លោក សួន សេរីរដ្ឋា បដិសេធ​ថា​មិន​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ

ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ថា លោក​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ដូច​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​ប្រកាន់​នោះ​ទេ។
ដោយ ម៉ៅ សុធានី
2012-09-15
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សវនាការ សូណង់ដូ ៣០៥
ប៉ូលិស​ឈរ​ការពារ​មិន​ឲ្យ​អ្នក​គាំទ្រ​លោក ម៉ម សូណង់ដូ ចូល​ទៅ​បរិវេណ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០១២។
RFA/Mom Sophon

សវនាការ​ជំនុំជម្រះ​ក្តី​សំណុំ​រឿង លោក ម៉ម សូណង់ដូ បាន​ប្រើប្រាស់​រយៈពេល ៣​ថ្ងៃ​កន្លះ ហើយ​បាន​បញ្ចប់​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​កញ្ញា។ កាល​ពី​ថ្ងៃ​បញ្ចប់​នៃ​សវនាការ ព្រះរាជអាជ្ញា​បាន​ចោទ​ថា លោក ម៉ម សូណង់ដូ ជា​មេខ្លោង​បង្កើត​តំបន់​អបគមន៍​ក្នុង​គោលដៅ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​សហការ​ជាមួយ​លោក សួន សេរីរដ្ឋា។

លោក សួន សេរីរដ្ឋា កាល​ពី​ថ្ងៃ​ទី​១៣ កញ្ញា បាន​ថ្កោលទោស​តុលាការ​កម្ពុជា និង​ចោទ​ថា បាន​ធ្វើ​តាម​បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​ការ​ចោទ​ប្រកាន់​ថា រូប​លោក​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ ក្នុង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក សួន សេរីរដ្ឋា ដើម្បី​បញ្ជាក់​ប្រាប់​ពី​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ថា លោក​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក ម៉ម សូណង់ដូ បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ឃុំ​កំពង់ដំរី ខេត្ត​ក្រចេះ បាន​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កញ្ញា នេះ។

ប៉ុន្តែ​សេចក្ដី​ថ្លែងការណ៍​របស់​លោក សួន សេរីរដ្ឋា បាន​អះអាង​ថា លោក ម៉ម សូណង់ដូ នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស បាន​ទៅ​ចូល​រួម​យក​ព័ត៌មាន​ពី​សកម្មភាព​របស់​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​រដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ទៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១២ នា​ទីក្រុង​ឡាអេ ប្រទេស​ហុឡង់ដ៍។ ចលនា​នេះ​ចោទ​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ដោយ​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ពី​លំនៅឋាន។

ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី កាល​ពី​ចុង​ខែ​សីហា ឆ្នាំ២០១២ ប្រធាន​​ចលនា​​អំណាច​​ពលរដ្ឋ​​ខ្មែរ លោក សួន សេរីរដ្ឋា បាន​​ឲ្យ​ដឹង​ថា បន្ទាប់​​​ពី​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ​​ទទួល​​ពាក្យ​​បណ្ដឹង ការិយាល័យ​​រាជអាជ្ញា​​​ក៏​​បាន​បង្គាប់​​អោយ​​លោក​​ផ្តល់​​ភស្តុតាង​​បន្ថែម៖ «បន្ទាប់​​​ពី​​យើង​​ដាក់​​ពាក្យ​​បណ្ដឹង​​នៅ​​ថ្ងៃ​​​ទី​២២ ខែ​​មិថុនា ឆ្នាំ​​២០១២ ទាម​ទារ​​អោយ​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​​នេះ ធ្វើ​ការ​​អង្កេត​​អំពី​​បទ​ឧក្រិដ្ឋ អំពី​​បទ​ឧក្រិដ្ឋកម្ម​​ប្រឆាំង​​មនុស្ស​​ជាតិ ដែល​ប្រព្រឹត្ត​​ដោយ​​រដ្ឋាភិបាល​​ក្រុង​​ភ្នំពេញ ហើយ​​មក​​ដល់​​ថ្ងៃ​​នេះ ក្រុម​​មេធាវី​​របស់​​យើង កំពុង​​ធ្វើ​​កិច្ចការ​​នេះ​​ជាមួយ​​ខាង​​ផ្នែក​​រដ្ឋអាជ្ញា នៃ​​តុលាការ​​ឧក្រិដ្ឋកម្ម​​អន្តរជាតិ ហើយ​​​គេ​​បាន​​ស្នើ​សុំ​​​​ឯកសារ​ភស្តុតាង​បន្ថែម​​ទៀត ដើម្បី​​ជំរុញ​​​លើ​​ការ​​ស៊ើប​​អង្កេត…»

