សមាគម​គ្រូបង្រៀន​បដិសេធ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បដិសេធ​មិន​ទទួល​យក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​២០១២ ទេ ដោយ​អះអាង​ថា វិញ្ញាសា​ប្រឡង​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា និង​មាន​អំពើ​ពុក​រលួយ ដែល​លទ្ធផល​មិន​អាច​យក​ជា​ការ​បាន។
ដោយ ដែន អយុធ្យា
2012-08-08
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សៀវភៅ​កំណែ ២០១២ ៣០៥
ទីតាំង​លក់​សៀវភៅ​កំណែ​តូចៗ​នៅ​ក្បែរ​សាលា​វិទ្យាល័យ​បាក់ទូក កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០១២ ជា​ថ្ងៃ​ទី​២​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ។
RFA/Mom Sophon

ការ​បែក​ធ្លាយ​វិញ្ញាសា​នេះ ធ្វើ​ឲ្យ​សិស្សានុសិស្ស​ដែល​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​សិក្សា​ដោយ​ប្រើ​សមត្ថភាព​របស់​ខ្លួន​សុទ្ធសាធ មិន​ចេះ​សូក​ប៉ាន់​នោះ សម្ដែង​អារម្មណ៍​ខក​ចិត្ត។

មន្ត្រី​សង្គម​ស៊ីវិល និង​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ (បាក់ឌុប) ឆ្នាំ​នេះ គ្មាន​ជំនឿ​ទៅ​លើ​ការ​ដឹក​នាំ​របស់​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មិន​អាច​ទប់​ស្កាត់​ការ​បែក​វិញ្ញាសា​ប្រឡង​បាន។

លោក រ៉ុង ឈុន ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ នៅ​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១២ លោក​បាន​អះអាង​ថា វិញ្ញាសា​សំខាន់ៗ​បាន​បែក​ធ្លាយ​ស្ទើរ​គ្រប់​មុខ​វិជ្ជា មាន​ដូច​ជា វិញ្ញាសា​គីមីវិទ្យា ជីវវិទ្យា គណិតវិទ្យា និង​មុខ​វិជ្ជា​ខ្មែរ​ជា​ដើម។

លោក​បន្ត​ថា សមាគម​គ្រូ​បង្រៀន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​ប្រឡង​សញ្ញាបត្រ​បាក់​ឌុប ឆ្នាំ​នេះ​ទេ ព្រោះ​គ្មាន​លក្ខណៈ​ត្រឹមត្រូវ គ្មាន​តម្លាភាព និង​គ្មាន​យុត្តិធម៌៖ «យើង​មើល​ឃើញ​ថា មាន​ការ​គ្រប់គ្រង​ដែល​ធ្វើ​ឲ្យ​បេក្ខជន​និមួយៗ​ហ្នឹង បាន​យក​ទូរស័ព្ទ​តាម​ខ្លួន ហើយ​បាន​បើក​ចម្លង​ទៅ​តាម​រយៈ​ហ្វែសប៊ុក (Facebook) ដែល​មាន​បង្ហោះ​ចម្លើយ​នៅ​ក្នុង​ហ្វែសប៊ុក ហើយ​មាន​ក្រុម​មិត្តភ័ក្ដិ​បង្ហោះ​ទៅ​ឲ្យ និង​មាន​ការ​បើក​ចម្លង មាន​ការ​បាញ់​ចម្លើយ​តាម​ទូរស័ព្ទ​ជា​បន្ត​បន្ទាប់»

លោក​បាន​ចាត់​ទុក​សកម្មភាព​ដឹកនាំ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ថា មាន​ភាព​កម្សោយ នាំ​ឲ្យ​វិស័យ​អប់រំ​កម្ពុជា​ធ្លាក់​ចុះ​គុណភាព។

