សិស្ស​នៅ​កំពង់ចាម​បារម្ភ​ពី​ការ​ផ្អាក​កម្មវិធី​អាហារ​ពេលព្រឹក

សិស្សានុសិស្ស​កំព្រា​ទីទ័ល​ក្រ​មួយចំនួន​នៅ​ខេត្ត​កំពង់ចាម បាន​សម្ដែង​នូវ​ក្តី​ព្រួយបារម្ភ​យ៉ាង​ខ្លាំង បន្ទាប់ពី​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក បាន​ប្រកាស​ផ្អាក​ផ្តល់​របប​អាហារ​សម្រន់​ពេលព្រឹក ។

0:00 / 0:00

«ទំនិញ​ឡើង​ថ្លៃ​លុយ​វា​មិន​ដល់ ទិញ​ស្អីៗ​វាខ្វះខាត ចេះ​តែ​ដើរ​រក​ទៅ ។ កោស​ខ្យល់​បោក​ខោអាវ​ឲ្យ​គេ​រាល់​ថ្ងៃ​ហ្នឹង​មិន​ដែល​ទំនេរ​ផង គ្រាន់តែ​ហូប​បាយ​រួច​ទៅបាត់ៗ បោក​ខោអាវ​អី ។ ជួនកាល​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក ។ បើ​ផ្ដាច់​ទាំងអស់​កូន​ខ្ញុំ​អត់​បាន​រៀន​ទេ បើ​យើង​អត់​មាន​ស្អី​ផ្ដល់​ត្រូវតែ​អត់» ៖ ការ​ត្អូញត្អែរ​នេះ​ឮ​ចេញពី​ផ្ទះ​ស្លឹក​ធ្លុះ​ដោយ​អន្លើ មាន​សភាព​ទ្រេត​ខ្លាំង ទប់​ដោយ​ជណ្តើរ ៤​កាំ និង​សសរ​កូន​ឈើ​តូចៗ ។ បន្ទាប់ពី​ទំនិញ​ក្នុង​ពិភពលោក​បាន​ឡើងថ្លៃ ហើយ​អង្គការ​កម្មវីធី​ស្បៀង​អាហារ​ពិភពលោក បាន​ផ្អាក​ផ្តល់​អាហារ​សម្រន់​ពេល​ព្រឹក ដល់​សិស្ស​ក្រីក្រ នៅក្នុង​ប្រទេស​កម្ពុជា​ដែលនាំ​ឲ្យ​សិស្ស ៤៥​ម៉ឺន​នាក់ បច្ចុប្បន្ន​ពុំ​បាន​បន្ត​ទទួលទាន​អាហារ​ពេលព្រឹក​ដូច​សព្វដង ។

ស្រ្តីវ័យ​ជាង​៥០​ឆ្នាំ អើត​ចេញពី​ក្នុង​ផ្ទះ​ស្លឹក​ធ្លុះ​នៅ​ភូមិ​ភ្នំដិល ឃុំ​ភ្នំដិល ស្រុក​បាធាយ ខេត្ត​កំពង់ចាម ឈ្មោះ ទេព កុលាប ឲ្យ​ដឹង​ថា​គាត់​ជា​ស្រី​មេម៉ាយ​រកស៊ី​បោក​ខោ​អាវ និង​កោស​ខ្យល់ យក​កម្រៃ​ចិញ្ចឹម​កូន​៦​នាក់ ។ ក្រោយមក​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​និង​អាជ្ញាធរ រួមទាំង​នាយក​សាលា​បឋមសិក្សា​ភ្នំដិល បាន​ជួយ​ឧបត្ថម្ភ​ស្បៀង សម្ភារៈ​សិក្សា លើកទឹកចិត្ត​ឲ្យ​កូនៗ​បាន​ទៅ​រៀន ។

អ្នកស្រី កុលាប បន្តថា ២-៣​ឆ្នាំ​មក​នេះ​អង្គការ​ជួយ​ស្បៀង​បាន​តែ​កូន​ម្នាក់​ក្នុង​ចំណោម​កូន​ទាំង​៦​នាក់​នោះ ។ នៅ​ដើម​ឆ្នាំ​សិក្សា​២០០៧ សាលា​បាន​ផ្តាច់​អាហារ​សម្រន់​ពេល​ព្រឹក ។ ប៉ុន្តែ​ នៅ​បន្ត​បើក​អាហារូបត្ថម្ភ​ប្រចាំ​ខែ មាន​អង្ករ​១៥​គីឡូក្រាម ប្រេងឆា​១​លីត្រ និង​សណ្តែក​សៀង ២​គីឡូក្រាម ឲ្យ​កូន​ដែល​រៀន​នោះ​នៅឡើយ ។

