ​ប្រជាពលរដ្ឋ ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​មាន​តួនាទី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ចាត់​ទុក​ថា ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ​ជា​ទូទៅ​គេ​កម្រ​ឃើញ​មន្ត្រី​បក្ស​ប្រជាជន​ទៅ​ចុះ​ចូល​បក្ស​នយោបាយ​ផ្សេង​ទៀត​ណាស់។

ប្រធាន​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ចេញ​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ​របស់​​​ប្រជាពលរដ្ឋ មិន​មែន​ជា​រឿង​សំខាន់​ឡើយ។

លោក គល់ បញ្ញា៖ «ខ្ញុំ​គិត​ថា ដើម្បី​ផលប្រយោជន៍ គេ​គួរ​ណាស់​តែ​និយាយ​ពី​រឿង​គោលនយោបាយ​របស់​គណបក្ស​នីមួយៗ និង​ការ​សន្យា​របស់​បេក្ខជន ព្រម​ទាំង​ពិនិត្យ​បេក្ខជន​ណា​ខ្លះ​ដែល​មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា ជជែក​រឿង​ហ្នឹង​វិញ​ល្អ​ជាង»

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា យល់​ថា ការ​បង្ហាញ​ពី​តួលេខ​ចំនួន​អ្នក​គាំទ្រ​របស់​គណបក្ស​នីមួយៗ ជា​ការ​ទាក់ទាញ​ប្រជាប្រិយភាព​ក្នុង​រដូវ​បោះ​ឆ្នោត។

សកលវិទ្យាធិការ​នៃ​សកលវិទ្យាល័យ​ខេមរៈ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា នៅ​ពេល​ជិត​បោះ​ឆ្នោត គណបក្ស​នីមួយៗ​តែង​តែ​រុញ​ច្រាន​ពាក្យ​សម្ដី​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​បើ​គណបក្ស សម រង្ស៊ី យល់​ថា រឿង​នេះ​ជា​ការ​រៀបចំ គេ​អាច​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​បាន។

លោក​បណ្ឌិត​បន្ត​ថា ការ​ឃោសនា​នយោបាយ​មិន​ខុស​ពី​ការ​ឃោសនា​លក់​ទំនិញ​ទេ៖ «បើ​សិន​គណបក្ស សម រង្ស៊ី មាន​អត្តសញ្ញាណ​របស់​វា​ដូច​ជា​កាត​គណបក្ស ទី​២ ជា​យុទ្ធសាស្ត្រ ធម្មតា​ជិត​បោះ​ឆ្នោត​គណបក្ស​នយោបាយ​នីមួយៗ តែងតែ​ព្យាយាម​ធ្វើ​ម៉េច​ឲ្យ​គេ​យល់​ថា ល្អ នយោបាយ​គេ​បំបាក់​ខាង​ផ្លូវ​ចិត្ត​នេះ​ហើយ និង​ធ្វើ​អី​មួយ​ឲ្យ​មាន​រលក​នយោបាយ ដើម្បី​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ច្រើន​ឡើង»

ទាក់​ទង​រឿង​បក្ស​នយោបាយ​ទាក់​ទាញ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ថា អ្នក​គាំទ្រ​លោក​មាន​ចំនួន​លើស​ពី ៦០% ប៉ុន្តែ​លោក កឹម សុខា បាន​ឆ្លើយ​តប​នៅ​ថ្ងៃ​ទី​៦ ខែ​ឧសភា ថា អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ពិត​ប្រាកដ​ប្រហែល ៣០%។
ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​របស់ គ.ជ.ប. ជា​ភស្តុតាង​តែ​មួយ​គត់​ដែល​បង្ហាញ​ពី​ចំនួន​អ្នក​គាំ​ទ្រ​គណបក្ស​នីមួយៗ​ពិត​ប្រាកដ ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៣ នា​ពេល​ខាង​មុខ បើ​សិន​ជា​ការ​បោះ​ឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។