មន្រ្តីនៃសមាគមសិទ្ធិមនុស្សអាដហុក ខេត្តកំពង់ចាម លោក នាង សាវ៉ាត មានប្រសាសន៍ថា ៖ «ការចាប់ខ្លួនករណីរំលោភនេះមានតែពាក្យបណ្ដឹងមួយគត់របស់ខាងម្ដាយឪពុកជនរងគ្រោះហ្នឹងដាក់ចូលទៅប៉ូលិស ហើយក៏ចាប់ខ្លួនឃុំ សួរនាំរួចបញ្ជូនមកតុលាការ។ យើងឃើញថា ការដាក់បន្ទុកដើម្បីចាប់ខ្លួនមនុស្សម្នាក់ វាមិនមែនគ្រាន់តែអាងទៅលើពាក្យបណ្ដឹងមួយនោះទេ ព្រោះពាក្យបណ្ដឹងវាមិនមែនជាធាតុផ្សំនៃបទល្មើសមួយដែលអាចចាប់មនុស្សបានទេ សំខាន់ណាស់ ការចាប់មនុស្សដាក់ពន្ធនាគារហ្នឹង សេរីភាពទាំងឡាយនឹងត្រូវបាត់បង់អស់ ធ្វើឲ្យមនុស្សអស់សង្ឃឹមទៅលើច្បាប់ ដូច្នេះយើងសំណូមពរថា ការចាប់ខ្លួននេះអាចធ្វើទៅបាន វាគួរតែមានទម្រង់ដែលអាចធ្វើបាន»។
ការរិះគន់នេះបានកើតមានឡើង បន្ទាប់ពីប៉ូលិសស្រុកដំបែ បានចាប់បញ្ជូនខ្លួនយុវជនជំទង់នោះទៅកាន់តុលាការខេត្ត តាមបណ្តឹងចោទប្រកាន់របស់ឪពុកម្តាយភាគីដើមបណ្តឹង។
ឪពុកយុវជនជំទង់នោះបញ្ជាក់ថា កុមារីអាយុ១៥ឆ្នាំនោះ ជាកូនមន្តី្រប៉ូលិសនៅស្រុកដំបែ ហើយនៅល្ងាចថ្ងៃទី២ ខែមីនាកន្លងមកនេះ យុវតីនោះពឹងឲ្យកូនប្រុសគាត់ជូនទៅផ្ទះ ដោយសន្យាថា នឹងជូនទឹកត្នោតជូមួយលីត្រ។
យុវជនឈ្មោះ ឃី ឃាម ដែលរួមដំណើរជាមួយបានអះអាងថា មិត្តភក្ដិរបស់ខ្លួនពុំបានរំលោភទេ ៖ «មុនដំបូងឲ្យ ឌីណា រួចមកហៅពួកខ្ញុំ តែពួកខ្ញុំអត់បានទៅ ហៅ(យុវជនជាប់ចោទ...)។ ខ្ញុំទៅតាមពីក្រោយ ស្ទុះចាប់កអាវខ្ញុំ សុំលុយខ្ញុំ២ពាន់រៀល តែខ្ញុំអត់មាន ក៏លោតទៅចាប់(យុវជនជាប់ចោទ...) ទម្លាក់រណ្ដៅដួលទាំងពីរ រួចវាស្ទុះឡើងមកដើរជាមួយខ្ញុំវិញមកដល់ផ្ទះ»។
ព្រះចៅអធិការវត្តដែលយុវជនជំទង់នោះស្នាក់នៅបានមានព្រះថេរដីកាថា យុវជននោះត្រូវបានឪពុកខាងស្រីជាមន្ត្រីប៉ូលិសគំរាមប្រមាថបាញ់សម្លាប់ទៅលើម្តាយរបស់គេ នៅពេលដែលគាត់ប៉ុនប៉ងសុំចូលផ្តល់ក្រមាឲ្យដណ្តប់ បន្ទាប់ពីឃើញកូនត្រូវគេដាក់ច្រវាក់ សម្រាតខោអាវឲ្យនៅខ្លួនទទេ។
ប្រធានភូមិដែលត្រូវជាឪពុកមាបង្កើតរបស់យុវតីដើមចោទ បានអះអាងថា ការស៊ើបអង្កេតរបស់លោកពុំមានភស្តុតាងណាមួយបញ្ជាក់ថា យុវជននោះប៉ុនប៉ងរំលោភក្មួយស្រីលោកឡើយ ៖ «ពេលហ្នុងទៅចាប់ដៃនៅខាងមុខនោះ ហ្នឹងខ្ញុំស្ដាប់ពាក្យវានិយាយអ៊ីចឹងដែរ។ វាថា ទៅចាប់ដៃ ហើយអូសដៃទៅ អានោះវាបេះដៃចេញវាដួល ដល់នេះទៅវាចោទថា អាហ្នឹងចាប់វាតែម្ដងទៅ»។
ប្រធានភូមិបានបន្ថែមថា ឪពុកនាងប្តឹងទាមទារ៥លានរៀល។
លោក នួន សាមិន ស្នងការប៉ូលិសខេត្តបានឲ្យដឹងថា ប៉ូលិសកំពុងស៊ើបអង្កេតរកភស្តុតាងដើម្បីបញ្ជាក់ពីរឿងនេះបន្ថែមទៀត។
លោក នាង សាវ៉ាត មន្ត្រីសិទ្ធិមនុស្សបានឲ្យដឹងថា លោកកំពុងរកសាក្សីដើម្បីបញ្ជាក់ថា យុវជនពុំមានកំហុស ដើម្បីស្វែងរកការអន្តរាគមន៍ ប្រយោជន៍ឲ្យគេរស់នៅក្រៅឃុំអាចបន្តការរៀនសូត្របាន៕
