ជាក់ស្ដែង នៅក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រជាពលរដ្ឋអះអាងថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា បានសន្យាស្ដារស្រះមួយនៅក្នុងឃុំនោះ មុនបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២។ ក្រោយការបោះឆ្នោត ស្រះមិនស្ដារ ហើយបង្ហូរទឹកចេញអស់ពីស្រះទៀត នាំឲ្យរដូវប្រាំង អ្នកស្រុកខ្វះទឹកស្រោចស្រព។
ប្រជាពលរដ្ឋច្រើនភូមិ ក្នុងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១២ បានចោទថា ក្រុមការងារគណបក្សប្រជាជនកម្ពុជា បាននាំក្រុមហ៊ុនមួយឈ្មោះខេមឌ្រីត អិចស៊ីម មកអះអាងថាជួយស្ដារស្រះ ឬបឹងទំហំ ១៩ហិកតារ នៅក្បែរវត្តស្រែរនោង។ មុនភ្ជុំបិណ្ឌ ក្រុមហ៊ុននោះបានបញ្ជាឲ្យអាជ្ញាធរបង្ហូរទឹកចេញឲ្យអស់ពីស្រះ ដើម្បីក្រុមហ៊ុនស្ដារស្រះ។ ប៉ុន្តែ ៣ខែហើយ ស្រះមិនស្ដារ ធ្វើឲ្យពលរដ្ឋខ្វះទឹកប្រើប្រាស់។
បុរសវ័យ ៧៩ឆ្នាំ ឈ្មោះ កុង ហួយ ថ្លែងថា ទឹកគឺជាសេចក្តីត្រូវការចាំបាច់ក្នុងរដូវប្រាំង បើក្រុមហ៊ុនគ្មានលទ្ធភាពស្ដារស្រះដ៏ធំនោះទេ ឬខ្វះលុយ សូមកុំបង្ហូរទឹកចេញពីស្រះដ៏ធំនោះ៖ «វាស់វែងទំហំផ្ទៃបឹង គិតគូរពីរឿងចាក់អាចម៍ដី យកទៅចាក់ឯណាៗ គិតស្រេចអស់ទៅហើយហ្នឹង រួចបាត់រហូត»។
អ្នកភូមិថ្មី ឃុំស្រែរនោង លោក ហេង ទ្រី ថ្លែងថា ពលរដ្ឋកំពុងខ្វះទឹកស្រោចស្រព និងប្រើប្រាស់ បែរជាក្រុមហ៊ុនមកឆបោកស្ដារស្រះឲ្យ ដោយឲ្យអាជ្ញាធរបង្ហូរទឹកចេញឲ្យអស់ តាំងពីថ្ងៃ៣ ខែកញ្ញា មកដល់បច្ចុប្បន្ន ស្រះមិនបានស្ដារដដែល ឯទឹកក៏ហូរចេញជិតអស់៖ «គេថាគេស្ដារគេអី ឥឡូវអត់ឃើញអីចឹង មើលប្រជាជន គ្នាភ័យគ្រប់តែគ្នាហ្នឹង ព្រោះអស់ទឹកបឹង មានអីហូប»។
បុរសឈ្មោះ ហួត ថ្លែងថា រដូវវស្សាជិតផុតហើយ សត្វគោត្រូវការទឹក ឯមនុស្សត្រូវការបោកគក់ និងដាំស្ល។ លោកសុំឲ្យអាជ្ញាធរទប់ទឹកទុកវិញ ប្រសិនបើក្រុមហ៊ុននៅតែពន្យារការស្ដារស្រះនោះ៖ «ហូរ អាទឹកបឹងហ្នឹងរីងទៅ អត់មានឃើញមកកាយមកខ្វែះអី អីចឹងវាកុនទឹកប្រជាពលរដ្ឋនៅក្នុងឃុំ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុនខេមឌ្រីត អិចស៊ីម ដែលរងនូវការចោទនោះបានភ្លាមៗទេ នៅថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា។
