គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ថ្ងៃ​ទី​២០

មន្ត្រី​បក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រសូត​ចេញ​ពី​ការ​រួបរួម​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស នឹង​ចុះ​ឈ្មោះ​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ចន្ទ ទី​២០ ខែ​សីហា ឆ្នាំ​២០១២។
ដោយ ដែន អយុធ្យា
2012-08-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
srp_hrp305
រូប​សញ្ញា​គណ​បក្ស​សម​រង្ស៊ី និង​គណ​បក្ស​សិទ្ធិ​មនុស្ស
Photo: RFA

អ្នក​វិភាគ​នយោបាយ​សង្គម បាន​ចាត់​ទុក​ការ​បង្កើត​គណបក្ស​ថ្មី​រួម​គ្នា​របស់​បក្ស​ប្រឆាំង​ទាំង​ពីរ​នេះ ជា​ពន្លឺ​ឈាន​ទៅ​រក​ជ័យ​ជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ខាង​មុខ។

គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១២ បាន​រៀបចំ​សមាសភាព​មាន​សមាជិក​ចំនួន​៨៥​នាក់ ដើម្បី​បង្កើត​គណបក្ស​ថ្មី​មួយ មាន​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លោក ប៉ុល ហំម មន្ត្រី​នាំ​ពាក្យ​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​១៧ ខែ​សីហា ថា គណបក្ស​ទាំង​ពីរ​បាន​ជ្រើស​តាំង​គណៈកម្មាធិការ​គណបក្ស​បណ្ដោះ​អាសន្ន​ចំនួន​៧រូប សម្រាប់​គណបក្ស​ថ្មី គឺ​មក​ពី​គណបក្ស សម រង្ស៊ី ៤រូប និង​បក្ស សិទ្ធិ​មនុស្ស ៣​រូប ធ្វើ​ជា​ថ្នាក់​ដឹកនាំ ដើម្បី​រៀបចំ​ឯកសារ​ចុះ​បញ្ជី​គណបក្ស​នៅ​ក្រសួង​មហាផ្ទៃ។

លោក ប៉ុល ហំម ឲ្យ​ដឹង​ថា លោក សម រង្ស៊ី ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​គណៈកម្មាធិការ​បណ្ដោះ​អាសន្ន​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បង្កើត​ថ្មី ហើយ​រូប​លោក​ជា​អនុប្រធាន។

លោក សម រង្ស៊ី និង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន បាន​ព្រមព្រៀង​ចុះ​ហត្ថលេខា​បង្កើត​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង ក្នុង​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ។

ការ​បង្កើត​ចលនា​នេះ ដើម្បី​ឈាន​ទៅ​បង្កើត​បក្ស​ថ្មី​មួយ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។

ប៉ុន្តែ ចលនា​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ចំអក និង​ប្រដូច​សម្ព័ន្ធភាព​គណបក្ស​ប្រឆាំង​ទៅ​នឹង​ព្យុះ​ក្នុង​ក្អម ហើយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រួយ​បារម្ភ ឬ​ព្រឺព្រួច​ចំពោះ​ចលនា​សង្គ្រោះ​ជាតិ​នេះ​បន្តិច​ណា​ទេ។

លោក ហ៊ុន សែន គ្មាន​ជំនឿ​ថា សម្ព័ន្ធភាព​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស អាច​មាន​អាយុ​កាល​វែង​ទេ ព្រោះ​នឹង​មាន​ជម្លោះ​បែក​បាក់​ដណ្ដើម​តួនាទី​ផ្តល់​ជូន​សមាជិក​បក្ស​តែ​រៀងៗ​ខ្លួន។

ទោះ​លោក ហ៊ុន សែន បាន​ចំអក​បែប​នេះ​ក្តី ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​យល់​ថា ប្រមុខ​ដឹកនាំ​កំពុង​ភ័យ​បារម្ភ​ចំពោះ​សម្ព័ន្ធភាព​រវាង​គណបក្ស​ប្រឆាំង​ទាំង​ពីរ។

ត្រង់​ចំណុច​នេះ លោក ប៉ុល ហំម ថ្លែង​ថា ទោះ​លោក ហ៊ុន សែន ប្រកាស​ក្ដែងៗ​ថា​មិន​ភ័យ​ខ្លាច​សម្ព័ន្ធភាព ឬ​ចលនា​សង្គ្រោះ​ជាតិ​របស់​គណបក្ស​ប្រឆាំង​ក្តី តែ​ក្នុង​ដួង​ចិត្ត​លោក​ព្រួយ​បារម្ភ​ពេក​ក្រៃ។

