អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ត្រៀម​ចាត់​វិធានការ​បង្ក្រាប​អ្នក​សារព័ត៌មាន​មិន​គោរព​វិជ្ជាជីវៈ

អភិបាល​ខេត្ត​ស្ទឹងត្រែង នៅ​ព្រឹក​ថ្ងៃ​ទី​២២ សីហា ដឹកនាំ​កិច្ច​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដោយ​ចំណាយ​ពេល​វេលា​ជាង​១ម៉ោង ពិភាក្សា​អំពី​អ្នក​សារព័ត៌មាន​ធ្វើ​ការ​មិន​គោរព​វិជ្ជាជីវៈ​របស់​ខ្លួន។ មន្ត្រី​អាជ្ញាធរ​ទាំង​នោះ​លើក​ឡើង​ថា អ្នក​សារព័ត៌មាន​ជា​ច្រើន ដើរ​ទារ​លុយ​ពី​ពលរដ្ឋ និង​ឈ្មួញ​រក​ស៊ី​ខុស​ច្បាប់។
ដោយ វណ្ណ វិចារ
2012-08-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ឡូយ សុផាត មាន​ប្រសាសន៍​ថា នៅ​ខេត្ត​ស្ទឹងត្រែង អ្នក​កាសែត​មាន​ម៉ាស៊ីន​ថត ដើរ​គម្រាម​យក​លុយ​ពី​ពលរដ្ឋ។ លោក​ដាក់​សំណួរ​ទៅ​បណ្ដា​មន្ត្រី​ជំនាញ​ថា តើ​ត្រូវ​ទុក​ឲ្យ​អ្នក​កាសែត​គម្រាម​ពលរដ្ឋ​ទៀត ឬ​យ៉ាង​ណា? ហេតុ​អ្វី អស់​លោក​មិន​ការពារ​ពលរដ្ឋ​ខ្លួន ឲ្យ​គេ​ធ្វើ​បាប? លោក ឡូយ សុផាត បញ្ជាក់​ថា សុំ​ឲ្យ​មន្ត្រី​ទាំង​អស់​ជួយ​ចាត់​វិធានការ​ចំពោះ​អ្នក​កាសែត ដែល​ទារ​លុយ​បទ​ល្មើស​ផ្សេងៗ ដោយ​យក​ច្បាប់​ធ្វើ​ជា​គោល៖ «អ្នក​សារព័ត៌មាន​នេះ​ហើយ ជា​អ្នក​បាន​លុយ​រាល់​ថ្ងៃ។ អ៊ីចឹង បទ​ល្មើស​ហ្នឹង​មិន​មែន​ខេត្ត​ស្ទឹងត្រែង ជា​អ្នក​បង្កើត​ទេ អ្នក​មក​ពី​ក្រៅ គេ​ឲ្យ​លុយ​មក​បង្កើត អ៊ីចឹង​សួរ​ថា តើ​ការ​ផ្សាយ​អ៊ីចឹង​ចប់​ទេ​បទ​ល្មើស»

ទន្ទឹម​នឹង​នេះ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត លោក ឱ បូរិន្ទ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ករណី​សារព័ត៌មាន ទូរទស្សន៍​អប្សរា ដែល​ផ្សាយ​ពី​បទ​ល្មើស​ព្រៃ​ឈើ។ លោក​លើក​ឡើង​ថា ការ​ផ្សាយ​ពី​បទ​ល្មើស​ព្រៃ​ឈើ ជា​រឿង​មិន​ពិត ដោយ​ភ្នាក់ងារ​ព័ត៌មាន​យក​រូប​ចាស់ៗ​ដាក់ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ច្រឡំ​ថា​ខេត្ត​ស្ទឹងត្រែង មាន​បទ​ល្មើស​ព្រៃ​ឈើ។

ចំណែក​ឯ​ស្នងការ​នគរបាល​ខេត្ត លោក រាជ សុខុន បាន​ថ្លែង​ថា អ្នក​កាសែត​មាន​ច្រើន ទាំង​អ្នក​ដើរ​យក​លុយ និង​អ្នក​គោរព​វិជ្ជាជីវៈ។ លោក​អះអាង​ថា នគរបាល​ធ្លាប់​ចាប់​ខ្លួន​អ្នក​កាសែត​មួយ​ចំនួន បញ្ជូន​ទៅ​តុលាការ​រួច​ហើយ ព្រោះ​តែ​ពួក​គេ​ហ៊ាន​ឃាត់​ឡាន​សមត្ថកិច្ច​ដឹក​អ្នក​ជួញ​គ្រឿង​ញៀន ដោយ​ស្មាន​ថា​ជា​ឡាន​ដឹក​ឈើ។