ប៉ុន្តែ មេឃុំស្រែរនោង លោក ស្រី សាម ថ្លែងថា ក្រុមហ៊ុនខេមឌ្រីត អិចស៊ីម បានធានាស្ដារស្រះទំហំ ១៩ហិកតារ គម្រោងទឹកប្រាក់ ៦៤ម៉ឺនដុល្លារ។ ក្រុមហ៊ុនបានឲ្យអាជ្ញាធរបង្ហូរទឹកចេញឲ្យអស់ ដើម្បីងាយស្រួលស្ដារដី។ ប៉ុន្តែក្រុមហ៊ុនចេះតែពន្យារស្ដារស្រះច្រើនខែហើយ នាំឲ្យអ្នកស្រុកបារម្ភខ្លាចអត់ទឹកប្រើនៅរដូវប្រាំងនេះ៖ «គាត់បានដាក់ថ្ងៃសម្ពោធបើកការដ្ឋាន អីចឹងពេលដែលបើកសម្ពោធ គឺម្តងដាក់ថ្ងៃនេះអីចឹងទៅ គាត់អត់បានមក។ រួចហើយដាក់ថ្ងៃនោះ គាត់អត់បានមកទៀត។ មុនពេលដែលថាសម្ពោធបើកការដ្ឋានហ្នឹង គឺគាត់បានឲ្យអាជ្ញាធរឃុំហ្នឹង បង្ហូរទឹកចេញទៅ ដើម្បីងាយស្រួលក្នុងការបើកការដ្ឋាន។ ដល់ពេលហើយ វាក៏បាត់ដំណឹងរហូតមកដល់ថ្ងៃនេះមក»។
ជំទប់ទី១ ឃុំស្រែរនោង លោក ម៉ៃ ខែត្រ ថ្លែងថា ស្រះនេះកាលពីឆ្នាំ១៩៩៧ មានអង្គការចៃការ (JICA) បានមកសិក្សាដើម្បីស្ដារ ប៉ុន្តែក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា ទុកឲ្យគណបក្សនោះជាអ្នកស្ដារ។ នៅឆ្នាំ២០០៧ មុនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ក្រុមការងារគណបក្សប្រជាជនកម្ពុជា បន្តអះអាងថា នឹងស្ដារស្រះនោះ។ ឥឡូវ ជិតដល់បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ ទៅហើយ ស្រះនៅតែមិនស្ដារដដែលរហូតមក៖ «ឯកឧត្តម ច័ន្ទ សារុន អីចឹងទៅ គាត់មកជួយស្ដារអីចឹងទៅ ហើយប្រជាពលរដ្ឋយើងក៏ត្រេកអរ»។
គណៈកម្មការអាចារ្យវត្តស្រែរនោង លោក ឡុង ម៉ៅ ថ្លែងថា ស្រះនោះបានផ្តល់ទឹកតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ៥ភូមិ នៅជុំវិញស្រះឲ្យមានទឹកប្រើគ្រប់គ្រាន់ គឺភូមិថ្មី ភូមិត្រពាំងទម្លាប់ ភូមិសាមគ្គី ភូមិត្រពាំងល្បើក និងភូមិស្រែថ្លុក។ លោកថា គម្រោងស្ដារស្រះនោះ គឺជីកដីជម្រៅ ៣ម៉ែត្រចុះក្រោមទំហំ ១៧ហិកតារ ទុកផ្ទៃដី ២ហិកតារ សម្រាប់ចាក់អាចម៍ដី។ ប៉ុន្តែប្រជាពលរដ្ឋបារម្ភខ្លាចទឹកបង្ហូរចេញអស់ពីស្រះ ហើយមិនស្ដារស្រះ ក្លាយទៅជាការចោទពីពលរដ្ឋថា មិនជួយពលរដ្ឋឲ្យមានទឹកជ្រៅប្រើ ទៅធ្វើបាបឲ្យអត់ទឹកប្រើវិញ ខណៈទឹកក្នុងស្រះនោះអាចប្រើបានច្រើនខែ ក្រោយពីរដូវភ្លៀង ជាទម្លាប់យូរណាស់មកហើយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។