ការសន្យារបស់ប្រេសិតពិសេស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នេះ ធ្វើឡើងនៅគ្រាលោកចុះពិនិត្យមើលដោយផ្ទាល់ពីស្ថានភាពរស់នៅរបស់អ្នកបុរីកីឡា ដែលនៅសេសសល់ចំនួន ១១៧គ្រួសារ នៅថ្ងៃទី៩ ខែឧភាស នេះ។
លោក សុរិយា ស៊ូប៊ែឌី គឺជាតំណាងពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោកមានប្រសាសន៍នៅថ្ងៃទី៩ ខែឧសភា ថា លោកនឹងតស៊ូមតិលើផ្នែកនេះទៅថ្នាក់ជាតិដើម្បីរកច្រកចេញ។
លោក ស៊ូប៊ែឌី ចាត់ទុកថា នេះជាបញ្ហាមិនគួរកើតចំពោះពលរដ្ឋនៅក្នុងសតវត្សដែលពិភពលោកកំពុងបង្កើនការគោរពសិទ្ធិមនុស្សនោះទេ៖ «ខ្ញុំនឹងសិក្សាឲ្យបានស៊ីជម្រៅ ហើយខ្ញុំនឹងបន្តការពិភាក្សាបន្តទៅទៀត ក្នុងឋានៈរបស់ខ្ញុំតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ខ្ញុំធ្លាប់បានដឹងរួចមកហើយ ខ្ញុំនឹងប្រឹងប្រែងសាជាថ្មីទៀត និង សិក្សាឲ្យបានល្អិតល្អន់»។
ការលើកឡើងរបស់លោក ស៊ូប៊ែឌី បែបនេះ គឺនៅគ្រាដែលលោកចុះពិនិត្យដោយផ្ទាល់ក្នុងទីតាំងដែលពលរដ្ឋបុរីកីឡារស់នៅក្រោមតង់ ក្រោមជណ្តើរ សំយ៉ាប និងអគារក្នុងបរិវេណប្លុកបុរីកីឡា ជាទីដែលពួកគេធ្លាប់រស់នៅ។ ចំណែកស្រី្តបឹងកក់ដែលបានចូលរួមជាមួយអ្នកបុរីកីឡា នៅថ្ងៃ៩ ឧសភា ដែរ ឲ្យដឹងថា ពួកគេប្រឈមនឹងការបែកការគ្រួសារ ព្រោះតែប្ដីរបស់ពួកគាត់ជាមន្ត្រីរាជការត្រូវទទួលរងនូវសម្ពាធពីរដ្ឋាភិបាល ដោយចាត់ទុកថា ការតវារបស់ស្រ្តីបឹងកក់ គឺជាការប្រឆាំងនឹងរដ្ឋាភិបាល។
ក្រុមពលរដ្ឋដែលក្រាញននៀលមិនចាកចេញពីបុរីកីឡា បានស្រែកតវ៉ាប្រឆាំងនឹងក្រុមហ៊ុនផានអ៊ីម៉ិច របស់អ្នកស្រី ស៊ុយ សុផាន ថា ត្រូវតែសង់អគារទី១០ សម្រាប់ពួកគេ។ ពួកគាត់អះអាងថា អគារដែលក្រុមហ៊ុនលក់ម៉ូតូទិញបន្តពីអ្នកស្រី ស៊ុយ សុផាន នៅក្បែរនោះ គឺជាចំណែករបស់ពួកគាត់ដែលត្រូវទទួលបានតាមកិច្ចសន្យាសង់គ្រប់ចំនួន ១០អគារ រវាងក្រុមហ៊ុន ផានអ៊ីម៉ិច និងរដ្ឋាភិបាល សម្រាប់ពលរដ្ឋនៅបុរីកីឡាចំនួន ៣៨៤គ្រួសារ៖ «តវ៉ាមិនបាន ១០អគារមកវិញទេ ពួកខ្ញុំនឹងបន្តការតវាលុះត្រាតែស្លាប់ៗ សុខចិត្តស្លាប់តែម្ដង ដើម្បីផ្ទះសំបែងឲ្យកូនឲ្យចៅរស់នៅ។ គ្នាទីទាល់ក្រ គ្នាដើរអត់មានទីលំនៅជ្រក នៅជ្រកក្រោមជណ្តើរគេ។ អួតខ្លួនថា សង់អគារ១០ ឲ្យប្រជាជន រឿងអីយើងអត់សង់ យើងសង់តែអគារ៨? ខ្ញុំសូមឲ្យជួយពលរដ្ឋនៅបុរីកីឡាផង។ ពលរដ្ឋនៅបុរីកីឡាលំបាកខ្លាំងណាស់។ ខ្ញុំហូបបាយរុយមកតាមពេញហ្នឹង ជួយសាងសង់អគារទៀតមក»។
