និស្សិត​មួយ​ចំនួន​បារម្ភ​ពី​ទីផ្សារ​ការងារ​នៅ​កម្ពុជា

និស្សិត​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា បច្ចុប្បន្ន​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​ពិបាក និង​តូច​ចង្អៀត​សម្រាប់​និស្សិត​ដែល​ទើប​ចេញ​ពី​សាលារៀន។
ដោយ សេង សេរីរ័ត្ន
2012-06-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ម៉ា រស្មី រៀន​នៅ​សាកលវិទ្យាល័យ ន័រតុន (Norton) ឆ្នាំ​ទី​៤ ផ្នែក​អគ្គិសនី និង​អេឡិចត្រូនិក បាន​អោយ​ដឹង​ថា លោក​បាន​ដើរ​រក​ការងារ​ធ្វើ​ជា​ច្រើន​កន្លែង​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​កន្លែង​ណា​មួយ​ហៅ​លោក​ទៅ​សម្ភាសន៍​នោះ​ទេ។ លោក​ថា លោក​មាន​ការ​បារម្ភ​ខ្លាំង​ចំពោះ​ទីផ្សារ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ។ ការ​សិក្សា​របស់​លោក​ជិត​បញ្ចប់​ទៅ​ហើយ ក៏​មិន​ដឹង​ថា លោក​នឹង​អាច​រក​ការងារ​បាន​ធ្វើ​សម្រាប់​តប​ស្នង​ទៅ​ដល់​ក្រុម​គ្រួសារ​របស់​លោក ដែល​បាន​ផ្ដល់​ជា​ថវិកា​អោយ​លោក​សិក្សា​រៀន​សូត្រ​នោះ​ដែរ។

លោក​បន្ត​ទៀត​ថា ទីផ្សារ​នៅ​កម្ពុជា តូច​ចង្អៀត​ណាស់ បើ​រាជ​រដ្ឋាភិបាល​បើក​ទីផ្សារ​សេរី​មួយ​នៅ​ឆ្នាំ​២០១៥ ទៀត​នោះ នឹង​រឹត​តែ​ធ្វើ​អោយ​និស្សិត​ជា​ច្រើន​អត់​ការងារ​ធ្វើ​ជា​មិន​ខាន។

លោក អាង គឹមទៀង រៀន​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ផ្នែក​វិទ្យាសាស្ត្រ​សត្វ ឆ្នាំ​ទី​៤ បាន​អោយ​ដឹង​ថា ជំនាញ​របស់​លោក​កាល​ពី​មុន​មិន​សូវ​មាន​ទីផ្សារ​ប៉ុន្មាន​ទេ តែ​បច្ចុប្បន្ន​វា​មាន​ទីផ្សារ​បន្តិច​ហើយ ដោយសារ​ប្រទេស​កម្ពុជា ជា​ប្រទេស​មួយ​ដែល​កំពុង​តែ​អភិវឌ្ឍន៍ និង​មិន​សូវ​មាន​អង្គការ​ណា ឬ​ក៏​ក្រុមហ៊ុន​ណា​មួយ​ដែល​ចូល​មក​វិនិយោគ​ទុន​មក​លើ​ជំនាញ​នេះ​ដែរ។ ភាគ​ច្រើន​និស្សិត​មិន​សូវ​អោយ​តម្លៃ​ជំនាញ​កសិកម្ម​នេះ​ប៉ុន្មាន​ទេ ប៉ុន្តែ​លោក​ថា លោក​ក៏​មាន​ការ​បារម្ភ​ដែរ​ចំពោះ​ការ​ស្វែង​រក​ការងារ​ធ្វើ​របស់​លោក ព្រោះ​ពេល​នេះ​លោក​នឹង​ត្រូវ​បញ្ចប់​នៅ​សាលា​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​បន្ត​ទៀត​ថា លោក​មិន​ដឹង​ថា​នៅ​ពេល​ដែល​លោក​ដាក់​ប្រវត្តិរូប​ទៅ តើ​អង្គការ ឬ​ក្រុមហ៊ុន​ណា​មួយ​អាច​ទទួល​លោក​យក​មក​ធ្វើ​ការ​ជាមួយ​គេ​នោះ​ទេ។

