លោក ស៊ូប៊ែឌី នឹង​តស៊ូ​មតិ​ក្នុង​ជម្លោះ​ដី​ធ្លី​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា

មន្ត្រី​​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ផ្នែក​​សិទ្ធិ​មនុស្ស អះ​អាង​ថា នឹង​លើក​ពី​បញ្ហា​ដ៏​ចម្រូងចម្រាស​របស់​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ទៅ​ពិភាក្សា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ។
ដោយ ម៉ម មុនីរតន៍
2012-05-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សុរិយា ស៊ូប៊ែឌី ៣០៥
តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) [ស្ដាំ] ថ្លែង​ទៅ​កាន់​សហគមន៍​បុរី​កីឡា នា​តំបន់​បុរី​កីឡា រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១២។
HRTF Photo

ការ​សន្យា​របស់​ប្រេសិត​ពិសេស លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) នេះ ធ្វើ​​ឡើង​នៅ​គ្រា​លោក​ចុះ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​ពី​ស្ថានភាព​រស់​នៅ​របស់​អ្នក​បុរី​កីឡា ដែល​នៅ​សេសសល់​ចំនួន ១១៧​គ្រួសារ នៅ​ថ្ងៃទី​៩ ខែ​ឧភាស នេះ។

លោក សុរិយា ស៊ូប៊ែឌី គឺ​ជា​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ លោក​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ថា លោក​នឹង​តស៊ូ​មតិ​លើ​ផ្នែក​នេះ​ទៅ​ថ្នាក់​ជាតិ​ដើម្បី​រក​ច្រក​ចេញ។

លោក ស៊ូប៊ែឌី ចាត់​ទុក​ថា នេះ​ជា​បញ្ហា​មិន​គួរ​កើត​ចំពោះ​ពលរដ្ឋ​នៅ​ក្នុង​សតវត្ស​ដែល​ពិភពលោក​កំពុង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ទេ៖ «ខ្ញុំ​នឹង​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ ​ហើយ​ខ្ញុំ​នឹង​បន្ត​ការ​ពិភាក្សា​បន្ត​​ទៅ​ទៀត ក្នុង​ឋានៈ​របស់​ខ្ញុំ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅ​បាន។ ខ្ញុំ​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ ខ្ញុំ​នឹង​ប្រឹង​ប្រែង​សា​ជា​ថ្មី​ទៀត និង ​សិក្សា​ឲ្យ​បាន​ល្អិត​ល្អន់»

ការ​លើក​ឡើង​របស់​លោក ស៊ូប៊ែឌី បែប​នេះ គឺ​នៅ​គ្រា​ដែល​លោក​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ក្នុង​ទីតាំង​ដែល​ពលរដ្ឋ​បុរី​កីឡា​រស់​នៅ​ក្រោម​តង់ ក្រោម​ជណ្តើរ សំយ៉ាប និង​អគារ​ក្នុង​បរិវេណ​ប្លុក​បុរី​កីឡា ជា​ទី​​ដែល​ពួក​គេ​ធ្លាប់​រស់​នៅ។ ចំណែក​ស្រី្ត​​បឹងកក់​ដែល​បាន​ចូល​រួម​ជាមួយ​អ្នក​បុរី​កីឡា នៅ​ថ្ងៃ​៩ ឧសភា ដែរ ឲ្យ​ដឹង​ថា ពួក​គេ​ប្រឈម​នឹង​ការ​បែក​ការ​គ្រួសារ ព្រោះ​តែ​ប្ដី​របស់​​ពួក​គាត់​ជា​មន្ត្រី​រាជការ​ត្រូវ​ទទួល​រង​នូវ​សម្ពាធ​ពី​រដ្ឋាភិបាល ដោយ​ចាត់​ទុក​ថា ការ​តវា​របស់​ស្រ្តី​បឹង​កក់ គឺ​​ជា​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល។

