រីឯឃាតករឬឧក្រិដ្ឋជន ដែលប្រព្រឹត្តអំពើព្យាបាទទាំងអស់នោះ ក្រសួងមានសមត្ថកិច្ចមិនទាន់រកមុខឃើញ ហើយចាប់យកទៅផ្តន្ទាទោសតាមច្បាប់នៅឡើយទេ ។
តាមរបាយការណ៍ក្នុងសារព័ត៌មាននិងអង្គការការពារសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មលើរូបតារា ឬសិល្បការិនីខ្មែរ ដែលធ្វើឲ្យជនរងគ្រោះបាត់បង់ ឬ ខូចអនាគតអស់នោះ ច្រើនតែមានទាក់ទិនរឿងស្នេហាជាមួយអ្នកមានអំណាច ។
ឥឡូវនេះ មានរឿងថ្មីមួយទៀត ទាក់ទងនឹងកញ្ញា អ៊ិន សូលីដា បវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០០២ ដែលបានរត់គេចលាក់ខ្លួនប្រមាណជាងពីរខែមកហើយ ដោយសារភ័យខ្លាចគេធ្វើឃាត ។
កាសែតក្នុងស្រុក មានកាសែត រស្មីកម្ពុជា កាសែតកោះសន្តិភាព ជាដើម បានចុះផ្សាយរឿងទាក់ទងនឹងបវរកញ្ញា អ៊ិន សូលី ដា ថា អ្នកដែលក្រុងជីវិតនាង ជានាយទាហានថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងអង្គភាពកងរាជអាវុធហត្ថជាតិ ដែលមាននាទីជានាយសេនាធិការរង ។
ក្រោយពីបាត់ខ្លួនបវរកញ្ញា ដែលធ្លាប់បង្ហាញមុខក្នុងទូរទស្សន៍រាជធានីភ្នំពេញ ប៉ុស្តិ៍លេខ៣ ក្រុមហ៊ុនថតខារ៉ាអូខេ ស្រី រ័ត្ន និង ក្រុមហ៊ុនរស្មីហង្សមាស កាសែតកោះសន្តិភាព ផ្សាយថា ជនឧក្រិដ្ឋបានជះទឹកអាស៊ីដទៅលើម្តាយមីងបង្កើតរបស់នាង ឈ្មោះ យ៉ា សុខនីម កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ឧសភា សប្តាហ៍មុន នៅក្នុងខណ្ឌចម្ការមន រាជធានីភ្នំពេញ ។
កញ្ញា អ៊ិន សូលីដា បានប្រាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃអាទិត្យ ទី១១ ឧសភា ពីទីកន្លែងលាក់ខ្លួនដោយសំឡេងចុកចាប់ថា ហេតុដូចម្តេចបានជាគេសងសឹកទៅលើមនុស្សមិនទាក់ទងក្នុងរឿងនោះ ទៅវិញ ។
កញ្ញា អ៊ិន សូលីដា រៀបរាប់ដូច្នេះថា ៖ «នាងខ្ញុំបានចេញមកនេះ គឺនាងខ្ញុំមិនបានទាក់ទងជាមួយក្រុមគ្រួសាររបស់នាងខ្ញុំ ដូចជាម្ដាយ ដូចជាបងប្អូនមីងមាទាំងអស់ គឺនាងខ្ញុំមិនបានឲ្យគាត់ដឹង ។ ពីរថ្ងៃកន្លងមកនេះនាងខ្ញុំមានអារម្មណ៍មួយគិតថា នាងខ្ញុំពិតជាមិនអាចចេញទៅខាងក្រៅបានទាល់តែសោះ ។ នាងខ្ញុំគិតស្មានមិនដល់ថាគ្រួសារនាងខ្ញុំបានជួបរឿងថ្ងៃនេះ បានជួបរឿងដែលគួរឲ្យភ័យខ្លាចបំផុត ជាពិសេសភ័យខ្លាចចំពោះមនុស្សដែលនាងខ្ញុំធ្លាប់បានរស់នៅជាមួយទៀត ។ ព្រោះរឿងព្រៃផ្សៃវាយប្រហារមីងនាងខ្ញុំដោយទឹកអាស៊ីដ រងរបួសយ៉ាងធ្ងន់បំផុតក្នុងរឿងនេះគឺទាក់ទងជាមួយនឹងការចុះផ្សាយបាត់ខ្លួននាងខ្ញុំដែរ ។ ខ្ញុំឃើញបែបនេះខ្ញុំសោកស្ដាយបំផុត ឥឡូវហ្នឹងគាត់កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យ ពីមុននាងខ្ញុំធ្លាប់ចេញពីផ្ទះចំនួនពីរដងរួចមកហើយ បាននាងខ្ញុំបានដឹងហេតុការណ៍ទាំងអស់នេះ» ។
ប្រជាពលរដ្ឋខ្មែរមានចម្ងល់ថាតើ មេបញ្ជាការកងរាជអាវុធហត្ថជាតិ គឺលោកឧត្តមសេនីយ៍ សៅ សុខា បានជ្រាបអំពីរឿងរ៉ាវ ទាក់ទងនឹងនាយទាហានក្រោមបង្គាប់ដែរ ឬទេ ក្រោយកាសែតចុះផ្សាយនោះ ? តើក្រសួងមានសមត្ថកិច្ច ចាត់វិធានការរកយុត្តិធម៌ដូចម្តេច បើមានរឿងសេ្នហាទាក់ទងនឹងអ្នកមានបុណ្យសក្តិធំ ? តាមព័ត៌មានពីជនរងគ្រោះផ្ទាល់ថា អាជ្ញាធរកំពុងស្វែងតាមចាប់ជនដៃដល់ ហើយបានឃាត់ខ្លួនបុរសម្នាក់ មានមុខងារជាគណនេយ្យបម្រើការឲ្យនាយសេនាធិការរងកងរាជអាវុធហត្ថ ក្នុងមុខរបរបើកក្លឹបកំសាន្ត និង ល្បែងចាក់កាក់ ឈ្មោះ Disney Club នៅជិតវត្តភ្នំ ក្រុងភ្នំពេញ ៕
