ក្រុម​និស្សិត​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ជួយ​អន្តរាគមន៍​ក្នុង​បញ្ហា​សញ្ញាបត្រ

2009-03-19

ក្រុម​និស្សិត​នៃ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​គ្រប់គ្រង​ដែល​បាន​ប្រឡង​ជាប់​ដើម្បី​ទទួល​បាន​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​និង​អនុបណ្ឌិត​បាន​ទាមទារ​ឲ្យ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា ជួយ​អន្តរាគមន៍​ធ្វើ​យ៉ាង​ណា​ចេញ​សញ្ញាបត្រ​ទាំង​នោះ​មក​ឲ្យ​និស្សិត​ជាង​១០០​នាក់​ដែល​ពួក​គេ​មិន​បាន​ទទួល​សញ្ញាបត្រ​នោះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​បាន​ប្រឡង​ជាប់។

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ក្រុម​និស្សិត​ខែ្មរ​ចំនួន​ជាង​១០០​នាក់​ដែល​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ចំនួន​ជាង​១២០០​ដុល្លារ​អាមេរិក​សម្រាប់​សិក្សា​រយៈពេល​៤​ឆ្នាំ​នៅ​ចន្លោះ​ឆ្នាំ​២០០២​រហូត​ដល់​ឆ្នាំ​២០០៦​កន្លង​ទៅ​នោះ​នៅ​ឯ​វិទ្យាស្ថាន​វិទ្យាសាស្រ្ត​គ្រប់គ្រង​នៅ​ក្នុង​ខេត្ត​កំពង់ធំ​និង​ខេត្ត​កំពត​និង​ខេត្ត​មួយចំនួន​ទៀត គឺ​មិន​បាន​ទទួល​សញ្ញាបត្រ​ដូចៗ​គ្នា​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ក្រោយ​ពី​ការប្រឡង​ជាប់ ហើយ​វិទ្យាស្ថាន​នោះ​ត្រូវ​បាន​ប្រកាស​បិទ​កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ​ដោយ​ក្រសួង​អប់រំ យុវជន​និង​កីឡា។

និស្សិត​ម្នាក់​ដែល​បាន​ប្រឡង​ជាប់​ដើម្បី​ទទួល​សញ្ញាបត្រ​កម្រិត​បរិញ្ញាបត្រ​ជំនាញ​ខាង​គ្រប់គ្រង​ទូទៅ ឬ MBA នៅ​ក្នុង​ខេត្ត​កំពង់ធំ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​បាន​ខាតបង់​ពេលវេលា​និង​ថវិកា ប៉ុន្តែ​នៅ​ទីបញ្ចប់​លោក​មិន​បាន​ទទួល​សញ្ញាបត្រ​នោះ​ឡើយ​ក្រោយ​ពី​បាន​ប្រឡង​ជាប់។

និស្សិត​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «សាលា​ហ្នឹង​គឺ​បោកប្រាស់ សាលា​ហ្នឹង​បាន​បិទ​បាំង​នូវ​ភាព​មិន​ត្រឹមត្រូវ​ជាមួយ​ខាង​រដ្ឋាភិបាល​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា»

និស្សិត​ម្នាក់​ទៀត​ដែល​បាន​ប្រឡង​ជាប់​ដើម្បី​ទទួល​សញ្ញាបត្រ​កម្រិត​អនុបណ្ឌិត​ជំនាញ​ខាង​គ្រប់គ្រង​តំណាង​ឲ្យ​ក្រុម​និស្សិត​ជាង​១០០​នាក់​មិន​បាន​ទទួល​សញ្ញាបត្រ​ដូច​គ្នា​នោះ​នៅ​ក្នុង​ខេត្ត​កំពត​បាន​តវ៉ា​ថា ៖ «ការសិក្សា​ហ្នឹង​វា​បំពេញ Credit អី​ត្រឹមត្រូវ​ហើយ ប៉ុន្តែ​ដល់​ទី​បំផុត​ក្រសួង​អត់​ទទួល​ស្គាល់។ ឥឡូវ​មាន​តែ​សំណូមពរ​ទៅ​ក្រសួង​អប់រំ ឲ្យ​ជួយ​ចេញ​សញ្ញាបត្រ​ឲ្យ​ទៅ ពួក​ខ្ញុំ​នេះ​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​ឲ្យ​សាលា​ហើយ ប៉ុន្តែ​ត្រង់​សាលា​វិញ​បំពេញ​លក្ខខណ្ឌ​ឲ្យ​ក្រសួង​គ្រប់​មិន​គ្រប់ មិន​ដឹង​ទេ»