អ្នកស្រី កុលាប បាន​មាន​ប្រសាសន៍​ថា ៖ «...អត់​ដែរ ទៅ​រក​ហ្នឹង​បាន​ព្រឹក​ខ្វះ​ល្ងាច បាន​ល្ងាច​ខ្វះ​ព្រឹក ប៉ុន្តែ​បាន​កូន​ចេះ​តែ​បន្ត​ទេ ពេល​យើង​ជិត​ដាច់​ខ្យល់​កូន​បន្ត​មក​ទៅ ដូច​បើក​អង្ករ មួយ​ខែ​បើកៗ​អ៊ីចឹង បាន​ជិត​ប្រហែល​កន្លះ​ខែ​ដែរ សម្រាប់​អង្ករ​ហ្នឹង យើង​មាន​យក​ទៅ​ដូរ​ដោះ​អី គ្រាន់តែ​ហូប​ហ្នឹង ។ (ចុះ​សណ្ដែក​សៀង​គេ​ឲ្យ​មក​ហ្នឹង ?) មិន​ទាន់​ធ្វើ​អី​ទុក​លាយ​បាយ តែ​មិន​ទាន់​បាន​លាយ​ផង»

កុមារី កង ស៊ីណា ជា​កូន​និង​ជា​សិស្ស​ថ្នាក់​ទី​៤​ខ នៃ​សាលា​បឋមសិក្សា​ភ្នំដិល ឲ្យ​ដឹង​ថា ស្បៀង​ឧបត្ថម្ភ​ដោយ​អង្គការ​នោះ​ផ្តល់​តែ​សិស្ស​កំព្រា​ក្រីក្រ រៀន​ពី​ថ្នាក់​ទី​៤​ឡើង​ទៅ ។

កុមារី កង ស៊ីណា បន្តថា ៖ «អារម្មណ៍​ខ្ញុំ ខ្ញុំ​មិន​សប្បាយ​ចិត្ត ព្រោះ​ខ្ញុំ​មិន​បាន​អាហារូបករណ៍»

រីឯ​កុមារី ឈឹម ស្រីលីន សិស្ស​ថ្នាក់​ទី​៥ សាលា​បឋមសិក្សា​ភ្នំដិល ឲ្យ​ដឹង​ថា ប្រសិន​បើ​អង្គការ​មិន​ជួយ​ឧបត្ថម្ភ​ស្បៀង​ទៀត​ទេ គេ​ទំនង​ជា​អាច​ឆ្លៀត​ក្រោយ​ម៉ោង​រៀន ទៅ​ស៊ីឈ្នួល​ច្រូត​ស្រូវ​គេ​យក​កម្រៃ​មក​រៀន​បញ្ចប់​ការ​សិក្សា ។

កុមារី ពង់ សុខអេង អាយុ​១៤​ឆ្នាំ សិស្ស​ថ្នាក់​ទី​៦​ខ ឲ្យ​ដឹង​ថា​ស្បៀង​ឧបត្ថម្ភ​ដោយ​អង្គការ តាមរយៈ​សាលា​រៀន​នេះ បាន​ជួយ​ទប់​លំនឹង​សិក្សា​របស់​កុមារី​១​ឆ្នាំ​ឲ្យ​បាន​ល្អ​មិន​បាន​អវត្តមាន ហើយ​ម្តាយ​កុមារី មិន​បាន​អូសទាញ​យក​គេ​ទៅ​ស្វែងរក​ប្រាក់​ទិញ​ស្បៀង ដូច​ពេល​មុន ៖ «ខ្ញុំ​អស់​សង្ឃឹម​ក្នុង​ខ្លួន​នៅ​ពេល​គេ​ផ្ដាច់ អត់​មាន​អង្ករ​អត់​មាន​អី​ហូប ដាច់​ពេល​អីអ៊ីចឹង»

ជីដូន​កុមារី ពង់ សុខអេង បាន​អង្វរករ​ថា​សុំ​ឲ្យ​អង្គការ​និង​នាយក​សាលា កុំ​ផ្តាច់​របប​អាហារ​ដល់​សិស្ស​ក្រីក្រ​ទៀត​អី ដោយ​កុមារី​គ្មាន​ឪពុក​មាន​តែ​ម្តាយ ខំ​ត្រដរ​ដឹក​ត្រី​បន្លែ​ទៅ​លក់​ដល់​ផ្សារ​ផ្អាវ យក​ប្រាក់ចំណេញ​តិចតួច មក​ចិញ្ចឹម​កូន​តូចៗ​៣​នាក់ ៖ «ម៉ែ​ឪ​វា​អត់​ គ្នា​រក​ដែរ តែ​រក​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ ដល់​ឧបត្ថម្ភ​ទៅ​គ្នា​គ្រាន់​បាន​គ្រាន់​ដែរ រក​លុយ​បាន​មក​គ្រាន់​ទិញ​ម្ហូប» ។