ចំណែក​ឯ​កញ្ញា ស៊ុយ រដ្ឋា រៀន​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ផ្នែក​ទេសចរណ៍ ឆ្នាំ​ទី​១ ប្រាប់​អោយ​ដឹង​ថា នាង​មិន​សូវ​មាន​ការ​ព្រួយ​បារម្ភ​ប៉ុន្មាន​ទេ ចំពោះ​ទីផ្សារ​ការងារ ព្រោះ​ថា មុខ​ជំនាញ​របស់​នាង​គឺ​ងាយ​រក​ការងារ​ធ្វើ ហើយ​នាង​ក៏​សង្ឃឹម​ថា នៅ​ពេល​ដែល​បញ្ចប់​ការ​សិក្សា នឹង​អាច​រក​ការងារ​មួយ​បាន​ល្អ​សម្រាប់​ជីវិត​របស់​ខ្លួន និង​សង្គម​គ្រួសារ​របស់​នាង​ដែរ។

កញ្ញា​បន្ត​ទៀត​ថា នៅ​ក្នុង​សង្គម​ការងារ​បច្ចុប្បន្ន ភាគ​ច្រើន​តាម​អង្គការ ឬ​ក្រុមហ៊ុន​នៅ​ពេល​ជ្រើសរើស​បុគ្គលិក​ធ្វើ​ការងារ​ម្តងៗ មិន​សូវ​រើស​យក​និស្សិត​ដែល​បាន​បញ្ចប់​ពី​សាលា​ភ្លាម​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ សកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង លោក សារិក ប៊ុនធឿន មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​និស្សិត​រៀន​ចប់​ហើយ​មិន​សូវ​មាន​ការងារ​ធ្វើ គឺ​ដោយសារ​និស្សិត​មួយ​ចំនួន​រៀន​ចង់​បាន​តែ​សញ្ញាបត្រ និង​មួយ​ចំនួន​ទៀត​ពួក​គាត់​ខ្វះ​សមត្ថភាព​ក្នុង​ការ​ធ្វើ​បទសម្ភាសន៍​ជាមួយ​ក្រុមហ៊ុន។ លោក​យល់​ថា និស្សិត​បច្ចុប្បន្ន​នេះ ការ​សិក្សា​របស់​គាត់​គឺ​នៅ​មាន​កម្រិត​ខ្សោយ​នៅ​ឡើយ។

លោក​បន្ត​ទៀត​ថា និស្សិត​ដែល​បាន​ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​មាន​ចំនួន​និស្សិត ៧៥​ភាគរយ ទៅ ៨០​ភាគរយ ដែល​មាន​ការងារ​ធ្វើ ប៉ុន្តែ​ចំពោះ​តែ​និស្សិត​រៀន​ពេល​យប់​តែប៉ុណ្ណោះ។ លោក​គិត​ថា ទីផ្សារ​ការងារ​នៅ​កម្ពុជា មិន​សូវ​ទូលាយ​ប៉ុន្មាន​ទេ ហើយ​ភាគ​ច្រើន​និស្សិត​ចូល​ចិត្ត​សិក្សា​តែ​ជំនាញ​ដែល​ពួក​គេ​គិត​ថា ការងារ​នោះ​អង្គុយ​នៅ​កន្លែង​ត្រជាក់ ដូចជា​ធនាគារ ហរិញ្ញវត្ថុ ផ្នែក​គណនេយ្យ និង​ផ្នែក​គ្រប់គ្រង​ជាដើម ដែល​លោក​ថា ពួកគេ​គិត​ថា ជំនាញ​ទាំង​អស់​នេះ​ជា​ជំនាញ​មួយ​ដែល​ការងារ​នៅ​ក្នុង​តែ​ការិយាល័យ។

លោក សារិក ប៊ុនធឿន បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ទីផ្សារ​ការងារ​បច្ចុប្បន្ន គឺ​មាន​តែ​ការងារ​ដែល​មាន​ប្រាក់​ខែ​តិចៗ មិន​អាច​យក​ទៅ​ប្រកួតប្រជែង​ជាមួយ​ទីផ្សារ​អន្តរជាតិ​បាន​ទេ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា នៅ​ក្នុង​មួយ​ឆ្នាំៗ មាន​និស្សិត​ចំនួន ៣​ម៉ឺន ទៅ ៤​ម៉ឺន​នាក់ ដែល​បាន​ចេញ​ពី​សាកលវិទ្យាល័យ ហើយ​ភាគ​ច្រើន​ពួក​គាត់​ពិបាក​រក​ការងារ​ធ្វើ​អោយ​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន។

