មន្ត្រី​ក្រសួង​មហាផ្ទៃ​បដិសេធ​សំណើ​បក្ស​ប្រឆាំង​លើ​ការ​កែទម្រង់ គ.ជ.ប

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា បាន​ជួប​ចរចា​រយៈពេល ២ម៉ោង នៅ​ក្រសួង​មហាផ្ទៃ ផ្ដោត​លើ​ការ​កែទម្រង់​នៃ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​មុន​ពេល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។
ដោយ សុខ សេរី
2012-09-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រំ សុខា ៣០៥
រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា (កណ្ដាល) ធ្វើ​សន្និសីទ​កាសែត ស្ដីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Sok Serey

ការ​ចរចា​នោះ គឺ​ភាគី​ទាំង​ពីរ​មិន​បាន​ចុះ​សម្រុង​គ្នា​ទេ ដោយ​សារ​តែ​ភាគី​នីមួយៗ​មាន​ហេតុផល​រៀងៗ​ខ្លួន និង​ជំហរ​ដាច់​ខាត​រៀងៗ​ខ្លួន​ដែរ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​សំណើ​រួម​គ្នា​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​បាន​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កែទម្រង់​សមាសភាព​របស់ គ.ជ.ប ដោយ​សំអាង​ថា គឺ​ជា​សំណើ​ដដែល​ដូច​ពេល​មុនៗ​ដែរ និង​ជា​ការ​មិន​ចាំបាច់​ឡើយ។

ការ​បដិសេធ​នេះ គឺ​ក្រោយ​ពី​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា តំណាង​ឲ្យ​លោក ស ខេង បាន​ទទួល​ជួប​ចរចា​ជាមួយ​លោក យឹម សុវណ្ណ និង​លោក គួយ ប៊ុនរឿង មក​ពី​គណបក្ស សម រង្ស៊ី និង​លោក ម៉ៅ មុន្នីវណ្ណ និង​លោក អ៊ូ ច័ន្ទរិទ្ធិ មក​ពី​គណបក្ស សិទ្ធិ​មនុស្ស នៅ​ឯ​ក្រសួង​មហាផ្ទៃ។

គោល​បំណង​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស សុំ​ឲ្យ​កែទម្រង់ គ.ជ.ប នោះ គឺ​ចង់​ឲ្យ គ.ជ.ប មាន​ភាព​ឯករាជ្យ អព្យាក្រឹត្យ និង​ទុក​ចិត្ត​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ។

យឹម សុវណ្ណ ៣០៥
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ (ឆ្វេង) ធ្វើ​សន្និសីទ​កាសែត ស្ដីពី​កំណែ​ទម្រង់ គ.ជ.ប នៅ​គណបក្ស សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១២។ RFA/Sok Serey

ចំណុច​សំខាន់ៗ​ដែល​ភាគី​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​នោះ គឺ​ភាគី​ក្រសួង​មហាផ្ទៃ បាន​ចោទ​ប្រកាន់​ថា សំណើ​សុំ​ឲ្យ​កែទម្រង់​សមាសភាព គ.ជ.ប នោះ គឺ​បង្ក​ឲ្យ​មាន​ហានិភ័យ​ខ្ពស់ ដូច​ជា​អស្ថិរភាព​ជាតិ និង​អស្ថិរភាព​នយោបាយ និង​រាំងស្ទះ​ដល់​ការ​បោះ​ឆ្នោត​ជាដើម។ ចំណែក​ឯ​ភាគី​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ក៏​បាន​ចោទ​ប្រកាន់​វិញ​ថា ការ​មិន​ព្រម​កែទម្រង់ គ.ជ.ប នោះ គឺ​បង្ក​ឲ្យ​មាន​អស្ថិរភាព​ជាតិ មិន​មាន​ការ​ឯកភាព​ជាតិ និង​បង្ក​ជម្លោះ​ហិង្សា​នយោបាយ​ជាដើម។

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ព្រំ សុខា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​មហាផ្ទៃ​ថា ក្រសួង​មហាផ្ទៃ​បាន​កែទម្រង់​សមាសភាព គ.ជ.ប នោះ​ជាច្រើន​លើក​រួច​មក​ហើយ តាម​សំណើ​គណបក្ស​ប្រឆាំង តាំង​ពី​ឆ្នាំ​១៩៩៨ មក។ សំណើ​ថ្មីៗ​នេះ គឺ​រឿង​ដដែលៗ៖ «ឲ្យ​មាន​ការ​កែ​លំអ គ.ជ.ប តាម​បែប​ហ្នឹង គឺ​ធ្វើ​ឲ្យ គ.ជ.ប ហ្នឹង​គាំង ធ្វើ​ឲ្យ​ដំណើរ​ការ​បោះ​ឆ្នោត​គាំង ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ ស្ថិរភាព​សង្គម។ មក​ដល់​ថ្ងៃ​នេះ ប្រជាពលរដ្ឋ​យល់​ថា ការ​បោះ​ឆ្នោត ដូច​អត់​មាន​អ្វី​រាំងស្ទះ​ទេ»