កុមារី​សិស្ស​ថ្នាក់​ទី​៥​ខ និយាយថា​គេ​មាន​ផ្ទុក​មេរោគ​អេដស៍​សព្វថ្ងៃ​រស់នៅ​ជាមួយ​ជីតា ។ ឪពុក​ស្លាប់​ចោល ឯ​ម្តាយ​កំពុង​ឈឺ​ធ្ងន់ ។ កុមារី​ថា​បច្ចុប្បន្ន​នាយក​សាលា​ផ្តល់​អាហារូបត្ថម្ភ មួយ​ខែ​អង្ករ​១៥​គីឡូក្រាម ប្រេង​១​លីត្រ និង​គ្រាប់​សណ្តែក​សៀង ២​គីឡូក្រាម រួម​ទាំង​សម្លៀក​បំពាក់ និង​សម្ភារៈ​សិក្សា​ផង ។ រីឯ​អាហារ​សម្រន់​ពេល​ព្រឹក គេ​មិន​បាន​ទទួលទាន​នៅ​សាលា​ដូច​ពី​មុន​ទេ តាំងពី​ចូល​រៀន​ដើម​ឆ្នាំ​នេះ​មក ។ កុមារី​ថា​ទោះជា​យ៉ាងណា​សុំឲ្យ​អង្គការ​នៅ​បន្ត​ផ្តល់​អាហារ​ពេល​ព្រឹក ដល់​សិស្ស​ក្រីក្រ និង​កំព្រា​តទៅ​ទៀត ៖ «ជីវភាព​រឹត​តែ​ក្រីក្រ​ឡើង នាពេល​ដែល​គេ​ប្ដាច់​អាហារូបត្ថម្ភ»

នាយក​សាលា​បឋមសិក្សា​ភ្នំដិល លោក នង សុផល មាន​ប្រសាសន៍​ថា​កុមារ​បាន​ទទួល​ទាន អាហារ​សម្រន់​ពេលព្រឹក និង​អាហារូបត្ថម្ភ​ក្នុង​សាលា​នេះ​មាន​១២៣​នាក់ ។ គេ​ជា​សិស្ស​កំព្រា​ក្រីក្រ ហើយ​រៀន​ចាប់ពី​ថ្នាក់​ទី​៤ ទៅ​ដល់​ថ្នាក់​ទី​៦ គឺ​ជា​សិស្ស​រៀន​ពូកែ​មិន​មាន​អវត្តមាន​ច្រើន​ជាង ១០​ដង ។ លោក​ថា​អាហារ​សម្រន់​ពេល​ព្រឹក​សម្រាប់​កុមារ​កំព្រា​ក្រីក្រ បាន​ផ្តល់​៦​កម្រង​ក្នុង​ស្រុក​បាធាយ ។ នៅ​ក្នុង​ឆ្នាំ​សិក្សា ២០០៧​-​២០០៨​នេះ អាហារ​សម្រន់​នោះ​ត្រូវ​អង្គការ​ស្បៀង​អាហារ​ពិភពលោក​បាន​ផ្អាក ប៉ុន្តែ​ផ្តល់​អាហារូបត្ថម្ភ​រាល់​ខែ ។

