អធិការស្រុកអង្គរជ័យ លោក ពៅ សាមិត បានឲ្យដឹងនៅថ្ងៃទី៩ ធ្នូ ថា សមត្ថកិច្ចរបស់លោកចាប់ខ្លួនសង្ស័យឈ្មោះ នួន តូច អាយុ ៤៣ឆ្នាំ នៅវេលាម៉ោង ៩ព្រឹក។ ជនសង្ស័យត្រូវជាបងប្អូនជីដូនមួយជាមួយកូនក្រមុំ។
លោក ពៅ សាមិត បញ្ជាក់ថា ករណីបោកគ្រាប់បែកនេះជារឿងគំនុំ ពីព្រោះថា ជនសង្ស័យបានលែងលះជាមួយប្រពន្ធដែលជាបងប្អូនជីដូនមួយនឹងគ្នា រីឯកូនក្រមុំក៏ត្រូវជាប្អូនជីដូនមួយនឹងជនសង្ស័យដែរ។
លោក ពៅ សាមិត អះអាងថា ជនសង្ស័យមានបំណងចង់សម្លាប់ម្ដាយមីង និងប្រពន្ធរបស់ខ្លួនដែលទើបលែងលះ ដូច្នេះគេបោកគ្រាប់បែកចូលទៅក្នុងរោងការនៅពេលព្រះសង្ឃកំពុងសូត្រមន្ត ធ្វើឲ្យម្ដាយមីងរបស់ខ្លួន ឈ្មោះ លី ជ្រាន ស្លាប់ភ្លាមៗ និងមានមនុស្សរបួសស្រាល និងធ្ងន់ចំនួន ១០នាក់ផ្សេងទៀត។ ដោយឡែកប្រពន្ធជនសង្ស័យមិនស្ថិតនៅក្នុងហេតុការណ៍នោះទេ។
លោក ពៅ សាមិត បញ្ជាក់ថា ជនសង្ស័យឈ្មោះ នួន តូច ជាប្រជាពលរដ្ឋធម្មតា។ ជនសង្ស័យត្រូវគេបញ្ជូនទៅកាន់ស្នងការដ្ឋានខែត្រកំពត ដើម្បីសាកសួរបន្ត និងចាត់វិធានការតាមផ្លូវច្បាប់។ ដោយឡែកពិធីមង្គលការនោះ ត្រូវបានផ្អាក ពីព្រោះម្ចាស់ដើមការត្រូវរៀបចំពិធីបុណ្យខ្មោចជូនជនរងគ្រោះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។