លោក​ថា ក្រៅ​ពី​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង ក៏​មាន​ករណី​មន្ត្រី​អនុរក្ស ឬ​មេ​ប្រយោគ​ទទួល​សំណូក​ពុក​រលួយ​ពី​សិស្ស​ពី ៥ពាន់​ទៅ​៥ម៉ឺន​រៀល ឬ​ច្រើន​ជាង​នេះ ជា​ថ្នូរ​ឲ្យ​បេក្ខជន​អាច​ចម្លង​កំណែ​វិញ្ញាសា។ បន្ថែម​លើ​នេះ លោក រ៉ុង ឈុន បញ្ជាក់​ថា ក៏​មាន​លេច​ឮ​ព័ត៌មាន​ប្រធាន​មណ្ឌល​បាន​សហការ​ជាមួយ​គ្រូ​បង្រៀន​ថ្នាក់​ទី១២ ធ្វើ​កំណែ​លក់​ជូន​បេក្ខជន កើត​មាន​តាម​មណ្ឌល​ប្រឡង​មួយ​ចំនួន​ថែម​ទៀត។

ទាក់​ទិន​បញ្ហា​នេះ យុវ​សិស្ស​ជា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​បាក់ឌុប នៅ​មណ្ឌល​ខេត្ត​ព្រៃវែង មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​សីហា បាន​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង ដែល​ក្រសួង​អប់រំ​មិន​អាច​ទប់​ស្កាត់​បាន។ យុវជន​រូប​នេះ បាន​ហៅ​ការ​បែក​ធ្លាយ​វិញ្ញាសា​ថា នាំ​ឲ្យ​ការ​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​របស់​ខ្លួន​គ្មាន​ន័យ៖ «ខ្ញុំ​ប្រឡង​នេះ ខ្ញុំ​ពឹង​ទៅ​លើ​សមត្ថភាព​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្តង គឺ​មិន​បើក​សំណៅ​ឯកសារ​ចម្លង​ដូច​សិស្ស​ដទៃ​ទៀត​ទេ។ ដូច្នេះ ខ្ញុំ​អន់​ចិត្ត​បន្តិច​ដែរ ព្រោះ​ថា​ការ​ប្រឡង​វា​អយុត្តិធម៌​សម្រាប់​ខ្ញុំ»

ចំណែក​អាណាព្យាបាល​សិស្ស​រស់​នៅ​ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ដែរ​ថា អនុរក្ស ឬ​មេ​ប្រយោគ​ប្រចាំ​មណ្ឌល​ប្រឡង បាន​ជំរិត​យក​លុយ​ពី​កូន​របស់​គាត់​ចន្លោះ​ពី ៥ម៉ឺន​ទៅ​១០ម៉ឺន​រៀល​ក្នុង​១ថ្ងៃ ដោយ​អះអាង​ថា បើ​សិស្ស​ណា​មិន​បង់​ជូន​ពួក​គេ នឹង​មាន​បញ្ហា​ពេល​ប្រឡង។

លោក សន ជ័យ ជា​មន្ត្រី​សម្រប​សម្រួល​បណ្ដាញ​រួប​រួម​ដើម្បី​គណនេយ្យ​ភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ជា​អង្គការ​មួយ​ធ្វើ​ការ​ជាមួយ​យុវជន លោក​ព្រួយ​បារម្ភ​ចំពោះ​ធនធាន​មនុស្ស​របស់​យុវជន​កម្ពុជា ខ្លាច​មិន​មាន​គុណភាព​អាច​ប្រកួត​ប្រជែង​ជាមួយ​យុវជន​ក្នុង​បណ្ដា​ប្រទេស​សមាជិក​សមាគម​អាស៊ាន ពេល​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន នា​ឆ្នាំ​២០១៥។ លោក​បាន​ស្តី​បន្ទោស​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ ដែល​មិន​អាច​ទប់​ស្កាត់​វិញ្ញាសា​ប្រឡង មិន​ឲ្យ​បែក​ធ្លាយ​បាន។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ដើម្បី​បំភ្លឺ​ជុំវិញ​ការ​បែក​ធ្លាយ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា។