ផ្អែក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​វិទ្យាសាស្រ្ត​គ្រប់គ្រង​នោះ​មាន​សាខា​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៧​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ប្រកាស​បិទ​កាលពី​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ​ដោយសារ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា​និង​រដ្ឋាភិបាល​មិន​បាន​ទទួល​ស្គាល់​តាម​ច្បាប់​ដែល​មាន​លោក សេង លីម៉េង ជា​នាយក ហើយ​បច្ចុប្បន្ន​លោក​បាន​ក្លាយ​ជា​អនុ​រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

មិន​អាច​ទាក់ទង លោក សេង លីម៉េង បាន​ភ្លាមៗ​ទេ​ដើម្បី​សុំ​ការបំភ្លឺ​ជុំវិញ​ការតវ៉ា​និង​ការចោទ​ប្រកាន់​ខាង​លើ​នេះ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «អ្នក​ដែល​បើក​ហ្នឹង​គ្រាន់តែ​ជា​រូបភាព​មួយ​វិនិយោគ​ទុន មិន​មែន​ការបង្កើត​ដើម្បី​បណ្ដុះ​នូវ​ធនធាន​មនុស្ស​សម្រាប់​កូន​ខ្មែរ​ពិត​ប្រាកដ​ទេ»

ទាក់ទង​នឹង​ការតវ៉ា​របស់​ក្រុម​និស្សិត​ខាង​លើ​នេះ លោក លី សុមុន្នី ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីទ្បា បាន​មាន​ប្រសាសន៍​បំភ្លឺ​ថា ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​ការប្រឡង​ធ្វើ​តេស្ត​ជា​ថ្មី​សិស្ស​ចំនួន​ប្រមាណ​១៥០​នាក់​កាលពី​ដើម​ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្នុង​ចំណោម​សិស្ស​ជាង​៣០០​នាក់។

លោក លី សុមុន្នី បាន​មាន​ប្រសាសន៍​ថា ៖ «រៀបចំ​ប្រឡង​ហើយ​តើ គេ​មក​១៥០​ប្លាយ​នាក់ រៀបចំ​ដោះស្រាយ​អា​ហ្នឹង​ហើយ​តើ! ពី​ថ្ងៃ​១ ខែ​មីនា»

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រសួង​បាន​រៀបចំ​ឲ្យ​មាន​ការធ្វើ​តេស្ត​ជា​ថ្មី​និង​ប្រឡង​ជា​ថ្មី​នោះ​សម្រាប់​និស្សិត​ណា​ដែល​មាន​ឈ្មោះ​ជា​ផ្លូវការ​ដែល​ក្រសួង​ទទួល​បាន​កន្លង​មក៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អភិបាល​ខេត្ត​ក្រចេះ លោក ខាំ ភឿន ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍

អាជ្ញាធរ​ខេត្ត​កំពង់ចាម​រារាំង​អង្គការ​មិន​ឲ្យ​ចែក​អំណោយ​ដល់​កុមារ​កំព្រា

មន្ត្រី​រាជការ​នៅ​មណ្ឌលគិរី​មិន​បាន​បើក​ប្រាក់​បៀវត្ស​៣​ខែ​ហើយ

អាជ្ញាធរ​រក​ឃើញ​សារធាតុ​គីមី​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ពី​សម័យ​សង្គ្រាម

សាលា​រាជធានី​ភ្នំពេញ​ហាម​មិន​ឲ្យ​រថយន្ត​ដឹក​សាំង​បើក​ឆ្លង​ទីក្រុង​៥​ថ្ងៃ

ប្រជា​នេសាទ​នៅ​កំពត​ត្អូញ​ពី​ការ​ពិបាក​ចត​ទូក​ដោយសារ​គំនរ​ខ្សាច់

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ចោទ​អាជ្ញាធរ​ថា​យក​តម្លៃ​សេវា​ធ្វើ​លិខិត​ផ្សេងៗ​ថ្លៃ

មន្ត្រី​រាជការ​នៅ​តាកែវ​បើក​ប្រាក់​ខែ​យឺត

រលំ​អគារ​រោងចក្រ​មួយ​នៅ​សង្កាត់​ភ្នំពេញ​ថ្មី

អាមេរិក​ចែក​ចាយ​មួក​ការពារ​សុវត្ថិភាព​នៅ​ខេត្ត​ក្រចេះ




 
Radio Free Asia
2025 M Street NW, Suite 300
Washington DC 20036, USA
202-530-4900
khmweb@rfa.org