លោកស្រី កែវ សាកល ចៅសង្កាត់វាល់វង់ ដែលចុះអន្តរាគមន៍បញ្ឈប់ការតវារបស់ពលរដ្ឋដោយផ្ទាល់ មានប្រសាសន៍ថា ភារកិច្ចស្វែងរកដំណោះស្រាយលើផ្នែកនេះ គឺជាការទទួលខុសត្រូវរបស់មន្រ្តីសាលារាជធានីភ្នំពេញ៖ «បញ្ហាដំណោះស្រាយខាងក្រុងកំពុងតែដោះហើយ ខាងក្រុងកំពុងតែដោះ។ មិនមែនសង្កាត់ទេណា ក្រុង»។
ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរីពុំអាចស្នើសុំបំភ្លឺពីលោក កើត ឆែ នាយខុទ្ទកាល័យសាលារាជធានីភ្នំពេញ បានទេ ដោយលោកអះអាងថា ជាប់រវល់។ ចំណែកអ្នកស្រី ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីម៉ិច ក៏ពុំអាចស្នើសុំអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទរោទិ៍ជាច្រើនដងតែពុំមានអ្នកទទួល។
កញ្ញា ឡុង គីមហៀង មន្រ្តីព័ត៌មាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន ដែលចុះឃ្លាំមើលដោយផ្ទាល់ ចាត់ទុកការពន្យារពេលម្ដងហើយម្ដងទៀតក្នុងការដោះស្រាយ និងតែងប្រើប្រាស់កំលាំងសមត្ថកិច្ចប្រឆាំងពលរដ្ឋនេះថា ព្រោះតែរដ្ឋាភិបាលជាប់ទាក់ទិនទៅនឹងទទួលសំណូកពីក្រុមហ៊ុន៖ «នាងខ្ញុំក្នុងនាមសង្គមស៊ីវិល ខ្ញុំអាចនិយាយបានថា វាទាក់ទិនទៅនឹងអំពើពុករលួយ ដែលបណ្តាលឲ្យរដ្ឋាភិបាលមិនធ្វើការទទួលខុសត្រូវទៅលើប្រជាពលរដ្ឋរបស់ខ្លួន ទៅលើបញ្ហាដែលប្រជាពលរដ្ឋឲ្យដោះស្រាយ'»។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តី បានហៅការថ្លែងបែបនេះរបស់អង្គការសង្គមស៊ីវិលថា ជាចេតនាធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការអភិវឌ្ឍន៍របស់រដ្ឋាភិបាល។
នេះពុំមែនជាលើកទីមួយនោះទេសម្រាប់តំណាងពិសេសអង្គការសហប្រជាជាតិក្នុងការស្វែងរកកិច្ចអន្តរាគមន៍លើផ្នែកនេះ។ កន្លងមកលោក ស៊ូប៊ែឌី ក៏ធ្លាប់បានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែរ។ ក៏ប៉ុន្តែត្រូវបានរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ចាត់ទុកថា ពុំមានផលចំណេញសម្រាប់កម្ពុជានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។