បក្ស​ប្រឆាំង​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កែប្រែ​សមាសភាព គ.ជ.ប

គណបក្ស​ប្រឆាំង​២​នៅ​កម្ពុជា បាន​ចាត់​ទុក​ការ​កែ​ទម្រង់​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) គឺ​ជា​ប្រការ​ចាំ​បាច់ និង​បន្ទាន់ ដែល​ត្រូវ​ធ្វើ​នៅ​មុន​ការ​បោះ​ឆ្នោត​ដ៏​សំខាន់​នេះ។
ដោយ សុ ជីវី
2012-09-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
យឹម សុវណ្ណ ៣០៥
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បង្ហាញ​របាយការណ៍​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ស្ទួន​របស់​មន្ត្រីរាជការ នៅ​ទី​ស្នាក់​ការ​គណបក្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/So Chivy

គណបក្ស​ប្រឆាំង​ចំនួន​ពីរ គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ស្នើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កែប្រែ​សមាសភាព គ.ជ.ប និង​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ធានា​អោយ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដែល​អាច​អោយ​គណបក្ស​នយោបាយ មតិ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​ជា​ពិសេស​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត។

លិខិត​រួម​គ្នា​របស់​គណបក្ស សម រង្សី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​ផ្ញើ​ជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា បាន​លើក​ឡើង​ថា សមាសភាព​របស់ គ.ជ.ប ដែល​បាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នា​ពេល​កន្លង​មក ពុំ​ទទួល​បាន​ការ​ទុក​ចិត្ត​ពី​គណបក្ស​នយោបាយ សាធារណជន​ជាតិ និង​អន្តរជាតិ ថា​បាន​បំពេញ​តួនាទី​ដោយ​ឯករាជ្យ អព្យាក្រឹត្យ និង​យុត្តិធម៌​ឡើយ។

អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​អោយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ គឺ​ចាំ​បាច់​ត្រូវ​អោយ​មាន​ការ​កែ​សម្រួល គ.ជ.ប ទៅ​តាម​រូបមន្ត​ដែល​គណបក្ស​ប្រឆាំង​ទាំង២​បាន​ស្នើ​ឡើង៖ «ដើម្បី​ធានា​ថា សមាសភាព​នោះ​នឹង​ត្រូវ​បាន​ជ្រើស​រើស​ឡើង បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​តម្លាភាព ឯករាជ្យ អព្យាក្រឹត​មិន​លំអៀង​ទៅ​រក​គណបក្ស​ណា។ រួច​ហើយ​បាន​បញ្ជូន​សមាសភាព​ហ្នឹង​ទៅ​ប្រថាប់​ត្រា​នៅ​សភា»

រូបមន្ត​ដែល​បាន​ស្នើ​ឡើង​នោះ រួម​មាន​សមាសភាព គ.ជ.ប មាន​៩រូប ត្រូវ​ជ្រើស​រើស​ដោយ​គណៈកម្មការ​មួយ ដែល​មក​ពី​គ្រប់​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​ក្នុង​សភា ចំណែក​សមាសភាព​របស់​គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត និង​គណៈកម្មការ​ការិយាល័យ​រៀបចំ​ការ​បោះ​ឆ្នោត ត្រូវ​មាន​ចំនួន​៧​រូប មក​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា គណបក្ស​ប្រឆាំង​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​ឡើង​នូវ​គំនិត​របស់​ពួក​គេ ប៉ុន្តែ​ចំពោះ​ការ​អនុវត្ត គឺ​ត្រូវ​ធ្វើ​តាម​ច្បាប់​ជា​ធរមាន៖ «ជា​សិទ្ធិ​របស់​គាត់​ដែល​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​សេរី លោក​អាច​បញ្ចេញ​មតិ​បាន​ទាំង​អស់»

ក្នុង​មាត្រា​១៣ នៃ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ បាន​ចែង​ថា ក្រសួង​មហា​ផ្ទៃ​មាន​កាតព្វកិច្ច​ដាក់​ជូន​គណៈរដ្ឋមន្ត្រី​នូវ​សេចក្ដីព្រាង​សមាសភាព គ.ជ.ប យ៉ាង​តិច​១១​ខែ មុន​ថ្ងៃ​បោះ​ឆ្នោត។

បើ​ទោះ​ជា​យ៉ាង​ណា នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ក៏​មាន​ការ​អះអាង​ថា គេ​តែង​អោយ​មាន​ការ​ពិភាក្សា​ក្នុង​ចំណោម​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា ពី​វិធីសាស្ត្រ​ក្នុង​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប ដែរ។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ការ​ស្នើ​ឡើង​នូវ​វិធីសាស្ត្រ​នៃ​ការ​ជ្រើស​រើស​សមាសភាព គ.ជ.ប គឺ​ជា​ការ​រួម​ចំណែក​របស់​គ្រប់​ភាគី​ទាំង​អស់។ លោក គល់ បញ្ញា បន្ត​ថា ការ​ពិភាក្សា​ក្នុង​ចំណោម​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា គួរ​តែ​បន្ត​ធ្វើ​សម្រាប់​ការ​ជ្រើស​រើស​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​គ្រប់​លំដាប់​ថ្នាក់។

