សាស្រ្តាចារ្យវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាមួយរូបឈ្មោះ ប៊ុន ភារិន្ទ ដែលសម្របសម្រួលជំនួបនេះ មានប្រសាសន៍បញ្ជាក់ពីគោលបំណងនៃជំនួបនេះថា ជាការសំណេះសំណាលគ្នាដើម្បីឲ្យនិស្សិតជំនាន់ក្រោយបានយល់ដឹងពីប្រវត្តិរឿងពិតនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកសាស្រ្តាចារ្យ ប៊ុន ភារិន្ទ ក៏បានផ្តល់តម្លៃដល់ការយល់ដឹងរបស់និស្សិតក្នុងបញ្ហាខ្មែរក្រហមដូច្នេះ ៖ «ទី១ តម្លៃជាប្រវត្តិសាស្ត្រ ទី២ ចំណេះដឹងដែលថ្ងៃក្រោយទៅមិនមានជនណាដែលអាចនឹងធ្វើការបកស្រាយដោយខុសពីការពិតបាន។ វាមានពាក់ព័ន្ធច្រើនណាស់ ពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ផង ពាក់ព័ន្ធទៅនឹងប្រវត្តិសាស្ត្រផង ហើយយើងគប្បីយល់ យើងគប្បីដឹងរឿងហ្នឹង»។
នៅក្នុងជំនួបគ្នានេះ និស្សិតខ្លះបានលើកឡើងពីចម្ងល់របស់ខ្លួនជាច្រើនទាក់ទងនឹងមនោគមវិជ្ជា និងការដឹកនាំបំផ្លិចបំផ្លាញប្រទេសរបស់មេដឹកនាំខ្មែរក្រហម ជាពិសេសគេមានចម្ងល់ថា ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់ជាតិឯង នៅពេលដែលមេដឹកនាំខ្មែរក្រហមអះអាងថា ខ្លួនឯងជាអ្នកស្នេហាជាតិនោះ?
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា បានឆ្លើយតបនឹងចម្ងល់របស់និស្សិតទាំងនោះថា ៖ «មានលោកសាស្ត្រាចារ្យ ដេវីដ ឆេនល័រ (David Chandler) គាត់ជាអ្នកសរសេរសៀវភៅប្រវត្តិសាស្ត្រខ្មែរយើង គាត់បានឆ្លើយសំណួរហ្នឹង។ គាត់ឆ្លើយថា ពួកហ្នឹងល្ងង់ខ្លៅមែនទែន! គាត់មិនដែលឃើញមនុស្សល្ងង់អ៊ីចឹងសោះ! ដែលដឹកនាំជាតិហើយ សម្លាប់ជាតិឯង។ ចម្លើយដោយខ្លី ខ្មែរក្រហមយកគំនិតស្នេហាជាតិនេះជាការអះអាង ប៉ុន្តែខ្ញុំគិតថា គំនិតស្នេហាជាតិនេះ វាជ្រុលនិយម។ វាធ្វើឲ្យសម្លាប់មនុស្ស ហើយឈានទៅរកការថែរក្សាគំនិតស្នេហាជាតិមួយយ៉ាងនេះ ដែលមិនគួរត្រូវធ្វើតាម ឬដើរតាមទេ»។
និស្សិតឆ្នាំទី៣ នៃផ្នែកបច្ចេកទេសអេឡិចត្រូណិចមួយរូបឈ្មោះ ថ្លាង សុចេន បានវាយតម្លៃលើការជួបជុំរបស់និស្សិត និងប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា គឺលោក ឆាំង យុ គឺជាការស្វែងយល់បន្ថែមពីរបបខ្មែរក្រហមក៏ដូចជាការកាត់ទោសអតីតមេដឹកនាំរបបមួយនេះ។
លោក ថ្លាង សុចេន បានអះអាងថា ៖ «ពីមុនមកខ្ញុំមានចំណេះដឹងតិចតួច ប៉ុន្តែចូលរួមនេះទៅ ខ្ញុំមានចំណេះដឹងថែមទៀត។ និយាយពីការកាត់ទោសខ្មែរក្រហម ហើយនិងនិយាយពីច្បាប់ដែលទាក់ទងនឹងការកាត់ទោសបន្ថែមទៀត»។
និស្សិត ថ្លាង សុចេន ក្នុងវ័យជិត ៣០ឆ្នាំ មកពីខេត្តបន្ទាយមានជ័យ បាននិយាយថា បើទោះជាលោកជានិស្សិតជំនាន់ក្រោយដែលធ្លាប់តែឮឪពុកម្តាយនិយាយប្រាប់ពីរឿងទុក្ខវេទនានៅក្នុងរបបខ្មែរក្រហមក៏ដោយ ក៏លោកជឿថា រឿងរ៉ាវទាំងនោះគឺជាការពិត តាមរយៈអាងទឹកត្រពាំងថ្មនៅខេត្តបន្ទាយមានជ័យ និងភស្តុតាងបន្សល់ទុកនៅគុកទួលស្លែងជាដើម៕