ប៉ុន្តែ លោក អ៊ឹង ង៉ោហុក ប្រធាន​នាយក​ដ្ឋាន​មធ្យម​សិក្សា​ចំណេះ​ទូទៅ នៃ​ក្រសួង​អប់រំ បាន​ថ្លែង​ថា ការ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​នេះ មាន​ដំណើរ​ការ​ល្អ និង​ប្រសើរ​ជាង​ឆ្នាំ​កន្លង​ទៅ៖ «គ្មាន​ការ​បែក​ធ្លាយ​វិញ្ញាសា​អ្វី​ទាំង​អស់។ ធម្មតា​ការ​រៀន គឺ​វិញ្ញាសា​គេ​ត្រូវ​ចេញ​គ្រប​ដណ្ដប់​នៅ​ក្នុង​កម្មវិធី​សិក្សា មាន​ន័យ​ថា ខ្លឹមសារ​មាន​នៅ​ក្នុង​សៀវភៅ។ អ៊ីចឹង វា​គ្មាន​អី​ក្រៅ​ពី​ក្នុង​សៀវភៅ​ទេ។ ដូច្នេះ អ្វី​ដែល​ថា​ជា​ការ​ចោទ​ប្រកាន់​ទៅ​លើ​ការ​បែក​ធ្លាយ​វិញ្ញាសា គឺ​ជា​រឿង​មិន​ពិត។ ពីព្រោះ​គណៈ​មេ​ប្រយោគ​យើង​បាន​ត្រួត​ពិនិត្យ​ត្រឹមត្រូវ»

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បង្ហាញ​ថា សម័យ​ប្រឡង​សញ្ញាបត្រ​ទុតិយ​ភូមិ ឬ​សញ្ញាបត្រ​បាក់ឌុប ឆ្នាំ​២០១២ មាន​បេក្ខជន​ប្រឡង​សរុប​ចំនួន ១១៤.៤១៤​នាក់។

មណ្ឌល​ប្រឡង​មាន​ចំនួន ២៥៤​មណ្ឌល និង​មាន​បន្ទប់​ប្រឡង​ចំនួន ៤.៦៦៣​បន្ទប់ នៅ​ទូទាំង​ប្រទេស។ សម័យ​ប្រឡង​សញ្ញាបត្រ​បាក់ឌុប មាន​រយៈពេល ២ថ្ងៃ​កន្លះ ចាប់​ពី​ថ្ងៃ​ចន្ទ ទី​៦ ដល់​ថ្ងៃ​ពុធ ទី​៨ ខែ​សីហា ឆ្នាំ​២០១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ពី ភ្នំពេញ

បើមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយ ចុះចេញទៅ ខ្មែរមិនខ្វះទេ អ្នកមានសមត្ថភាព។

Aug 08, 2012 10:30 PM

អាត្មាភាព ថោង សាលីម

ពី ប/មានជ័យ

ប្រសិនបើមានអំពើរពុករលួយមែន មិនទទួលស្គាល់លទ្ធផល
ប្រឡងជាការល្អ រដ្ឋាភិបាលគួរពង្រឹងការអប់រំឲ្យល្អជាងនេះបន្តិច
ដើម្បីឲ្យយុវជនខ្មែរមានសមត្ថភាពប្រកួតប្រជែងការងារ ក្នុងសហគមន៍អាស៊ាន។

Aug 08, 2012 06:31 PM

ប្រជាជន

ពី pp

លោកឯងជាស្អីមកបដិសេធលទ្ធផលប្រលង។ បើនិយាយបែបនេះមុខសិស្ស ប្រហែលជារត់ប្រាសអាយុហើយ។

Aug 08, 2012 11:40 AM

អ្នក​អាន​អនាមិក

Stop the SHOW OFF with THE certificates you POSSESS and start with the ABILITY you really have. Certificates are only pieces of papers to adorn office walls.

Aug 08, 2012 09:55 AM

DEFINITE PURPOSE CONTROLLER

ពី USA

If we keep do this u know who happy?
Thais and Vietname

Aug 08, 2012 09:00 AM

មើល​មតិ​ទាំង​អស់.