គ្រូ​នៅ​ខែត្រ​មួយចំនួន​ត្អូញត្អែរ​ពី​បញ្ហា​ប្រាក់​ខែ​យឺត

គ្រូ​បង្រៀន​ក្នុង​បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​បាន​ត្អូញត្អែរ​ថា ពួក​គាត់​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​សម្រាប់​ខែ​តុលា​ឡើយ បើ​ទោះ​បី​ជា​ខែ​វិច្ឆិកា​ជិត​ដាច់​ហើយ​ក៏​ដោយ។

គ្រូ​បង្រៀន​ម្នាក់​មក​ពី​ស្រុក​ឈូក ខេត្ត​កំពត បាន​មាន​ប្រសាសន៍​ដោយ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ថា គ្រូ​បង្រៀន​នៅ​ខេត្ត​កំពត​មិន​ទាន់​ប្រាក់​បៀវត្ស​សម្រាប់​ខែ​តុលា​ឡើយ បើ​ទោះ​បី​ជា​ខេត្ត​មួយចំនួន​ផ្សេង​ទៀត រួម​មាន​ខេត្ត​តាកែវ​និង​ខេត្ត​កណ្ដាល បាន​ទទួល​ប្រាក់​ខែ​ខែ​តុលា​រួច​ហើយ​ក៏​ដោយ​ចុះ។

គ្រូ​បង្រៀន​ដដែល​បាន​ឲ្យ​ដឹង​ថា ៖ «អត់​បាន​ទាំងអស់​គ្នា ហើយ​ខេត្ត​តាកែវ​បើក​យូរ​ពេក​ហើយ ខេត្ត​តាកែវ​បើក​មួយ​ខែ​មក​ជិត​បើក​ខែ​១១​ទៀត​ហើយ​ហ្នឹង។ រដ្ឋាភិបាល​ពី​ណា​មក​បាន​ជា​ខុស​គ្នា​អ៊ីចឹង រដ្ឋាភិបាល​ខេត្ត​តាកែវ​ម៉េច​ក៏​មាន​លុយ​អ៊ីចឹង​បើក​ឲ្យ​គ្រូ​ទាំងអស់​គ្នា ដល់​រដ្ឋាភិបាល​ខេត្ត​កំពត​ម៉េច​ក៏​ស្ទះ​ចរាចរណ៍​ថវិកា​ទៅ​វិញ»

គ្រូ​បង្រៀន​ម្នាក់​ទៀត​នៅ​ឯ​ខេត្ត​ព្រៃវែង​ក៏​បាន​តវ៉ា​ពី​ការយឺតយ៉ាវ​នៃ​ការបើក​ប្រាក់​ខែ​នេះ​ដែរ ៖ «ប្រាក់​ខែ​ហ្នឹង​គឺ​នៅ​ស្ទះ​តាំង​ពី​ខែ​១០​មក ឥឡូវ​ខែ​១១​ជិត​ដាច់​ទៀត​ទៅ​ហើយ។ មួយ​ខេត្ត​ព្រៃវែង​គឺ​អត់​ទាន់​បើក​ទាំងអស់ ហើយ​ចំពោះ​ខេត្ត​ផ្សេង​ដែល​មាន​ពួកម៉ាក​ខ្ញុំ​បង្រៀន​ហ្នឹង ខ្ញុំ Call ទៅ គេ​ថា គេ​បើក​ហើយ ខេត្ត​តាកែវ តេ​ទៅ ថា​បើក​ហើយ ខេត្ត​កណ្ដាល​អី​បើក​ហើយ»

ប្រធាន​ការិយាល័យ​យុវជន​និង​កុមារ​នៃ​មន្ទីរ​អប់រំ​ខេត្តព្រៃវែង លោក ផាន អៀន បាន​ឲ្យ​ដឹង​ថា ប្រាក់​ខែ​សម្រាប់​ខែ​តុលា​ត្រូវ​បាន​បើក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ហើយ​នៅ​តាម​ការិយាល័យ​អប់រំ​ស្រុក ហើយ​ថា ប្រាក់​ខែ​នោះ​នឹង​ធ្លាក់​ទៅ​ដល់​ដៃ​គ្រូ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។

លោក ផាន អៀន បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការយឺតយ៉ាវ​នោះ​គឺ​ដោយសារ​តែ​មន្ត្រី​អប់រំ​ខេត្ត​កំពុង​ត្រួត​ពិនិត្យ​ឡើង​វិញ​លើ​ប្រាក់​បៀវត្ស​សម្រាប់​កូន​និង​ប្រពន្ធ។

លោក ផាន អៀន បាន​បញ្ជាក់​ថា ៖ «មាន​ការយឺតយ៉ាវ​ហ្នឹង​ពី​ម្សិលមិញ​ខ្ញុំ​ឃើញ​គណនេយ្យ​រាយការណ៍​ដែរ វា​មាន​ច្រើន​គន្លាក់ ដោយសារ​តែ​យើង​មាន​ការរុះរើ​លុយ ដូច​ថា​ពី​មុន​មក​យើង​មាន​លុយ​កូន ដូច​ថា​កូន​មាន​១​ពាន់​នាក់​អ៊ីចឹង​ទៅ​ណា៎ ដល់​មក​ឆ្នាំ​ថ្មី​នេះ​យើង​ត្រូវ​បញ្ចូល​កូន​ថ្មី អ៊ីចឹង​បញ្ជី​អេតា​ហ្នឹង​វា​ត្រូវ​វ៉ៃ​សា​ថ្មី ព្រោះ​គ្រូ​នៅ​ក្នុង​ខេត្ត​ព្រៃវែង​នេះ​មាន​ជិត​៨​ពាន់ វា​៧​ពាន់​នាក់​ជាង ដល់​អ៊ីចឹង​ទៅ​យើង​ត្រូវ​ធ្វើការ​សើរើ​បញ្ចូល​សា​ថ្មី​ហ្នឹង បាន​វា​ទៅ​ជា​យឺត»