បើទោះបីជាមានសាលាពុទ្ធិកសិក្សា ដែលជាកន្លែងសិក្សាសង្កត់ធ្ងន់លើទ្រឹស្ដីព្រះពុទ្ធសាសនា និងភាសាបាលី ចាប់ពីពុទ្ធិកបឋមសិក្សា រហូតដល់ពុទ្ធិកសាកលវិទ្យាល័យក៏ដោយ ចំនួនអ្នកចេះដឹងផ្នែកភាសាបាលីពុំសូវមានច្រើននោះទេ។
សាស្ត្រាចារ្យផ្នែកភាសាបាលី នៃសាកលវិទ្យាល័យព្រះសីហនុរាជ លោក សោ រង្សី មានប្រសាសន៍ថា ការធ្លាក់ចុះនៃការសិក្សាភាសាបាលី បណ្ដាលមកពីពុំសូវមានអ្នកសិក្សា ពុំសូវមានអ្នកគាំទ្រអ្នកសិក្សា ជាភាសាហួសសម័យ។
លោកថ្លែងបន្តថា សមណសិស្ស សិស្ស មានចំនួនតិច ដែលប្រាថ្នារៀនជំនាញភាសាបាលី ក្រោយពេលពួកគេបញ្ចប់ថ្នាក់បាក់ឌុប។ ព្រោះពួកគេយល់ឃើញថា ការរៀនភាសាបាលី មិនអាចជួយឲ្យពួកគេទទួលបានការងារល្អធ្វើឡើយ។ បើសិនសិស្ស និស្សិតខ្មែរ រួមទាំងព្រះសង្ឃផង មិនយកចិត្តទុកដាក់សិក្សាភាសាបាលីឲ្យបានល្អទេ វាអាចនាំឲ្យមានផលប៉ះពាល់ដល់អក្សរសាស្ត្រខ្មែរ និងពុំអាចស្វែងយល់ស៊ីជម្រៅ នៃទ្រឹស្ដីព្រះពុទ្ធសាសនាបានទេ។
ស្រដៀងគ្នានេះដែរ សាស្ត្រាចារ្យបង្រៀនទស្សនៈសាសនា នៅសាកលវិទ្យាល័យសីហនុរាជ ព្រះតេជព្រះគុណ ស៊ិន ភិនី មានថេរដីកាថា ការធ្លាក់ចុះនៃចំនួនអ្នករៀនភាសាបាលី បណ្ដាលមកពីពួកគេមើលមិនឃើញអត្ថប្រយោជន៍ទូលំទូលាយដល់ពួកគេ ព្រោះភាសានេះជាភាសាសម្រាប់តែអ្នកកាន់ព្រះពុទ្ធសាសនា ដែលចង់យល់ដឹងទ្រឹស្ដីព្រះពុទ្ធសាសនា។
ម្យ៉ាងទៀតព្រះតេជព្រះគុណមានថេរដីកាបន្ថែមថា ការធ្លាក់ចុះនៃជំនឿលើព្រះពុទ្ធសាសនា ក៏ជាកត្តាមួយ ដែលនាំឲ្យអ្នករៀនភាសាបាលី ថយចុះដែរ។ ព្រះតេជព្រះគុណពន្យល់ថា នៅពេលពុទ្ធបរិស័ទមិនសូវមានជំនឿលើព្រះពុទ្ធសាសនា ពួកគាត់ក៏មិនចាំបាច់សិក្សាភាសាបាលីធ្វើអ្វីដែរ ព្រោះពួកគាត់មិនត្រូវការចង់ដឹងពីទ្រឹស្ដីជ្រៅជ្រះ របស់ព្រះពុទ្ធសាសនានោះឡើយ។
ដូចគ្នានេះផងដែរ សមណនិស្សិត នៃសាកលវិទ្យាល័យព្រះសីហមុនីរាជា ព្រះតេជព្រះគុណ គង់ លី មានថេរដីកាថា ការគ្មានទីផ្សារការងារជាផ្នែកមួយ ដែលនាំឲ្យសមណសិស្សមិនសូវចាប់អារម្មណ៍រៀនភាសាបាលី។ ព្រះតេជព្រះគុណ បំភ្លឺបន្ថែមថា សមណសិស្សមិនមែនសុទ្ធតែប្រាថ្នា បួសអស់មួយជីវិតនោះទេ សមណសិស្សខ្លះរៀន គឺប្រាថ្នាស្វែងរកជំនាញដើម្បីរកការងារធ្វើ ខណៈពេលដែលពួកគេសឹកទៅវិញ។