ក្នុង​សវនាការ​លោក ម៉ម សូណង់ដូ បាន​ប្រាប់​ចៅក្រម​ថា លោក​ស្គាល់​លោក សួន សេរីរដ្ឋា ក្នុង​ឋានៈ​ជា​អ្នក​សារព័ត៌មាន​តែប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ នេះ លោក អៀ ចាន់ណា បញ្ញវន្ត​ខ្មែរ​ម្នាក់​រស់​នៅ​ប្រទេស​ន័រវេសន៍ (Norway) បាន​មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា មិន​មាន​ឯករាជភាព និង​គ្មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ។

លោក​អះអាង​ថា ការ​ចោទ​ប្រកាន់​ទាំង​នេះ ពុំ​មាន​មូលដ្ឋាន​ច្បាស់លាស់៖ «ទង្វើ​របស់​រដ្ឋាភិបាល​នេះ ដោយ​ចាប់​លោក ម៉ម សូណង់ដូ និង​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ស្លូតត្រង់ គឺ​ជា​ការ​ព្យាយាម​ការពារ​ជន​ខិលខូច ការពារ​កំហុស​ផ្ទាល់​ខ្លួន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​យួន ទៅ​វិនិយោគ​នៅ​ទី​នោះ ប៉ះពាល់​ដី​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ទ្រាំ​អត់​បាន​ក៏​នាំ​គ្នា​តវ៉ា​ឡើង។ ប្រជាពលរដ្ឋ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា ធ្វើ​អបគមន៍ បំបែក​រដ្ឋ​ក្នុង​រដ្ឋ​នោះ ថា​តើ​គាត់​មាន​អ្វី? ការ​ដែល​បំបែក​រដ្ឋ​ក្នុង​រដ្ឋ គឺ​ឈរ​លើ​មូលដ្ឋាន ទី​១ ផ្នែក​សេដ្ឋកិច្ច និង​ទី​២ ផ្អែក​លើ​កង​កម្លាំង​ប្រដាប់​អាវុធ…»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​បាន​ដឹង​អំពី​ជោគវាសនា​របស់​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​នៅ​ឡើយ​ទេ ពីព្រោះ​តុលាការ​នឹង​ប្រកាស​សាលក្រម​កាត់​ទោស​ករណី​លោក នៅ​ថ្ងៃ​១ ខែ​តុលា ឆ្នាំ​២០១២។

ប៉ុន្តែ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោក សួន សេរីរដ្ឋា ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ គឺ​ជា​ចលនា​នយោបាយ​ស៊ីវិល ហើយ​បច្ចុប្បន្ន​នេះ​កំពុង​ប្រមូល​ស្នាម​មេដៃ និង​ហត្ថលេខា​ចំនួន ៣៦​ម៉ឺន​នាក់ នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្រៅ​ប្រទេស ដើម្បី​គាំទ្រ​លោក ម៉ម សូណង់ដូ ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

MISS MALARY

ពី WASHINGTON DC, USA

Why all parties do not work together for building countries to be stronger and stronger. We will lose territory if KHMERS are weak, WATCH THAI. Dreaming to be winner over HUN SEN'S regime, is never going to happen, read my lips. This is the perfect example: million students and businesses guys were out of SOUTH VN to live in western countries, are very brighr with very high and high education, can they bring SOUTH VN back to life? Of course NOT!!! How about KHMER? NO WAY !!! I honestly speak the true, I do not take side.

Sep 18, 2012 12:19 AM

KHMER

ពី USA

Are you sure you can claim against Mr HUN SEN to the International World Justice Court? Is it real or just playing your GAME? How many people beleive you? What for? People live in peace in Cambodia!!!

Sep 17, 2012 09:17 PM

អ្នក​អាន​អនាមិក

បរទេស វាធ្វើឲ្យមេដឹកនាំខ្មែរឈ្លោះជាមួយខ្មែរគ្នាឯង វាធ្វើរឿងឲ្យកើតមានមិនចេះចប់ ដើម្បីកុំឲ្យមេដឹកនាំមានពេលពីបរទេសឈ្លានពាន ខាំគ្នាឯង យួន សៀមអង្គុយសើចសប្បាយ អ្នកដឹកនាំខ្មែរពូកែរៀនលាបពណ៌ខ្មែរតាមយួន វាលាបពណ៌ឲ្យខ្មែរខំាគ្នាឯង លោកនយកហ៊ុន សែន ល្មមឈប់សប្បាយនឹងអណាច ធ្វើបាបជាតិសាសន៍ឯង

Sep 17, 2012 06:28 AM

អ្នកកំពង់ចាម

ពី នៅបរទេស

លោកហ៊ុនសែន គួរតែពិចារណាជាថ្មីម្តងទៀតជាមួយទីប្រឹក្សា
របស់ខ្លួន ទុកមុខមាត់អោយពូជខ្មែរផង!!
ដោះលែងលោក ម៉មសូណង់ដូ...ដោយគ្មានលក្ខខណ្ឌ័

Sep 17, 2012 05:57 AM

អ្នក​អាន​អនាមិក

You Think Hun Sen gives a damn about it?

Sep 17, 2012 12:44 AM

មើល​មតិ​ទាំង​អស់.