លោក​ថា ការ​សិក្សា​មួយ​ជា​រួម មាន​កម្លាំង​ពលកម្ម​ចំនួន ៣០​ម៉ឺន ទៅ ៤០​ម៉ឺន​នាក់ មាន ២៧​ភាគរយ​ទេ ដែល​អាច​ទទួល​ការងារ​បាន​ធើ្វ ហើយ​នៅ​ក្នុង​ចំណោម ២៧​ភាគរយ​នេះ មាន​អ្នក​ធើ្វ​ការ​រក​ស៊ី​ដោយ​ខ្លួន​ឯង​ផ្ទាល់ និង​អ្នក​ដែល​ទទួល​បាន​ប្រាក់​ខែ​មាន​ចំនួន​ជាង ២០​ភាគរយ​តែប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា និស្សិត​មួយ​ចំនួន​នៅ​ពេល​បច្ចុប្បន្ន​នេះ​ចេះ​បង្កើត​ការងារ​ដោយ​ខ្លួន​ឯង ដោយ​មិន​រង់ចាំ​ការងារ​នៅ​តាម​អង្គការ ឬ​ក្រុមហ៊ុន​នោះ​ទេ។

របាយការណ៍​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​សិស្ស-​និស្សិត ទាំង​នៅ​​សាលា​រដ្ឋ ​និង​ឯក​ជន ​មាន​ប្រមាណ​ ៣,៥​លាន​នាក់ កំពុង​សិក្សា​នៅ​ទូទាំង​​​ប្រទេស។

ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា បច្ចុប្បន្ន​ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ សិក្សា​ឃើញ​ថា នៅ​មាន​ភាព​ទន់​ខ្សោយ ដោយសារ​គ្រូ​មួយ​ចំនួន​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន កើត​មាន​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​អប់រំ ដែល​បណ្ដាល​មក​ពី​គ្រូបង្រៀន​មាន​ប្រាក់​ខែ​ទាប មិន​សមស្រប​នឹង​តម្លៃ​ទំនិញ​លើ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

(

ការ​ដែល​និស្សិត​បញ្ចប់​ការងារ​ហើយ ពុំមាន​ការងារ​ធ្វើ អាច​មក​ពី​កត្តា​ពីរ​ធំៗ៖
១./ សិក្សា​ជំនាញ​ដែល​ទីផ្សារ​មិន​ត្រូវ​ការ (និស្សិត​ទាំង​នោះ​ច្រើន​តែ​ជ្រើស​រើស​ជំនាញ​មួយ តៗគ្នា ជំនាញ​ណា ដែល​ធ្វើ​ការ​ស្រួលៗ ក្នុង​ការិយាល័យ ម៉ាស៊ីន​ត្រជាក់....មិន​គិត​ពី​តម្រូវ​ការ​ទីផ្សារ)
២./ មាន​ការងារ​ធ្វើ​ហើយ មិន​ព្រម​ធ្វើ (ពេល​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន ពិសេស​រោងចក្រ កំពុង​ត្រូវ​ការ​បុគ្គលិក រាប់​ម៉ឺន​នាក់ ហើយ​ប្រាក់​បៀវត្យ​មិន​ក្រោម​១០០​ដុល្លារ​ទេ តែ​គាត់​មិន​ធ្វើ​ទេ ខ្លាច​អន់)
បើ​បងប្អូន​ណា​ចង់​ធ្វើ​អាច​ទៅ​ទាក់ទង www.nea.gov.kh ក៏បាន)

Jun 28, 2012 06:33 AM

ម៉ា​ រស្មី

Dear លោក វិស្វករអគ្គិសនី,
Thanks for your comment, but the fact is when they interviewed me, I did say I am worry but not that kind of worry, and beside I didn't said that I applied for a job for many company and not getting even a single phone call from them. They exaggerated what I said I don't understand what they try to achieve by giving the wrong information from the people they'd interviewed.

Jun 28, 2012 01:39 AM

Reader from Phnom Penh

I think all types of jobs are good and valuable. Frankly, the important thing is our skillful ability. Also, the government should improve the educational system in the whole country, therefore, we could not compete with other Asian countries in 2015.

Jun 27, 2012 05:34 AM

លោក វិស្វករអគ្គិសនី

ពី អំពេញ

Don't be too pessimistic, guys! i think here is not worse than in Greek. Try hard and someday you will get job. Technical students always got more salary than those who learn to work in cool office..., not see the sunlight.

Jun 27, 2012 03:28 AM