សម រង្ស៊ី បង្ហាញ​សកម្មជន​ដែល​ត្រូវ​បាន​គំរាម​ឲ្យ​ចូល​បក្ស​ប្រជាជន

2008-05-12

គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នៅ​ថៃ្ង​ច័ន្ទ​នេះ បាន​លាត​ត្រដាង​និង​បង្ហាញ​មុខ​សកម្មជន​សំខាន់​ៗ​របស់​ខ្លួន ១៥​នាក់ ដែល​គណបក្ស​នេះ​បាន​អះអាង​ថា ពួកគេ​បាន​រង​ការគំរាម អូស​ទាញ ទិញ​ទឹកចិត្ត ដើម្បី​ឲ្យ​ចុះចូល​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​នៅគ្រា​ដែល​ការបោះឆ្នោត​ជាតិ​ថៃ្ងទី​២៧ ខែ​កក្កដា កំពុង​តែ​ឈាន​ជិត​មក​ដល់​នាពេល​ខាងមុខ​នេះ ។

AFP Photo

ប្រធាន​គណបក្ស​សមរង្ស៊ី លោក សម រង្ស៊ី ។

សកម្មជន​ទាំង​នោះ​មកពី​ខេត្ត​កណ្តាល បន្ទាយមានជ័យ ស្វាយរៀង កំពង់ធំ កំពត កំពង់ស្ពឺ ព្រៃវែង និង​ក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​តួនាទី​ជា​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ប្រចាំ​នៅ​មូលដ្ឋាន ។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សម​រង្ស៊ី នៅថៃ្ង​ច័ន្ទ​នេះ បាន​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​កាសែត​នៅក្នុង​ទីស្នាក់ការ​ធំ​របស់​លោក​នៅក្នុង​ទីក្រុង​ភ្នំពេញ​ថា មន្រ្តី​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ផ្តល់​មុខតំណែង​សំខាន់​ៗ និង​លុយកាក់​សម្រាប់​អូសទាញ​ឲ្យ​ចុះចូល​នោះ ។

លោក សម រង្ស៊ី ថ្លែង​ដូច្នេះ​ថា ៖ «មាន​វិធី​សម្លុត មាន​វិធី​ទិញ ប្រមាថ​គេ ។ សកម្មជន​គណបក្ស​សមង្ស៊ី ដែល​មាន​ចំនួន​ច្រើន​លើសលប់ គេសម្លុត​អត់​ខ្លាច និយាយ​អត់​បាន ។ អ្នក​លក់​ខ្លួន​ឲ្យ​គេ​មួយ​ដំប​ស្វា បញ្ចេញ​ទូរទស្សន៍ គណបក្ស​ប្រជាជន​យក​ទៅ​បង្ហាញ​ទូរទស្សន៍ ឆ្ការដៃ ឆ្ការជើង»

លោកស្រី ពៅ ហេង ជំទប់​ទី​២ ឃុំ​បែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល ខាង​គណបក្ស​សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា មាន​មន្រ្តី​មូលដ្ឋាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទូរស័ព្ទ​មក​អូស​ទាញ​លោកស្រី​ចំនួន ៤​ដង​ជាប់​ៗ​គ្នា​ស្នើសុំ​ឲ្យ​លោកស្រី​ចុះចូល ប៉ុន្តែ លោកស្រី​បាន​បដិសេធ ៖ «លោក​ស្រី​មក​ខ្ញុំ​មក ខ្ញុំ​ឲ្យ​លោកស្រី​គុណ ។ គុណ​យ៉ាងម៉េច​ទៅ ? ខ្ញុំ​ថា​អ៊ីចឹង ។ ថា មួយ​ខែ ៨​ម៉ឺន គុណ​នឹង​៥​ឆ្នាំ ។ ថា​កុំ​នៅ​គណបក្ស​ចាញ់​ហ្នឹង មក​គណបក្ស​ឈ្នះ​ទៅ....»

រីឯលោក សម រ៉ូប៊ីន ចៅសង្កាត់​រង​ផ្សារធំ​ថ្មី​ទី​២ ក្នុង​ទីក្រុង​ភ្នំពេញ​បានថ្លែង​ថា លោក​បាន​រង​ការគំរាម​ពី​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​នៅគ្រាដែល​លោក​បាន​បដិសេធ​មិនព្រម​ចុះ​ចូល​តាម​ការ​អូស​ទាញ​នោះ ៖ «គេ​បាន​ឲ្យ​ក្រដាស​ខ្ញុំ​មួយ​សន្លឹក​អាន​តាម​គេ ពេល​នោះ​ខ្ញុំ... ហើយ​ក៏​ខ្ញុំ​ឃើញ​ទង្វើ​ទាំងអស់​នេះ អ្នកដែល​ទៅ​ហ្នឹង​គឺ​សុទ្ធតែ​អ្នក​ចាញ់​បោក​គេ ។ ខ្ញុំ​ដាក់​ពាក្យ​លាលែង​វិញ គំរាមកំហែង​ថា ខ្ញុំ​ទោះ​ជាធ្វើ​ការ​កន្លែង​ណា ក្រុមហ៊ុន​ណា​មិន​អាច​ធ្វើ​បាន រក​ស៊ី​អី​មិន​បាន ដី​ខ្ញុំ​មាន​កន្លែង​ណា​គេ​យក​ទាំងអស់»

