បញ្ហានេះ ប្រធានប្រតិបត្តិសុខាភិបាលស្រុកព្រៃកប្បាស អះអាងថា ការប្រមូលប្រាក់នោះ ទិញទូកយកឲ្យបុគ្គលិកមណ្ឌលសុខភាពគោកធ្លក សម្រាប់ធ្វើដំណើរព្យាបាលអ្នកជំងឺ។
មន្ត្រីរាជការដែលធ្វើការងារផ្នែកថែទាំសុខភាព នៅក្នុងខេត្តតាកែវ បានចោទថា ប្រធានប្រតិបត្តិស្រុកព្រៃកប្បាស ឈ្មោះ ហឹង សាមិត្ត ពាក់ព័ន្ធអំពើពុករលួយប្រមូលថវិកា ៥លាន ៦សែនរៀល។
បុគ្គលិកមណ្ឌលសុខភាពពន្លៃ សុំមិនប្រាប់ឈ្មោះ ឲ្យដឹងថា ២ឆ្នាំហើយប្រធានប្រតិបត្តិស្រុកព្រៃកប្បាស ឈ្មោះ ហឹង សាមិត្ត បានប្រមូលថវិកាពីមណ្ឌលសុខភាពចំនួន១៤ និង ៣ស្រុក ដើម្បីជួយទៅមណ្ឌលសុខភាពគោកធ្លក ដែលមិនទាន់មានអគារធ្វើការ។ នៅឆ្នាំ២០១២ មណ្ឌលសុខភាពគោកធ្លក ត្រូវទីភ្នាក់ងារបារាំង ដើម្បីអភិវឌ្ឍន៍ (AFD) បានសង់អគារជំនួសវិញ។ ចំណែកថវិកាប្រមូលបាននោះ មិនដឹងយកទៅណា៖ «យក ៤០ម៉ឺនដែរ នៅក្នុងស្រុកប្រតិបត្តិព្រៃកប្បាសហ្នឹង»។
ប្រធានមណ្ឌលសុខភាពព្រៃកប្បាសវ៉ាជាង លោក អ៊ុក សឿន ថ្លែងនៅថ្ងៃ៤ មករា ថា មានការរៃប្រាក់២ឆ្នាំមកហើយ យកទៅជួយមណ្ឌលសុខភាពគោកធ្លក ដើម្បីជួយឲ្យមណ្ឌលសុខភាពនោះដំណើរការព្យាបាលអ្នកជំងឺ។ ប៉ុន្តែរឿងលុយនោះ ប្រើយ៉ាងណាលោកមិនដឹងទេ៖ «ឲ្យមណ្ឌលសុខភាពខ្លះជួយចេញ គឺមាន»។
មន្ត្រីរាជការផ្នែកថែទាំសុខភាព នៅក្នុងខេត្តតាកែវ បានផ្ញើលិខិតមួយច្បាប់មកការិយាល័យវិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃអង្គារ ទី១ ខែមករា ឆ្នាំ២០១៣ ឲ្យជួយស្រាវជ្រាវរកថវិកា ៥លាន ៦សែនរៀល ដែលប្រធានប្រតិបត្តិស្រុកព្រៃកប្បាស ឈ្មោះ ហឹង សាមិត្ត បានប្រមូលថវិកានោះពីឆ្នាំ២០១១ ពីមណ្ឌលសុខភាពនៅខេត្តតាកែវ ចំនួន ៣ស្រុក គឺស្រុកព្រៃកប្បាស ស្រុកសំរោង និងស្រុកអង្គរបុរី ដើម្បីជួយកសាងមណ្ឌលសុខភាពគោកធ្លក។