លោក គល់ បញ្ញា៖ «ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ឆ្នាំ​២០០៦ កន្លង​មក មាន​របៀប​ជជែក​គ្នា​ក្នុង​ចំណោម​គណបក្ស។ ប៉ុន្តែ​បញ្ហា​គឺ​ការ​ជជែក​គ្នា​លើក​មុន​ហ្នឹង ភាគ​ច្រើន​គេ​ឃើញ​ថ្នាក់​ជាតិ។ តែ​ឥឡូវ​ហ្នឹង គេ​ត្រូវ​ជជែក​ទៅ​ដល់​ថ្នាក់​PEC (គណៈកម្មការ​រាជធានី-ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត) ថ្នាក់​CEC (គណៈកម្មការ​ឃុំ-សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត) អ៊ីចឹង​ទៅ ថា​តើ​ធ្វើ​ម៉េច​ធានា​អោយ​សមាសភាព​ហ្នឹង​គេ​អាច​ទុក​ចិត្ត​បាន»

លោក សុរិយា ស៊ូប៊ែឌី (Surya P. Sobedy) អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ក៏​បាន​ចាត់​ទុក​ការ​កែទម្រង់ គ.ជ.ប គឺ​ជា​ចំណុច​សំខាន់​នៅ​ក្នុង​របាយការណ៍​របស់​លោក ដែល​គ្រោង​នឹង​ដាក់​ជូន​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ។

បច្ចុប្បន្ន គ.ជ.ប មាន​សមាសភាព​៩រូប គឺ​ប្រធាន​១​រូប អនុប្រធាន​១រូប និង​សមាជិក​ចំនួន​៧​រូប ហើយ​គណៈកម្មាធិការ​នេះ​នឹង​ត្រូវ​តែងតាំង​ជា​ថ្មី ដោយ​ព្រះរាជក្រឹត្យ​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​តិច​៩ខែ មុន​ថ្ងៃ​បោះ​ឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី សៀម​រាប

បើមិនដូរសមាសភាពគ.ជ.ប ទេ បោះឆ្នោត ១០០ដង គឺគណបក្សcpp ឈ្នះទាំង១០០ដង។

Sep 02, 2012 05:47 AM

DARA

ពី STOCKTON

Mr. Makara, you are discouraging the United Nation not to step in to create an incoming independence Khmer national election that will be held on July 28, 2013. UN must do their work if needed by opposition parties and their people. The most important is first...

Sep 01, 2012 10:35 AM

សីហា

ពី បាត់ដំបង

អយុត្តិធម៌ ពិតជាមាន ប៉ុន្តែមិនដឹងថាបក្សមួយណាទទួលនូវភាពអយុត្តិធម៌នេះ។ ពេលនេះមានតែអ្នកប្រព្រឹតប៉ុណ្ណេាះដែលដឹងច្បាស់!!!

Sep 01, 2012 10:03 AM

មករា

ពី ភ្នំពេញ

តើអង្គការសហប្រជាជាតិមានអំណាចអ្វី??????
បញ្ហារាប់លានជំពូក អង្គការសហប្រជាជាតិ ដោះស្រាយ
មិនចេញផង គេមានពេលទំនេរណាស់ទៅរឺអី????????

Sep 01, 2012 08:32 AM

CheyVorman007

ពី AngKor Wat

តាមស្តាប់ទៅយល់ថាលោក ស ខេង មានតួរនាទីជាអ្នក
សំរេចរាល់កិច្ចការក្នុងក្រសួងនហាផ្ទៃ ដូចនេះយើងអាចដឹង
ថាគាត់ធំជាងគេនៅសន្ថាបណ្ណ័នោះលើលោកផ្កាយពីរទៅទៀត តែខ្មុំបារម្មណ៏ខ្លាចមានលោកខែបក្សអង្ការបាំងពពកចាំលត់គាត់ទៀតហ្ន?រួចចេះតែឆ្លើយថាច្បាប់ៗបន្លប់វិញ(​​ខ្មុំដឹងហើយថា
ក្នុងក្រសួងនិមួយៗគេធ្វើការតាមមុខសញ្ញា តែទុកចិត្តមិនបាន
ទេស្មែរ យ៉ាងម៉េចដែលហៅថានយោបាយឈ្នះឈ្នះ?)

Sep 01, 2012 07:35 AM

មើល​មតិ​ទាំង​អស់.