ក្រុម​​ពលរដ្ឋ​ដែល​ក្រាញ​ននៀល​មិន​ចាក​ចេញ​ពី​បុរី​កីឡា បាន​ស្រែក​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​ផានអ៊ីម៉ិច របស់​អ្នកស្រី ស៊ុយ សុផាន ថា ត្រូវ​តែ​សង់​អគារ​ទី​១០ សម្រាប់​​ពួក​គេ។ ពួក​គាត់​អះអាង​ថា អគារ​ដែល​ក្រុមហ៊ុន​លក់​ម៉ូតូ​ទិញ​បន្ត​ពី​អ្នកស្រី ស៊ុយ សុផាន នៅ​ក្បែរ​នោះ គឺ​ជា​ចំណែក​របស់​ពួកគាត់​ដែល​ត្រូវ​ទទួល​បាន​តាម​កិច្ច​សន្យា​សង់​គ្រប់​ចំនួន ១០​អគារ រវាង​ក្រុមហ៊ុន ផានអ៊ីម៉ិច និង​រដ្ឋាភិបាល សម្រាប់​ពលរដ្ឋ​នៅ​បុរី​កីឡា​ចំនួន ៣៨៤​គ្រួសារ៖ «តវ៉ា​មិន​បាន ១០​អគារ​មក​វិញ​ទេ ពួក​ខ្ញុំនឹង​បន្ត​ការ​តវា​លុះ​ត្រា​តែ​ស្លាប់ៗ សុខ​ចិត្ត​ស្លាប់​តែម្ដង ដើម្បី​ផ្ទះ​សំបែង​ឲ្យ​កូន​ឲ្យ​ចៅ​រស់​នៅ។ គ្នា​ទីទាល់ក្រ គ្នា​ដើរ​អត់​មាន​ទី​លំនៅ​ជ្រក នៅ​ជ្រក​ក្រោម​ជណ្តើរ​គេ។ អួត​ខ្លួន​ថា សង់​អគារ​១០ ឲ្យ​ប្រ​ជា​ជន រឿង​អី​យើង​អត់​សង់ យើង​សង់​តែ​អគារ​៨? ខ្ញុំ​សូម​ឲ្យ​ជួយ​ពលរដ្ឋ​នៅ​បុរី​កីឡា​ផង។ ពល​រដ្ឋ​នៅ​បុរី​កីឡា​លំបាក​ខ្លាំង​ណាស់។ ខ្ញុំ​ហូប​បាយ​រុយ​មក​​តាម​ពេញ​ហ្នឹង ជួយ​សាង​សង់​អគារ​ទៀត​​មក»

លោកស្រី កែវ សាកល ចៅ​សង្កាត់​វាល់វង់ ដែល​​ចុះ​អន្តរាគមន៍​បញ្ឈប់​ការ​តវា​របស់​ពលរដ្ឋ​ដោយ​ផ្ទាល់ មាន​ប្រសាសន៍​ថា ភារកិច្ច​ស្វែង​រក​ដំណោះស្រាយ​លើ​ផ្នែក​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ៖ «បញ្ហា​ដំ​ណោះ​ស្រាយ​ខាង​ក្រុង​កំ​ពុង​តែ​ដោះ​ហើយ ខាង​ក្រុង​​កំពុង​តែ​ដោះ។ មិន​មែន​សង្កាត់​ទេ​ណា ក្រុង»

ទាក់​ទិន​បញ្ហា​នេះ វិទ្យុ​អា​ស៊ី​សេរី​ពុំ​អាច​ស្នើ​សុំ​​បំភ្លឺ​ពី​លោក កើត ឆែ នាយ​ខុទ្ទកាល័យ​សាលា​រាជធានី​ភ្នំពេញ បាន​ទេ ដោយ​លោក​អះ​អាង​ថា ជាប់​រវល់។ ចំណែក​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីម៉ិច ក៏​ពុំ​អាច​ស្នើ​សុំ​អត្ថាធិប្បាយ​បាន​ដែរ ដោយ​ទូរស័ព្ទ​រោទិ៍​ជា​ច្រើន​ដង​តែ​ពុំ​មាន​អ្នក​ទទួល។