បញ្ហា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ​សង្គម​មិន​បង្ហាញ​អត្តសញ្ញាណ​ម្នាក់ បាន​ថ្លែង​ថា បើ​ចលនា​សង្គ្រោះ​ជាតិ របស់​គណបក្ស​ប្រឆាំង​អាច​បង្កើត​គណបក្ស​ថ្មី​មួយ​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥​មែន​នោះ បក្ស​ថ្មី​នោះ​នឹង​មាន​សំឡេង​គាំទ្រ​ប្រដំប្រសង​គ្នា​ជាមួយ​បក្ស​កាន់​អំណាច ឬ​អាច​ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​ថែម​ទៀត បើ​ការ​បោះ​ឆ្នោត​គ្មាន​ការ​គំរាមកំហែង មាន​ឯករាជ្យ និង​មាន​យុត្តិធម៌​នោះ។

លោកស្រី មូរ សុខហួរ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស សម រង្ស៊ី ក៏​បាន​ឲ្យ​ដឹង​ថា គណបក្ស​ថ្មី​ប្រសូត​ពី​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស សម រង្ស៊ី និង​បក្ស សិទ្ធិ​មនុស្ស បាន​លេច​ចេញ​ជា​រូបរាង​ហើយ មាន​ឈ្មោះ​ថា គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រៀម​ទៅ​ចុះ​បញ្ជី​ផ្លូវ​ការ​នៅ​ក្រសួង​មហាផ្ទៃ​ឲ្យ​ស្រប​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ នៅ​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​ខាង​មុខ។

លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និចហ្វិក (Nicfec) លោក​មិន​វិភាគ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​រវាង​គណបក្ស​កាន់​អំណាច ឬ​បក្ស​ប្រឆាំង​មួយ​ណា​មាន​ប្រៀប​ជាង​បក្ស​ណា​ទេ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។ ប៉ុន្តែ​លោក​ថា បើ​ការ​បោះ​ឆ្នោត​មាន​ភាព​យុត្តិធម៌ គ្មាន​ការ​គំរាមកំហែង និង​មាន​ឯករាជ្យ គណបក្ស​ថ្មី​ដែល​កើត​ពី​សម្ព័ន្ធភាព​បក្ស​ប្រឆាំង​អាច​មាន​សំឡេង​គាំទ្រ​ច្រើន។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​បាន​អនុម័ត និង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ​១៩៩៧ ត្រង់​ជំពូក​ទី២ ស្ដីពី​ការ​បង្កើត​គណបក្ស​នយោបាយ កំណត់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ចំនួន​យ៉ាង​តិច​៨០​នាក់ មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ទៅ និង​មាន​ទីលំនៅ​ជា​អចិន្ត្រៃយ៍​ក្នុង​ប្រទេស​កម្ពុជា មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ ដោយ​គ្រាន់​តែ​ជូន​ដំណឹង​ជា​លាយ​លក្ខ​អក្សរ​ទៅ​ក្រសួង​មហាផ្ទៃ។

គណបក្ស​បង្កើត​ថ្មី ត្រូវ​បោះ​ឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​គណបក្ស​បណ្ដោះ​អាសន្ន​មាន​សមាជិក​យ៉ាង​តិច​៧រូប និង​មាន​អាយុ​យ៉ាង​តិច​២៥​ឆ្នាំ សម្រាប់​រៀបចំ​បែបបទ និង​បំពេញ​លក្ខខណ្ឌ នៃ​ការ​សុំ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​តាម​ការ​កំណត់ ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​៥ នៃ​ច្បាប់​ដើម្បី​ទទួល​សុពលភាព។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​ជំពូក​ទី​៣ មាត្រា​ទី​១៥ ក៏​បាន​កំណត់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ៗ​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​១ ក្នុង​ពេល​តែ​១​បាន​ទេ។ ក្នុង​ករណី​ដែល​បុគ្គល​មួយ​រូប​ចូល​ជា​សមាជិក​គណបក្ស​ដទៃ សមាជិក​ភាព​ក្នុង​គណបក្ស​នយោបាយ​ចុង​ក្រោយ​ត្រូវ​ចាត់​ទុក​ជា​បាន​ការ។

