ប្រធានក្រុមប្រឹក្សាបក្សសមរង្ស៊ីប្រចាំខេត្ត លោក គឹម ញេង មានប្រសាសន៍បញ្ជាក់ថា រថយន្តម៉ាកហ្វតពណ៌សពាក់ស្លាកលេខរដ្ឋ១២ ២០១១៦ ដែលគេសង្ស័យថា ជារថយន្តរបស់មន្រ្តីមន្ទីរសុខាភិបាលខេត្ត បានចូលរួមក្នុងមីទ្ទិញឃោសនារបស់គណបក្សប្រជាជនកម្ពុជានៅវត្តបានប៉ុង ទីរួមស្រុកវ៉ឺនសៃ កាលពីថ្ងៃអង្គារ ទី២២ កក្កដា ឆ្នាំ២០០៨ ។
លោក គឹម ញេង មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំមានភស្តុតាង ខ្ញុំថតរូប និងថតវីដេអូទៀត ។ ថតភ្ជាប់ពីកម្មវិធីមានប្រជាពលរដ្ឋចូលរួម ស្លាកសញ្ញាគណបក្ស ភ្ជាប់ជាមួយឡាន ។ ឥឡូវ ខ្ញុំរកអត្តសញ្ញាណដើម្បីប្ដឹង» ។
ច្បាប់ស្តីអំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៃប្រទេសកម្ពុជា ចែងថា ហាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនដែលជាទ្រពសម្បត្តិរដ្ឋដើម្បីធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សនយោបាយមួយ ឬបេក្ខជនណាមួយ និងដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត ។
ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក ស៊ិន សំឡៃ បដិសេធថា មិនមានរថយន្តកម្មសិទ្ធិរបស់មន្ទីរត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ដូចការចោទប្រកាន់នោះទេ ៖ «គ្មានទេ បិទស្លាកគណបក្សអីនោះ ព្រោះឡានហ្នឹងជាឡានរដ្ឋ ។ បេសកកម្មគឺជូនបុគ្គលិកថ្មីដែលក្រសួងសុខាភិបាលឲ្យក្របខ័ណ្ឌ ហើយគេដាក់ទៅបុស្តិ៍សុខភាព» ។
បើតាមមន្ត្រីឃ្លាំមើលការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្រ្វែល) ប្រចាំខេត្តរតនគិរី លោក ជួន ភីដារ៉ា មានប្រសាសន៍ថា រថយន្តដែលរងការចោទប្រកាន់ត្រូវបានសកម្មជនគណបក្សសមរង្ស៊ីថតរូបភាពនិងវីដេអូនៅក្នុងទីតាំងប្រារព្ធមីទ្ទិញឃោសនារកសំឡេងឆ្នោតនៃគណបក្សប្រជាជន ៖ «ជំហានដំបូង យើងយកឯកសារភស្តុតាងឲ្យច្បាស់លាស់ ឡានហ្នឹងពាក់ស្លាកលេខប៉ុន្មាន ហើយលោកហ្នុងជាអ្នកណា យើងអាចប្ដឹងទៅគណៈកម្មការដើម្បីដាក់បន្ទុកទៅលើការដែលប្រើរថយន្តដែលមានស្លាកលេខរាជការហ្នឹង» ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំបានប៉ុង លោក ណក រុំ មានប្រសាសន៍ថា ៖ «ខ្ញុំដូចជាអត់មានបានឃើញកត់សម្គាល់អីផង ព្រោះតាមពិត នេះជាគោលនយោបាយរបស់គាត់ គឺគាត់អត់មានឃោសនាតាមការដង្ហែ គាត់ឃោសនាប្រមូលផ្ដុំ» ។
តាមបទបញ្ជានិងនីតិវិធីជំពូកទី១១ ស្តីពីការឃោសនាបោះឆ្នោតមាត្រា ៧៣ ចែងថា ក្នុងពេលឃោសនាបោះឆ្នោតនិងពេលបោះឆ្នោត គណបក្សនយោបាយ និងបេក្ខជន សមាជិកគណបក្សនយោបាយ និងអ្នកគាំទ្រទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិនិងគោលការណ៍ដែលចែងក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនិងក្រមសីលធម៌ បទបញ្ជានីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គោរពគោលការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
ចំណែកមាត្រា១៣១ ចែងថា ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ៥លានទៅ ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ឬនឹងត្រូវដកហូតប័ណ្ណបោះឆ្នោតរយៈពេល ៥ឆ្នាំ លុបឈ្មោះចេញពីបញ្ជីបោះឆ្នោតចំពោះជនណា ឬគណបក្សនយោបាយណា ដែលល្មើសនឹងមាត្រា ៧៣ នៃច្បាប់នេះ ៕