កញ្ញា ឡុង គីមហៀង មន្រ្តី​ព័ត៌មាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ដែល​ចុះ​ឃ្លាំ​មើល​​ដោយ​ផ្ទាល់ ចាត់​ទុក​ការ​​ពន្យារ​ពេល​ម្ដង​ហើយ​ម្ដង​ទៀត​​ក្នុង​ការ​ដោះ​ស្រាយ និង​តែង​ប្រើ​ប្រាស់​កំលាំង​សមត្ថកិច្ច​ប្រឆាំង​ពលរដ្ឋ​នេះ​ថា ព្រោះ​តែ​រដ្ឋាភិបាល​​ជាប់​ទាក់​ទិន​ទៅ​នឹង​ទទួល​សំណូក​ពី​ក្រុមហ៊ុន៖ «នាង​ខ្ញុំ​ក្នុង​នាម​សង្គម​ស៊ីវិល ខ្ញុំ​អាច​និយាយ​បាន​ថា វា​ទាក់​ទិន​ទៅ​នឹង​អំ​ពើ​ពុក​រលួយ ដែល​បណ្តាល​​ឲ្យ​រដ្ឋាភិបាល​មិន​ធ្វើ​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ប្រជាពលរដ្ឋ​របស់​ខ្លួន ទៅ​លើ​​បញ្ហា​ដែល​ប្រជាពលរដ្ឋ​​ឲ្យ​ដោះ​ស្រាយ'»

លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ហៅ​ការ​ថ្លែង​បែប​នេះ​របស់​អង្គការ​សង្គម​ស៊ីវិល​ថា ជា​ចេតនា​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។

នេះ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ទេ​សម្រាប់​តំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​លើ​ផ្នែក​នេះ។ កន្លង​មក​លោក ស៊ូប៊ែឌី ក៏​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ដែរ។ ក៏​ប៉ុន្តែ​ត្រូវ​បាន​រដ្ឋាភិបាល​​របស់​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ចាត់​ទុក​ថា ពុំ​មាន​ផល​ចំណេញ​​សម្រាប់​កម្ពុជា​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (10)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ទឹកចិត្តកវី :
នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្តរងកម្ម ប្រជារងទុក្ខ គ្រប់ខែគ្រប់ឆ្នាំ កម្មអើយៗកម្ម មនុស្សដូចគ្នាសោះ គេដេញធាក់ទាត់ វាយទាញអូសញាត់ គួសែនស្រណោះ ពួកទមិឡតិរច្ឆាន មិនបានអាលោះ កំទេចទាំងអស់ ព្រោះប្លន់យកដី។ តុលាកាខ្វាក់ភ្នែក មិនលឺសម្រែក ប្រជាក្រក្រី ព្រោះឈ្លក់នឹងប្រាក់ វង្វេងស្មារតី វីឡាឡានថ្មី ស្រាស្រីកំដរ ។ រាជការគថ្លង់ មិនបានគិតចង់ ជួយដល់អ្នកក្រ តែងអនុវត្តច្បាប់ គ្មានភាពស្មោះស រាស្រ្តចាញ់បន្ត អស់ផ្ទះអស់ដី ។
2012-03-01 11:22

May 10, 2012 08:12 PM

អ្នក​អាន​អនាមិក

The UN special reporter's action to assess Cambodia on human rights this year reflects to the lack of government political wills and rule of laws action in which the government pledged with international community, such as UN to promote human rights in the country.

May 10, 2012 06:26 AM

អ្នក​អាន​អនាមិក

I'm the Cambodian citizen, I trust that the government (Prime Minister Hun Sen and his subordinates have to smart addressing the problem of balancing of the housing development and housing rights of the local people in Borei Kela compound. the negative side will may put Cambodia down of country respect and promote human rights practice to just because of housing right violation and abused by local authority in the country especially in Phnom Penh City where happen in Borei Kela and Boeung Kok communities.

May 10, 2012 06:16 AM

អ្នក​អាន​អនាមិក

Hun sen has China support not worry about this request. the Original of Hun Sen and his Team birth by KILLING regime

May 10, 2012 05:22 AM

អ្នក​អាន​អនាមិក

គួរឲរំភើបចិត្តនិងសុំចូលរូមត្រេកអរជាមួយអ្នកដែលរស់នៅតំបន់បូរីកីឡាផង ដែលលោក ស៊ូរិយ៉ា បា្រសាទ ស៊ូបេឌី បានសន្យាបែបនេះ សង្ឃឹមថាលោកនិងជួយរកដំណោះស្រាយ សមស្របណាមួយដើម្បីឲប្រជាពលរដ្ឋនៅទីនោះ រស់នៅបាន សមរម្យនិងគេផងចុះ ។ សូមអរគុណទុកជាមុន ...

May 10, 2012 02:26 AM

មើល​មតិ​ទាំង​អស់.