លោក នង សុផល បាន​ឲ្យ​ដឹង​ថា ៖ «អត់​បាន​ចាំ​ខែ​ប៉ុន្តែ​ឆ្នាំ​ហ្នឹង​គេ​ផ្ដាច់​មួយ​ឆ្នាំ​ហើយ តាំងពី​ខែ​១០ ដែល​យើង​ចូល​រៀន​ដំបូង​មក​ហ្នឹង ប៉ុន្តែ​នៅ​តែ​បាន​អាហារូបករណ៍​ដដែល ។ ចំពោះ​អាហារ​ពេល​ព្រឹក​គេ​ផ្ដាច់ ព្រោះ​វា​មាន​ចំណុច​ខ្លះ​គេ​ថា សហគមន៍​មិន​គាំទ្រ​ការ​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ តែ​ចំពោះ​សាលា​ខ្ញុំ​អត់​មាន​ពាក់ព័ន្ធ​អ្វី​ទាំងអស់ ពាក់​ព័ន្ធតែ​រឿង​សាលា​យើង​នៅ​ចាប់​ទី​ប្រជុំជន ហើយ​ភាគច្រើន​សិស្ស​ខ្ញុំ​សុទ្ធ​តែ​សិស្ស​ដែល​នៅ​ជាប់​ទី​ផ្សារ ។ អ្នកផ្សារ​កូន​គេ​ហូប​បាន​ឆ្អែត​ទៅ​អាច​សល់​ស្បៀង រួច​យើង​ស្ដាយ​កុំ​ឲ្យ​ស្បៀង​ហ្នឹង​វា​បង្វែរ​មក ចង់​និយាយ​ថា បង្វែរ​ឲ្យ​ចំ​កូន​ក្រីក្រ​ពិត​ប្រាកដ បង្វែរ​ទៅ​កន្លែងណា​ដែល​គេ​ខ្សត់​ខ្សោយ​ខ្លាំង»

ចំណែក​នាយក​សាលា​បឋមសិក្សា​ផ្អាវ លោក ជា អ៊ន មាន​ប្រសាសន៍​ថា​សិស្ស​កំព្រា និង​ទីទ័ល​ក្រ មាន​ចំនួន ១២០​នាក់ ដែល​រៀន​នៅ​ក្នុង​សាលា​នេះ មិន​បាន​ទទួល​អាហារ​សម្រន់​ពេល​ព្រឹក ពី​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ទៀត​ទេ តាំងពី​ខែ​១០ ដើម​ឆ្នាំ​សិក្សា​ថ្មី​មក ។ លោក​ថា​ការ​ផ្តាច់​អាហារ​សម្រន់​ពេលព្រឹក​ដល់​កុមារ​មាន​៣​កម្រង គឺ​នៅ​សាលា​ភ្នំដិល សាលា​បាធាយ និង​សាលា​ផ្អាវ ។ រីឯ​៣​កម្រង​ទៀត មាន​សាលា​តាំងក្រសាំង សាលា​ជាលា និង​សាលា​សណ្តែក នៅ​បន្ត​ផ្តល់​ឲ្យ ។

ពាក់ព័ន្ធនឹង​បញ្ហា​នេះ លោក Thomas នាយក​អង្គការ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា​រយៈពេល​នេះ អង្គការ​ផ្អាក​ផ្តល់​អាហារ​សម្រន់​ពេលព្រឹក ដល់​សាលា​ចំនួន​១៣៤៤ ដែល​ពាក់ព័ន្ធ​សិស្ស ៤៥​ម៉ឺន​នាក់ ក្នុង​១២​ខេត្ត មាន​ឧត្តរមានជ័យ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ ស្ទឹងត្រែង កំពង់សោម ពោធិ៍សាត់ កំពង់ចាម កំពង់់ឆ្នាំង កំពង់ស្ពឺ ព្រៃវែង និង​ស្វាយរៀង ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ផ្តល់​ស្បៀង ចំនួន ៣​ពាន់​តោន មុន​ដំណាច់​ខែ​ឧសភា សម្រាប់​ជួយ​ទ្រទ្រង់​កម្មវិធី​អាហារ​សម្រន់​ពេល​ព្រឹក​ឡើងវិញ ។

លោក Thomas បានមានប្រសាសន៍ថា ៖ "យើង​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​កម្ពុជា​ថា គេ​នឹង​ផ្តល់​អង្ករ​ចំនួន ៣ពាន់​តោន សម្រាប់​កម្មវិធី​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​នឹង​ទទួល​បាន​អង្ករ​នោះ នៅ​បំណាច់​ខែ​ឧសភា​នេះ" ។

តាម​ការ​ឲ្យ​ដឹង​ពី​នាយក​សាលា​នានា​ក្នុង​ស្រុក​បាធាយ ថា​អាហារ​សម្រន់​ពេល​ព្រឹក​សម្រាប់​សិស្ស​ក្រីក្រ​ដែល​អង្គការ​ស្បៀងអាហារ​ពិភពលោក​បាន​ផ្អាក នៅ​ដើម​ឆ្នាំ​សិក្សា ២០០៧​-​២០០៨​នេះ មាន​សិស្ស​ជាង​១០០​នាក់ ក្នុង​១​កម្រងៗ​មិន​បាន​ទទួលទាន​អាហារ​សម្រន់​ពេល​ព្រឹក​នោះ ៕