ដោយ​ឡែក​ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ត្រង់​ជំពូក​ទី​៥ បញ្ជាក់​ថា គណបក្ស​នយោបាយ​សុំ​ចុះ​បញ្ជី​គណបក្ស​ត្រូវ​មាន​សមាជិក​យ៉ាង​តិច​៤ពាន់​នាក់ មក​ពី​តាម​បណ្ដា​ខេត្ត-ក្រុង​នានា ក្នុង​ប្រទេស​កម្ពុជា។ សមាជិក​នោះ​មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​អាសយដ្ឋាន ស្នាម​មេដៃ មាន​ប័ណ្ណ​សមាជិក​គណបក្ស និង​កាល​បរិច្ឆេទ​ចូល​សមាជិក​ភាព​គណបក្ស​នយោបាយ​ឲ្យ​បាន​ច្បាស់​លាស់។

រីឯ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ជំពូក​ទី​៤ ត្រង់​មាត្រា​៣៤​ថ្មី បាន​កំណត់​ថា ពលរដ្ឋ​កម្ពុជា​ដែល​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ មាន​ដូច​ជា​ជន​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​បទ​ឧក្រិដ្ឋ ឬ​បទ​មជ្ឈិម និង​មិន​ទាន់​មាន​នីតិសម្បទា​ឡើង​វិញ ឬ​ជា​ជន​ត្រូវ​បាន​ផ្ដន្ទាទោស​ដក​សិទ្ធិ​បោះ​ឆ្នោត។

រីឯ​ជន​ដែល​ត្រូវ​ដក​ហូត​សិទ្ធិ​បោះ​ឆ្នោត ឬ​ជន​ត្រូវ​លុប​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន ផ្ដើម​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក៏​គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​​បាន​ដែរ។

កាល​បរិច្ឆេទ​នៃ​ការ​ចុះ​ឈ្មោះ​តំណាង​គណបក្ស​នយោបាយ ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១២។ ចំណែក​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

khemara

ពី Seoul

In the name of all workers in Korea, we need change in cambodia.

Aug 18, 2012 10:57 PM

អ្នក​អាន​អនាមិក

Cheer our New Party!!!!!!!!!!!!!!!! Our democracy is born strongly. And I hopefully think that this new party gonna win the next election coz people gain more acknowledgement about the bad ruling of the recent government. Human right abuses, land exploitation, corruption, freedom of speech, and nepotism are the failure for Phnom Penh government to win election.. Moreover, the land concession to neighboring countries for a long time, 99 years is a cool land losing to foreign countries, Vietnam because 99 years can be equal to two generations so the next kid won't be able know exactly how big our country is... and some land is located near the borders too, so it is easy for them to control dramatically.

Aug 17, 2012 08:40 PM

អ្នក​អាន​អនាមិក

lol ! គណបក្សសង្រ្គោះជាតិ !!!

Aug 17, 2012 05:11 PM

អ្នក​អាន​អនាមិក

ភាពអត់ការងារ ការអប់រំ បន្តាញផ្សព្វផ្សាយងករាជ្យ សុខមភាព ច្បាប់ការងារ ការប្រកាន់ពូជសាសន៏ ផ្លូវគ្មានគុណភាព សីលធម៏ក្នុងការធ្វើនយោបាយ សេវាកម្មរដ្ធ
ការផ្លាសប្តូរគំនិតអន់ថយរបស់ប្រជាជន អបិយជំនឿ សន្តិសុខ ការសូកប៉ាន់ ការបង់ពន្ធចូលរដ្ឆ...។​តើអស់លោកមានវិធានការណ៏យ៉ាងណា? សូមពន្យល់ជាលក្ខណះបច្ចេកទេសនយោបាយ។​

Aug 17, 2012 04:37 PM

Vuth Lee

Undeniable, it's clearly that Hun Sen must in the state of nervousness by acknowledges that the new party-the National Salvation Party is born. If play by the fair election rule, this new party is 100% going to win the 2013 coming election. Sam Raingsy and Kim Sokha had a very strong support by Khmer patriot inside Cambodia and abroad as well. Sam Raingsy and Kim Sokha also earned a firmly support from Europe and Americas politically and economically if get elected. Cambodia will see the real prosperity in all aspects after this new party in action. Long live the National Salvation Party!!!

Aug 17, 2012 04:09 PM

មើល​មតិ​ទាំង​អស់.