ឆ្លើយតបនឹងការចោទនោះ លោក ហឹង សាមិត្ត ប្រធានប្រតិបត្តិស្រុកព្រៃកប្បាស ថ្លែងថា ថវិកាជាង ៥លានរៀល ប្រមូលបាននោះ មិនអាចយកទៅសង់អគារ និងមណ្ឌលសុខភាពគោកធ្លក បានទេ។ ថវិកានោះ បង្វែរទិញទូកផ្តល់ឲ្យមណ្ឌលសុខភាពគោកធ្លក ដើម្បីឲ្យបុគ្គលិកសុខាភិបាលធ្វើដំណើរទៅចាក់វ៉ាក់សាំង និងព្យាបាលជំងឺប្រជាពលរដ្ឋ ព្រោះនៅស្រុកអង្គរបុរី ជាតំបន់ទឹកលិច ហើយភូមិនៅឆ្ងាយដាច់ៗពីគ្នា។
លោក ហឹង សាមិត្ត៖ «បុគ្គលិកមណ្ឌលនោះនៅអង្គរបុរី ដល់អីចឹងគ្នាទៅធ្វើការនៅគោកធ្លក វាជាង ១០គីឡូ។ យើងជិះទូករហូត។ មណ្ឌលហ្នឹងអត់ទូក ហើយកាលហ្នឹង ថវិកាយើងអត់ទាន់មាន យើងគ្រាន់តែសុំឲ្យមណ្ឌលផ្សេងៗហ្នឹងជួយយើងជួយទាំងអស់គ្នាឲ្យទូក ព្រោះមណ្ឌលហ្នឹង វានៅក្នុងទឹក វាលិចទឹក អត់ទូកប្រើ ព្រោះមណ្ឌលហ្នឹងគ្នាវាកំសត់ ជួយដើម្បីទិញទូកមួយ។ ទូកនោះវាតម្លៃប្រហែល ៤លានទេ។ ទូកហ្នឹង ដឹកជំងឺក៏ដឹក យើងធ្វើវ៉ាក់សាំង ចាក់ថ្នាំបង្ការធ្វើអីហ្នឹង»។
បញ្ហានេះ ប្រធានមណ្ឌលសុខភាពគោកធ្លក លោក ឈួន ស៊ីដន ថ្លែងថា មណ្ឌលនេះពិតជាបានទទួលទូកជ័រមួយគ្រឿង និងម៉ាស៊ីនរថយន្តសម្រាប់បំពាក់ឲ្យទូកនោះដំណើរការ។ លោកថា ទូកនោះប្រើសម្រាប់មធ្យោបាយធ្វើដំណើរចុះព្យាបាលសុខភាពប្រជាពលរដ្ឋក្នុងឃុំគោកធ្លក និងឃុំដែលនៅក្បែរ៖ «ទូកបានទទួល បានអីហើយអស់ខ្ទង់២០១០ ដើម២០១១ ទិញហើយអស់ហើយ។ ឥឡូវ ទូកហ្នឹងនៅដំណើរការនៅមណ្ឌលសុខភាពគោកធ្លក ដដែល ធ្វើម៉ាស៊ីន ធ្វើអីបន្ថែមអស់ប្រហែលប៉ុណ្ណឹង»។
លិខិតដដែលបានចោទបន្តថា កាលពីឆ្នាំ២០១០ រហូតមកឆ្នាំ២០១២ លោក ហឹង សាមិត្ត បានតម្រូវឲ្យគ្រប់មណ្ឌលសុខភាពបង់លុយហិរញ្ញប្បទានរៀងរាល់ ៣ខែម្តង ជូនប្រតិបត្តិស្រុកព្រៃកប្បាស ៧% នៃចំនួន ៦០% របស់ទឹកលុយដែលមានក្នុងមណ្ឌលសុខភាពមួយៗ។ លុយបង់ទៅនោះ គ្មានវិក្កយបត្រទទួលលុយទេពីមន្ត្រីប្រតិបត្តិស្រុកព្រៃកប្បាស នោះ។ លិខិតដដែលបង្ហាញថា តាមការណែនាំពីក្រសួងសុខាភិបាល ប្រាក់ហិរញ្ញប្បទានឲ្យបង់ទៅស្រុកតែ ៣% ទេ។ ពាក់ព័ន្ធការចោទទាំងនោះ លោក ហឹង សាមិត្ត បានបដិសេធថាជាការបំផ្លើសការពិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។