ផ្សារ​មូលបត្រ​កម្ពុជា​ចាប់​ដំណើរ​ការ

ផ្សារ​មូលបត្រ​កម្ពុជា បាន​ចាប់​ផ្តើម​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២។

0:00 / 0:00

ផ្សារ​មូលបត្រ​កម្ពុជា ដែល​បាន​រៀបចំ​តាំង​ពី​ឆ្នាំ​២០០៦ បាន​ចាប់​ផ្តើម​សកម្មភាព​លក់​ដូរ​ភាគ​ហ៊ុន​ជា​ផ្លូវ​ការ​ហើយ ហើយ​ក្រុមហ៊ុន​ដំបូង​ដែល​ចុះ​បញ្ជី​នៅ​ក្នុង​ការ​លក់​ដូរ​ភាគ​ហ៊ុន​បាន​ប្រកាស​លក់​ភាគ​ហ៊ុន​ចំនួន ១៣​លាន​ភាគ​ហ៊ុន ដោយ​ក្នុង​មួយ​ភាគ​ហ៊ុន​មាន​តម្លៃ​ចាប់​ផ្តើម​ចំនួន ៦.៣០០​រៀល។

លោក គាត ឈន់ ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូល​រួម​ក្នុង​ពិធី​ចាប់​ផ្ដើម​លក់​ដូរ​ភាគ​ហ៊ុន​ដំបូង​របស់​ទីផ្សារ​ភាគ​ហ៊ុន​កម្ពុជា។ លោក គាត ឈន់ បាន​មាន​ប្រសាសន៍​ថា ការ​ប្រកាស​ចាប់​ផ្តើម​ទីផ្សារ​ភាគ​ហ៊ុន​កម្ពុជា​នេះ គឺ​ជា​ជំហាន​ធំ​មួយ​របស់​ប្រទេស​កម្ពុជា លើ​វិស័យ​ហិរញ្ញវត្ថុ និង​ជា​ការ​កើត​មាន​ផ្សារ​ភាគ​ហ៊ុន​ជា​លើក​ដំបូង​លើ​ទឹក​ដី​កម្ពុជា។

លោក គាត់ ឈន់ បាន​សង្កត់​ធ្ងន់​ថា ការ​មាន​ផ្សារ​ហ៊ុន ឬ​ហៅ​ថា ផ្សារ​មូលបត្រ គឺ​ជា​កំលាំង​ចលនាករណ៍​មួយ​យ៉ាង​សំខាន់​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ជា​និមិត្ត​រូប​នៃ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល​ផង​ដែរ ព្រោះ​វា​ផ្តល់​ជម្រើស​សម្រាប់​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​នានា ក្នុង​ការ​បង្កើន​ទុន​វិនិយោគ​ដើម្បី​ពង្រីក​សមត្ថភាព​ផលិតកម្ម និង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ។

លោក​បណ្ឌិត ហ៊ាន សាហ៊ីប ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ដែល​បាន​ចូល​រួម​ក្នុង​ឱកាស​ប្រកាស​ដំណើរ​ការ​ផ្សារ​ហ៊ុន​កម្ពុជា បាន​ឲ្យ​ដឹង​ថា មូលបត្រ ឬ ​ភាគហ៊ុន​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ជួញដូរ​ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​ជា​ភាគ​ហ៊ុន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ដែល​ជា​ក្រុមហ៊ុន​ដំបូង​គេ​បាន​ចុះ​បញ្ជី​ដាក់​លក់​ភាគ​ហ៊ុន​នៅ​ផ្សារ​ហ៊ុន​កម្ពុជា។ ភាគ​ហ៊ុន​លក់​ដំបូង​មាន​ចំនួន​ប្រហែល ១៣​លាន​ភាគ​ហ៊ុន ឬ ១៥% នៃ​មូលធន​សរុប​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ។ តម្លៃ​ក្នុង ១​ភាគ​ហ៊ុន គឺ ៦.៣០០​រៀល។

ក្រោយ​ពេល​មាន​ការ​ដាក់​លក់​បន្តិច​មក អតិថិជន​បាន​ហ៊ាន​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​នោះ ក្នុង ១​ហ៊ុន​មាន​តម្លៃ ៩.៤០០​រៀល ហើយ​បរិមាណ​ជួញដូរ​សរុប​មាន​ចំនួន ៣៩២.៣១៣​ភាគ​ហ៊ុន​នៃ​ភាគ​ហ៊ុន​សរុប​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ។

លោក ឯក សុនចាន់ អគ្គនាយក​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ក្នុង​ពេល​ប្រកាស​លក់​ភាគ​ហ៊ុន​នោះ​ថា ការ​លក់​ភាគ​ហ៊ុន​មួយ​ចំនួន​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​នេះ ជា​ទង្វើ​មួយ​ជួយ​ជំរុញ​ឲ្យ​ផ្សារ​ហ៊ុន​កម្ពុជា អាច​ចាប់​ផ្ដើម​ដំណើរ​ការ​ជា​ផ្លូវ​ការ​បាន។

លោក​ឧកញ៉ា ស៊ន សុខណា ជា​អគ្គនាយក​ក្រុមហ៊ុន​សូណាត្រាស៊ី ឃ្យួរីធី ភីអិលស៊ី (SONATRA SECURITY PLC.) ឬ​ក្រុមហ៊ុន​មូលបត្រ​សូណាត្រា បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​ចាប់​ផ្ដើម​ជូញដូរ​ភាគ​ហ៊ុន​ថា លោក​មាន​ការ​រីករាយ​ដោយសារ​ការ​រង់ចាំ​ផ្សារ​ភាគហ៊ុន​នេះ​ដំណើរ​ការ​ជា​យូរ​មក​ហើយ។

នៅ​ក្នុង​ឱកាស​ប្រកាស​ដំណើរ​ការ​ជួញ​ដូរ​ផ្សារ​ហ៊ុន​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ជូន​ពរ​ការ​ចាប់​ផ្តើម​សកម្មភាព​ផ្សារ​ហ៊ុន​នេះ​ដែរ។

លោក គាត ឈន់ បាន​អំពាវនាវ​ក្នុង​ពិធី​បើក​ផ្សារ​ហ៊ុន​នោះ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត ជា​ពិសេស​សហគ្រាស​សាធារណៈ ២​ទៀត​របស់​រដ្ឋ រៀបចំ​ចូល​ខ្លួន​ចុះ​បញ្ជី​ក្នុង​ផ្សារ​មូលបត្រ ដើម្បី​លក់​ភាគហ៊ុន​ឲ្យ​បាន​ឆាប់។

ផ្សារ​មូលបត្រ​កម្ពុជា ឬ​ហៅ​ជា​ភាសា​សាមញ្ញ​ថា ផ្សារ​ហ៊ុន​កម្ពុជា អាច​ដំណើរ​ការ​បាន ដោយសារ​មាន​ការ​ជួយ​បង្ហាត់​បង្រៀន និង​កិច្ច​សហការ​ពី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។