ប្រតិកម្ម​ទៅនឹង​ការចោទ​ប្រកាន់​ខាងលើ​នេះ លោក ង៉ោ សុវណ្ណ ជា​អតីត​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី ហើយ​បច្ចុប្បន្ន​ជា​មន្រី្ត​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជា​ប្រធាន​ក្រុមពិសេស​សម្រាប់​ប្រតិកម្ម​រហ័ស បាន​មាន​ប្រសាសន៍​ថា នោះ​ជា​ការបិទបាំង​ភាពខ្សោយ​នៃ​គណបក្ស​សម រង្ស៊ី តែ​ប៉ុណ្ណោះ ។

លោក ង៉ោ សុវណ្ណ មាន​ប្រសាសន៍​ថា ៖ «រឿង​ចោទ​ប្រកាន់​គេ​ថា គេ​គំរាម គេ​ទិញ​ហ្នឹង គ្មាន​អ្នក​ណា​គេ​ទិញ​រយៈពេល​ខ្លី​ហ្នឹង បាន​រាប់​សែន​នាក់​ទេ ចេញ​ដោយសារ​ខ្លួនឯង​អាក្រក់​ហ្នឹង​មិន​គិត​ទេ»

សូមរំឭក​ថា រហូត​មក​ដល់​ពេល​នេះ ប្រភព​បាន​ឲ្យ​ដឹង​ថា មាន​តំណាង​រាស្រ្ត​គណបក្ស​សម​រង្ស៊ី ចំនួន​៤​នាក់​បាន​ចុះចូល​ជា​ផ្លូវការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​និង​មាន​សមាជិក​គណៈកម្មការ​នាយក​ចំនួន​២០​នាក់​ក្នុង​ចំណោម​សមាជិក​សរុប​ចំនួន ១១៦​នាក់ បាន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។

ប្រទេស​កម្ពុជា​មាន​គម្រោង​រៀបចំ​ការបោះឆ្នោត​ជាតិ​នៅ​ថៃ្ងទី​២៧ ខែ​កក្កដា នា​ពេល​ខាងមុខ​នេះ ៕

អត្ថបទ​ដែល​ទាក់ទង

គណបក្ស​នយោបាយ​១០​ចូលរួម​វេទិកា​ស្ដីពី​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ

បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​លទ្ធផល​សវនាការ​របស់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​កំពត

រូប​សញ្ញា​បក្ស​សិទ្ធិ​មនុស្ស​រាប់ពាន់​សន្លឹក​នៅ​ស្វាយរៀង​ត្រូវ​គេ​លួច​បក

បក្ស​ប្រជាជន​នៅ​កំពង់ចាម​រង​ការចោទ​ថា​បង្ខំ​ឲ្យ​ពលរដ្ឋ​គូស​សន្លឹក​ឆ្នោត​សាកល្បង

សមាជិក​បក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​កំពង់ឆ្នាំង​ប្រតិកម្ម​ចំពោះ​បក្ស​សិទ្ធិ​មនុស្ស

ក្មេង​ជំទង់​ម្នាក់​ត្រូវ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយសារ​បំផ្លាញ​ស្លាក​បក្ស​ប្រជាជន

ស្លាក​សញ្ញា​បក្ស​"រណឫទ្ធិ"​នៅ​ស្រុក​កង​មាស ខែត្រ​កំពង់ចាម ត្រូវ​គេ​លួច

បក្ស​សង្គម​យុត្តិធម៌​និង​បក្ស​ខ្មែរ​ឈប់​ក្រ​ចង​សម្ព័ន្ធភាព​នឹង​គ្នា

មន្ត្រី​បក្ស​ប្រជាជន​នៅ​ស្រុក​កងមាស ខែត្រ​កំពង់ចាម ហែក​ស្លាក​សញ្ញា​បក្ស​សមរង្ស៊ី

ការឃោសនា​បោះឆ្នោត​នៅ​សៀមរាប មាន​ភាព​ល្អប្រសើរ បើទោះ​ជា​មាន​បញ្ហា​ខ្លះ​ក៏ដោយ