ប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ មានប្រសាសន៍ថា នៅថ្ងៃច័ន្ទ ទី៨ តុលា លោកនឹងដាក់លិខិតនៅសាលារាជធានីភ្នំពេញ ដើម្បីជូនដំណឹងពីក្បួនបាតុកម្មនេះ។
លោកបន្តថា បាតុកម្មនេះធ្វើឡើងដើម្បីឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងការទទួលស្គាល់នូវថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស៖ «ខ្ញុំខ្លួនឯងបានដឹកនាំនឹងគ្រោងធ្វើបាតុកម្មមួយ ដើម្បីទាមទារពីរចំណុចទៅរដ្ឋាភិបាល។ ទីមួយ កែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងគណៈកម្មាធិការរៀបចំការបោះឆ្នោត និងទី២ គឺសុំឲ្យគោរពថ្ងៃទី២៣ តុលា ដោយដាក់ជាថ្ងៃទិវាបុណ្យជាតិ»។
លោក សុភ័ណ្ឌ បន្តថា បាតុកម្មនោះនឹងមានការគាំទ្រពីតំណាងនិស្សិតប្រមាណ ១៧០នាក់ ព្រមទាំងមន្ត្រីមកពីបណ្ដាអង្គការមួយចំនួនទៀត៖ «យើងគ្រោងនឹងធ្វើនៅទីលានប្រជាធិបតេយ្យ និងមានតំណាងយុវជនប្រមាណយ៉ាងតិចបំផុត ១៧០នាក់ ចេញពីអង្គការ ហើយនិងសិស្ស និស្សិតចេញពីសកលវិទ្យាល័យ ក៏ដូចជាសាលាផ្សេងៗ។ ខ្ញុំបានធ្វើលិខិតអញ្ជើញកម្មករ សមាគមតាមអង្គការ និងនិស្សិតជាច្រើនប្រហែលសរុបជិត ១ពាន់នាក់»។
ទាក់ទងនឹងខួប ២១ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នេះដែរ ពលរដ្ឋខ្មែរនៅក្រៅប្រទេសមួយចំនួន ក៏បានត្រៀមធ្វើបាតុកម្មអហិង្សាមួយនៅមុខទីស្នាក់ការកណ្ដាលរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងញីវយ៉ក (New York) នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១២។ បាតុកម្មនេះធ្វើឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលខ្មែរគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីពីកម្ពុជា។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក គៀត ចន្ថារិទ្ធ មានប្រសាសន៍ថា លោកពុំទាន់បានទទួលដំណឹងនេះជាផ្លូវការនៅឡើយទេ។ ប៉ុន្តែសមត្ថកិច្ចនឹងត្រៀមខ្លួនការពារបាតុករស្របច្បាប់មិនឲ្យមានអំពើហិង្សាកើតឡើង។
លោក គៀត ចន្ថារិទ្ធ៖ «ខ្ញុំសូមជម្រាបជូនថា ពួកខ្ញុំនគរបាល គឺប្រតិបត្តិច្បាប់។ យើងអត់ប្រកាន់ថា ខាងណាៗនោះទេ ភារកិច្ចពួកខ្ញុំអនុវត្តច្បាប់បាតុកម្ម ហើយជាពិសេសការពារប្រជាពលករ និងពលរដ្ឋទាំងអស់ដែលធ្វើបាតុកម្មផ្លូវច្បាប់ហ្នឹង ពួកខ្ញុំការពារ ចៀសវាងអំពើហិង្សាអីហ្នឹង ពួកខ្ញុំការពារតែរហូតហ្នឹង»។
កាលពីឆ្នាំ២០១១ លោក សួង សុភ័ណ្ឌ ធ្លាប់បានជួយតវ៉ាការពារការបង្ខំបណ្ដេញពលរដ្ឋតំបន់បឹងកក់ចេញពីផ្ទះសម្បែង។ លោកត្រូវបានក្រុមប៉ូលិសព្រួតគ្នាវាយឲ្យរងរបួសធ្ងន់។ មកទល់ពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសវាយលោកឲ្យរងរបួសនៅឡើយទេ បើទោះបីលោក សួង សុភ័ណ្ឌ ដាក់ពាក្យបណ្ដឹងនៅតុលាការក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។