ការ​លើក​ឡើង​ពី​ចំណុច​អសកម្ម​របស់​អ្នក​កាសែត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទូរទស្សន៍ ស៊ីអិនស៊ី (CNC) និង​ទូរទស្សន៍​ខ្មែរ​ប៉ុស្តិ៍​លេខ​៩ នៅ​ថ្ងៃ​ទី​២០ និង​២១ សីហា បាន​ផ្សាយ​ព័ត៌មាន​ពី​ការ​រឹបអូស​ឈើ​នៅ​ឃុំ​តាឡាត ស្រុក​សេសាន ពី​សំណាក់​ស្នងការ​រង​ម្នាក់ ដោយ​មិន​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​តុលាការ និង​រដ្ឋបាល​ព្រៃ​ឈើ។ ក្នុង​ការ​ផ្សាយ​ពេល​នោះ បាន​លើក​ឡើង​ថា ឈើ​មួយ​ចំនួន​ត្រូវ​បាន​គេ​សង្ស័យ​ថា អាជ្ញាធរ​លាក់​ទុក​ប្រើប្រាស់​សម្រាប់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ឡូយ សុផាត កាល​ពី​ថ្ងៃ​ទី​២១ សីហា ក្នុង​ការ​ប្រជុំ​ជាមួយ​មេ​ឃុំ ចៅ​សង្កាត់​ទូទាំង​ខេត្ត លោក​ចាត់​ទុក​ថា ការ​ផ្សាយ​ព័ត៌មាន​ពី​ករណី​រឹបអូស​ឈើ​នៅ​តាឡាត នេះ ជា​ការ​ហែក​កេរ្តិ៍​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង។ លោក​បន្ត​ថា គ្រប់​សារព័ត៌មាន​ទាំង​អស់ ផ្សព្វផ្សាយ​តែ​រឿង​អសកម្ម​ដដែលៗ ដោយ​មិន​ដែល​ឃើញ​ផ្សាយ​ព័ត៌មាន​អភិវឌ្ឍ​ពី​ខេត្ត​ស្ទឹងត្រែង ឡើយ។

លោក​បញ្ជាក់​ថា ឈើ​ដែល​ចាប់​នៅ​ឃុំ​តាឡាត អាជ្ញាធរ​ខេត្ត​យក​ទុក​បម្រើ​ការងារ​សាងសង់​ក្នុង​សាលា​ខេត្ត​ស្ទឹងត្រែង។

ភ្នាក់ងារ​យក​ព័ត៌មាន​ទូរទស្សន៍ ស៊ីអិនស៊ី ប្រចាំ​ខេត្ត​ស្ទឹងត្រែង លោក ឡន វណ្ណា មាន​ប្រសាសន៍​ថា ស្ថាប័ន​លោក​ផ្សាយ​ព័ត៌មាន​ពិត​តាម​វិជ្ជាជីវៈ។ លោក​បន្ត​ថា ចំពោះ​ឯ​ព័ត៌មាន​បទ​ល្មើស​នៅ​តាឡាត វិញ គឺ​ផ្សាយ​តាម​សភាពការណ៍​ជាក់ស្តែង តាម​អ្វី​ដែល​ប្រភព​ផ្តល់​ឲ្យ មិន​មាន​ការ​លំអៀង​ឡើយ។

ទាក់​ទង​នឹង​ការ​ឃ្លាំ​មើល​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​របស់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង នេះ មន្ត្រី​បណ្ដុះ​បណ្ដាល​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​អគ្គនាយក​សារព័ត៌មាន​ខេមបូឌា ញ៉ូវ (Cambodia news) លោក ឆាយ សុផល មាន​ប្រសាសន៍​ថា លោក​គាំទ្រ​ការ​ពិនិត្យ​មើល​ការ​អនុវត្ត​ការងារ​របស់​អ្នក​កាសែត តែ​លោក​ស្នើ​ឲ្យ​ក្រុម​អាជ្ញាធរ​គោរព​តួនាទី​របស់​ខ្លួន​ជា​មុន​សិន មុន​នឹង​ពិនិត្យ​មើល​វិជ្ជាជីវៈ​សារព័ត៌មាន។ លោក​បន្ត​ថា សារព័ត៌មាន​មាន​តួនាទី​ផ្សព្វផ្សាយ​ព័ត៌មាន​បម្រើ​ឲ្យ​ទស្សនិកជន មាន​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន។ លោក ឆាយ សុផល បញ្ជាក់​ថា បើ​ចំណុច​អវិជ្ជមាន​កើត​ឡើង​ដដែលៗ គួរ​ណាស់​តែ​អាជ្ញាធរ​ប្រឹង​អនុវត្ត​ឲ្យ​បាន​ល្អ ទើប​សង្គម​មាន​ការ​រីក​ចម្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Vuth Lee

ពី Lowell, Massachusetts,U.S.A

This Stung Treng province's chief-Loy Sophath's idea is understandable that he is intimidating the media and can be seen as an old unshameful tactic to prosecute the journalist who dares to reveal the truth-illegal logging, illegal land's grabs by the high ranking officials...This is another evidence that Cambodia is trying to brutally suppress the media. Imagin, without media what going to happend in Cambodia? Cambodian forest will become Sahara(desert in Africa). My heart is always with those brave journalists(Cambodians or foreigners) who had devoted their lives for Cambodia.

Aug 22, 2012 02:37 PM