សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​គប់​គ្រាប់​បែក​ចូល​រោងការ​នៅ​កំពត

សមត្ថកិច្ច​ចាប់​បាន​ជនសង្ស័យ​បោក​គ្រាប់​បែក​ចូល​ទៅ​ក្នុង​រោងការ​នៅ​ស្រុក​អង្គរជ័យ ខេត្ត​កំពត បាន​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១២។

អធិការ​ស្រុក​អង្គរជ័យ លោក ពៅ សាមិត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ធ្នូ ថា សមត្ថកិច្ច​របស់​លោក​ចាប់​ខ្លួន​សង្ស័យ​ឈ្មោះ នួន តូច អាយុ ៤៣​ឆ្នាំ នៅ​វេលា​ម៉ោង ៩​ព្រឹក។ ជន​សង្ស័យ​ត្រូវ​ជា​បង​ប្អូន​ជី​ដូន​មួយ​ជាមួយ​កូន​ក្រមុំ។

លោក ពៅ សាមិត បញ្ជាក់​ថា ករណី​បោក​គ្រាប់បែក​នេះ​ជា​រឿង​គំនុំ ពីព្រោះ​ថា ជន​សង្ស័យ​បាន​លែងលះ​ជាមួយ​ប្រពន្ធ​ដែល​ជា​បង​ប្អូន​ជីដូន​មួយ​នឹង​គ្នា រី​ឯ​កូន​ក្រមុំ​ក៏​ត្រូវ​ជា​ប្អូន​ជី​ដូន​មួយ​នឹង​ជនសង្ស័យ​ដែរ។

លោក ពៅ សាមិត អះអាង​ថា ជន​សង្ស័យ​មាន​បំណង​ចង់​សម្លាប់​ម្ដាយ​មីង និង​ប្រពន្ធ​របស់​ខ្លួន​ដែល​ទើប​លែងលះ ដូច្នេះ​គេ​បោក​គ្រាប់​បែក​ចូល​ទៅ​ក្នុង​រោងការ​នៅ​ពេល​ព្រះសង្ឃ​កំពុង​សូត្រ​មន្ត ធ្វើ​ឲ្យ​ម្ដាយ​មីង​របស់​ខ្លួន ឈ្មោះ លី ជ្រាន ស្លាប់​ភ្លាមៗ និង​មាន​មនុស្ស​របួស​ស្រាល និង​ធ្ងន់​ចំនួន ១០​នាក់​ផ្សេង​ទៀត។ ដោយ​ឡែក​ប្រពន្ធ​ជន​សង្ស័យ​មិន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ទេ។

លោក ពៅ សាមិត បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ នួន តូច ជា​ប្រជាពលរដ្ឋ​ធម្មតា។ ជនសង្ស័យ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខែត្រ​កំពត ដើម្បី​សាកសួរ​បន្ត និង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ ដោយ​ឡែក​ពិធី​មង្គលការ​នោះ ត្រូវ​បាន​ផ្អាក ពីព្រោះ​ម្ចាស់​ដើម​ការ​ត្រូវ​រៀបចំ​ពិធី​បុណ្យ​ខ្មោច​ជូន​ជន​រង​គ្រោះ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។