សេចក្ដី​ថ្លែងការណ៍​ជំទាស់​បទសម្ភាសន៍​វិទ្យុ​អាស៊ីសេរី​ជាមួយ​លោក សៀ ភារម្យ

សហព័ន្ធ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា តំណាង​ឲ្យ​អង្គការ​យុវជន អង្គការ​សមាគម ៣១ មាន​បេសកកម្ម​តស៊ូ​មតិ និង​លើក​ស្ទួយ​យុត្តិធម៌​សង្គម នៅ​ថ្ងៃ​៦ សីហា ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​ទៅ​នឹង​បទសម្ភាសន៍​របស់​វិទ្យុ​អាស៊ីសេរី​ជាមួយ​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅឋាន កាល​ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១២ អំពី​ក្រុម​និស្សិត​ចុះ​​វាស់​ដី​ពលរដ្ឋ​មិន​មាន​ប្រសិទ្ធភាព និង​និរន្តរភាព។

សេចក្ដី​ថ្លែងការណ៍​នោះ​បាន​ហៅ​បទសម្ភាសន៍​នោះ​ថា «មាន​ចរិត​ញុះញង់ បំបែក​បំបាក់​ក្នុង​ចំណោម​មន្ត្រី​រាជការ​សាធារណៈ ពិសេស​មន្ត្រី​ជំនាញ​ដី​ធ្លី និង​មន្ត្រី​ពាក់ព័ន្ធ​ដទៃ​ទៀត»

សេចក្ដី​ថ្លែងការណ៍​ដដែល​សរសេរ​ថា បទសម្ភាសន៍​នោះ​មាន​លក្ខណៈ​មិន​គ្រប់​ជ្រុងជ្រោយ មាន​ភាព​លំអៀង​បំរើ​ឲ្យ​គណបក្ស​ប្រឆាំង គ្មាន​មូលដ្ឋាន​ចំណេះ​ដឹង និង​អគតិ សំដៅ​មើល​ស្រាល​ពលិកម្ម​ដ៏​ធំធេង​ចំពោះ​យុវជន​ស្ម័គ្រ​ចិត្ត​ក្នុង​ចំណោម​និស្សិត​បញ្ញវន្ត ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ។

ជា​ចុង​បញ្ចប់ សេចក្ដី​ថ្លែងការណ៍​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ថៅ វាសនា ជា​ប្រធាន​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​កោត​សរសើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​របស់​រដ្ឋាភិបាល បាន​អនុវត្ត​កំណែ​ទម្រង់​ដី​ធ្លី​ប្រកប​ដោយ​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។