ម្យ៉ាងទៀត បណ្ឌិតផ្នែកទស្សនៈវិជ្ជាច្បាប់ លោក សួន ឱសថ សាស្ត្រាចារ្យផ្នែកទស្សនៈវិជ្ជាច្បាប់ នៃសាកលវិទ្យាល័យ ព្រះសីហនុរាជ និងជាជំនួយការស្រាវជ្រាវប្រធានរាជបណ្ឌិតសភា មានប្រសាសន៍ថា ការមិនបានរៀបចំឲ្យមានប្រព័ន្ធអប់រំផ្នែកពុទ្ធិកសិក្សាថ្នាក់មូលដ្ឋានឲ្យបានត្រឹមត្រូវ ជាផ្នែកមួយនាំឲ្យមានការអន់ថយ នៃការសិក្សាភាសាបាលីដែរ។ លោក បញ្ជាក់បន្ថែមថា ការបង្កើតឲ្យមានសាលាពុទ្ធិកបឋមសិក្សា និងមានរចនាសម្ព័ន្ធគ្រប់គ្រងត្រឹមត្រូវ តាមវត្តអារាម វាជាបុព្វហេតុជំរុញឲ្យសមណសិស្សមានអារម្មណ៍ចង់រៀន។
លោក សួន ឱសថ អះអាងបន្តថា ការមិនសូវមានសមណសិស្សរៀន និងអ្នកចេះភាសាបាលី អាចនាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ ដោយមូលហេតុថា ភាសាបាលីជាផ្នែកមួយនៃវប្បធម៌។ លោក អធិប្បាយថា អ្នកប្រាជ្ញខ្មែរជាច្រើន សរសេរពាក្យទូន្មានកូនខ្មែរ ដោយប្រើភាសាបាលីក្នុងអត្ថបទ ដែលបានចងក្រងឡើង។ ដូច្នេះ បើសិនពួកគេទាំងនោះ មិនចេះភាសាបាលីទេ ពួកគេនឹងមិនអាចសិក្សាឲ្យបានស៊ីជម្រៅ នៃពាក្យទូន្មានទាំងនោះបានឡើយ។
ម្យ៉ាងវិញទៀត អ្វីដែលប៉ះពាល់កាន់តែធ្ងន់ធ្ងរទៀតនោះ គឺព្រះពុទ្ធសាសនា បើសិនអ្នកបួសមិនបានសិក្សាភាសាបាលី បព្វជិតទាំងនោះមិនអាចរៀនឲ្យបានយល់ជ្រៅជ្រះ នូវទ្រឹស្ដីព្រះពុទ្ធសាសនាឡើយ។ លើសពីនេះ ការមិនចេះភាសាបាលីនាំឲ្យប៉ះពាល់ដល់វិស័យអក្សរសាស្ត្រខ្មែរ ដោយសារភាសានេះជាប់ពាក់ព័ន្ធជាមួយនឹងភាសាខ្មែរជាយូរមកហើយ។ ហើយភាសានេះ ត្រូវបានប្រជាពលរដ្ឋប្រើជិត ៥០% ឯណោះ។
ទាក់ទិននឹងភាសាបាលីនេះដែរ លោក សួន ឱសថ ឲ្យដឹងថា ភាសាបាលីហូរចូលមកក្នុងសង្គមខ្មែរ តាំងពីមុនសម័យបុរេប្រវត្តិសាស្ត្រមកម្ល៉េះ។ លោកពន្យល់ថា ការហូរនៃភាសាបាលីនេះ មានបីដំណាក់កាល គឺទី១ ដើមសម័យបុរេប្រវត្តិ ដែលនាំចូលមកដោយព្រះសង្ឃពីរអង្គ គឺព្រះសោណត្ថេរ និងឧត្តរត្ថេរ តាមរយៈការផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ទី២ សម័យព្រះបាទ ហ៊ុន ទៀន ដែលនាំមកដោយព្រះបាទ ហ៊ុន ទៀន នៅដើមសម័យបុរេប្រវត្តិ និងទី៣ សម័យអង្គរ ដែលនាំមកដោយព្រះរាជបុត្រនៃព្រះបាទជ័យវរ្ម័នទី៧ ដែលបានទៅសិក្សានៅប្រទេសស្រីលង្កា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។