ផ្ទុយ​ពី​ការ​អះអាង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ​ដែល​បាន​ដឹកនាំ​គណៈប្រតិភូ​ចូល​រួម​ចរចា​នោះ បាន​មាន​ប្រសាសន៍​នៅ​គណបក្ស សម រង្ស៊ី ថា គណបក្ស​ប្រឆាំង​ទាំង​ពីរ នឹង​ពិចារណា​អំពី​ការ​ដក​ខ្លួន​ចេញ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ បើ​សិន​ណា​មិន​មាន​ការ​សម្រប​សម្រួល ឬ​ដំណោះស្រាយ​នយោបាយ​ណា​មួយ​ទេ៖ «ឥឡូវ​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន អន្តរជាតិ គណបក្ស​នយោបាយ​ភាគ​ច្រើន លើក​លែង​តែ​គណបក្ស​កាន់​អំណាច ហើយ​និង​សង្គម​ស៊ីវិល បាត់​ជំនឿ​ទៅ​លើ​ស្ថាប័ន គ.ជ.ប នេះ អ៊ីចឹង​យើង​ត្រូវ​តែ​កែទម្រង់ ដើម្បី​បង្ក​នូវ​ជំនឿ​ការ​ទុក​ចិត្ត​មក​លើ​ស្ថាប័ន​មួយ​នេះ ហើយ​យើង​នឹង​កាត់​បន្ថយ​ជម្លោះ​ថែម​ទៀត»

ការ​ស្នើសុំ​ឲ្យ​កែទម្រង់​សមាសភាព គ.ជ.ប នោះ គឺ​ផ្នែក​តាម​ច្បាប់​បោះ​ឆ្នោត​ដែល​តម្រូវ​ឲ្យ​ក្រសួង​មហាផ្ទៃ​ធ្វើ​ការ​កែទម្រង់ គ.ជ.ប ក្នុង​រយៈពេល​៩ខែ មុន​ការ​បោះ​ឆ្នោត​សកល នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ស្រប​ពេល​នេះ​ដែរ លោក ព្រំ សុខា បាន​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយក​រដ្ឋមន្ត្រី បាន​ធ្វើ​បញ្ជី​ឈ្មោះ​សមាសភាព ដើម្បី​កែទម្រង់ គ.ជ.ប នោះ​ហើយ ដើម្បី​ដាក់​បញ្ជី​នោះ​ជូន​រដ្ឋាភិបាល​សម្រេច។

កន្លង​មក មេ​ដឹកនាំ​គណបក្ស សម រង្ស៊ី លោក សម រង្ស៊ី និង​មេ​ដឹកនាំ​គណបក្ស សិទ្ធិ​មនុស្ស លោក គឹម សុខា បាន​ធ្វើ​យុទ្ធនាការ​នៅ​ក្រៅ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក ជាដើម ឲ្យ​គាំទ្រ​ឲ្យ​មាន​ការ​កែទម្រង់ គ.ជ.ប និង​បើក​ផ្លូវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា វិញ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ភ្នែកទិព្វត្រចៀកទិព្វនិងមាត់ទិព្វ

ពី ឥន្ទបត្តបូរី

គជបជាសន្លឹកអាត់ទី១និងប្រជាជនយួនជាសន្លឹកអាត់ទិ២សំរាប់គណៈបក្សប្រជាជនលេងនៅពេលបោះឆ្នោត!មិនមែនល្បិចបួនសន្លឹកទេគឺ៥​សន្លឹក មិនបាច់សង្ឃឹមការបោះឆ្នោតវាមិនខុសពិតុលារការខ្មែរក្រហម
ជាគំរូស្រាប់!!!

Sep 22, 2012 08:11 PM

អ្នកឈរមើល

គជបជាសន្លឹកអាត់ទី១និងប្រជាជនយួនជាសន្លឹកអាត់ទិ២សំរាប់គណៈបក្ស
ប្រជាជនលេងនៅពេលបោះឆ្នោត!!!មិនមែនល្បិចបួនសន្លឹកទេគឺ៥​សន្លឹក មិនបាច់សង្ឃឹមការបោះឆ្នោតវាមិនខុសពិតុលារការខ្មែរក្រហម
ជាគំរូស្រាប់!!!

Sep 22, 2012 08:07 PM

Sk

ពី LV

ការផ្តូរពីអាក្រក់មកល្អ រឿងអីដែលមានបញ្ហា!​ រឺមួយ​ ស ខេង ខ្លាចមិនបានធ្វើឧបនាយករដ្ឋមន្រី្តរបស់លោកហ៊ុន សែន​ តទៅទៀត។ ពួកស្រលាញ់អំណាចផ្កាប់មុខ។

Sep 22, 2012 06:57 AM

Kosal

ពី Phnom Penh

សូមលោក ស ខេង មេត្តាពិចារណាឡើងវិញ។ សូមលោកក្រលេកមើលបណ្តាលប្រទេសលោកខាងលិចផង។ តើអ្វីទៅជាលទ្ឋិប្រជាធិប្បតេយ្យ?

Sep 21, 2012 11:34 PM

Vuth Lee

ពី Lowell, Massachusetts,U.S.A

Hun Sen! Mam Sonando is illegally imprisoned by you. Sam Rainsi is self-exiled in France because you. Chhuth Vuthy is killed for trying to protect our forest, that's you. Bun Ratha is escaped, that's also you. Hun Sen! I'm pretty sure, you are going to win this coming election-2013. Hun Sen! Reform the election body now, you will be re-elected and your family-styled-government will be absolutely belong to you anyway. Don't be afread, because those who were againsted you either escaped, killed, and self-exiled in France. Hun Sen! if you are a real strong man, please have this corrupted national election committee replaced now. Don't be so coward like chicken.

Sep 21, 2012 06:03 AM

មើល​មតិ​ទាំង​អស់.