គ្រូ​បង្រៀន​ពីរ​វេន​នៅ​ខេត្ត​ព្រៃវែង​រអ៊ូ​រឿង​បើក​ប្រាក់​ខែ​យឺត

ក្រុម​គ្រូ​បង្រៀន​បង្រៀន​ពីរ​វេន​ទូទាំង​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា ប្រាក់​ខែ​បង្រៀន​ពីរ​វេន​របស់​ពួកគាត់ ក្រសួង​ពាក់ព័ន្ធ​មិន​ទាន់​បើក​ឲ្យ​អស់​រយៈពេល ៨​ខែ​មក​ហើយ គឺ​ចាប់​តាំង​ពី​ខែ​តុលា ឆ្នាំ​២០១១ មក​ដល់​ខែ​មិថុនា ឆ្នាំ​​២០១២។
ដោយ ដែន អយុធ្យា
2012-07-17
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

​តំណាង​គ្រូ​បង្រៀន​ខេត្ត​ព្រៃវែង ស្នើ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ស្នើ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ពន្លឿន​បើក​ប្រាក់​ខែ​បង្រៀន​បន្ថែម​ម៉ោង​ជូន​ពួក​គាត់​ឲ្យ​បាន​ទៀងទាត់ ព្រោះ​ថា សព្វ​ថ្ងៃ​នេះ​ប្រាក់​ខែ​គ្រូ​តិច​ហើយ​បើក​មិន​បាន​ទៀង​ទាត់​តាម​ខែ​នីមួយៗ​នោះ​ទេ។

តំណាង​គ្រូ​បង្រៀន​ខេត្ត​ព្រៃវែង៖ «សូម​កុំ​ឲ្យ​ឆ្នាំ​ក្រោយៗ​ទៀត​បើក​ប្រាក់​ខែ​បង្រៀន​ពីរ​វេន​យឺត​ទៀត និង​ចង់​ឲ្យ​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ថែម​ទៀត ព្រោះ​គ្រូ​ចាយ​វាយ​មិន​គ្រប់​ទេ បើ​ប្រៀបធៀប​នឹង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​នោះ»

តំណាង​គ្រូ​បង្រៀន​រូប​នេះ​បាន​ត្អូញត្អែរ​ថា ជីវភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​កំពុង​ប្រឈម​ការ​ខ្វះ​ខាត​ថវិកា​ចំណាយ​ទៅ​​លើ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ទំនុក​បម្រុង​ឲ្យ​បាន​ច្រើន​ជាង​នេះ។

​​គ្រូ​បង្រៀន​ពីរ​វេន​ខេត្ត​ព្រៃវែង បាន​រអ៊ូរទាំ​ថា ក្រៅ​ពី​បើក​បៀវត្ស​មិន​បាន​ទៀង​ទាត់​តាម​ខែ​នីមួយៗ ប្រាក់​ខែ​ពួក​គាត់​ក៏​ត្រូវ​គេ​​កាត់​យក​ចន្លោះ​ពី ៥ ទៅ ១០​ម៉ឺន​រៀល​ថែម​ទៀត។

មន្ត្រី​ក្រសួង​អប់រំ​បាន​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​លើ​ករណី​បើក​ប្រាក់​ខែ​យឺតយ៉ាវ​ជូន​គ្រូ​បង្រៀន​ពីរ​វេន​នៅ​ខេត្ត​​ព្រៃវែង នេះ​ទេ។ ប៉ុន្តែ​លោក ហ៊ឹម សុផល ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ព្រៃវែង បាន​ឲ្យ​ដឹង​ថា មូល​​​ហេតុ​​​នាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ប្រាក់​បៀវត្ស​ជូន​គ្រូ​បង្រៀន​ពីរ​វេន​ខេត្ត​ព្រៃវែង យឺត​ពេល ដោយសារ​​តែ​ក្រសួង​​កែ​ប្រែ​ទម្រង់​បែប​បទ​បើក​ប្រាក់​ខែ​តាម​ទម្រង់​ថ្មី។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ប្រាក់​ខែ​គ្រូ​បង្រៀន​ពីរ​វេន​នៅ​ខេត្ត​ព្រៃវែង ក្រសួង និង​មន្ទីរ​អប់រំ​បាន​បើក​ជូន​​គ្រូ​បង្រៀន​រួច​ហើយ៖ «បើក​យឺត​ហ្នឹង​ដោយសារ​ការ​កែប្រែ​នីតិវិធី និង​ទម្រង់​ថ្មី​នាំ​ឲ្យ​ការ​យឺតយ៉ាវ ប៉ុន្តែ​ឥឡូវ​លែង​យឺត​ហើយ ព្រោះ​ក្រសួង​បាន​បើក​ប្រាក់​ខែ​ជូន​គ្រូ​រួច​ហើយ»

​លោក ហ៊ឹម សុផល បាន​បញ្ជាក់​ថា នឹង​បន្ត​ស៊ើប​អង្កេត​ចំពោះ​ករណី​​កាត់​ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​តាម​សាលា​នីមួយៗ ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

​គ្រូ​បង្រៀន​គ្រប់​កម្រិត​នៅ​ទូទាំង​ខេត្ត​ព្រៃវែង សរុប​មាន​ចំនួន​ជាង ៧​ពាន់​នាក់ ជា​និច្ចកាល​ពួក​គាត់​បាន​រអ៊ូរទាំ​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់​ខែ​មិន​បាន​ទៀង​ទាត់​ជា​រៀង​រាល់​ខែ។

ទាក់​ទង​បញ្ហា​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល ឬ​ក្រសួង​អប់រំ មិន​គួរ​​​ទុក​ឲ្យ​ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​បន្ត​បើក​មិន​បាន​ទាន់​ខែ​តាម​ខែ​នីមួយៗ​ទៀត​ទេ។

លោក​ថា ជីវភាព​របស់​គ្រូ​បង្រៀន​គួរ​ណាស់​តែ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់ ព្រោះ​ថា គ្រូ​បង្រៀន​​​ជា​ថ្នាល​សម្រាប់​បណ្ដុះ​ធនធាន​​មនុស្ស ដែល​ជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ទ្រទ្រង់​ប្រទេស​ជាតិ​នា​ថ្ងៃ​អនាគត។

លោក រ៉ុង ឈុន បន្ថែម៖ «ត្រូវ​តែ​គិត​ប្រាក់​ខែ​ជូន​គ្រូ​បង្រៀន​ឲ្យ​បាន​ទៀង​ទាត់ ពីព្រោះ​អ្នក​ដែល​បង្រៀន​ពីរ​ពេល​ហ្នឹង​គាត់​រំពឹង​ទៅ​លើ​ប្រាក់​បង្រៀន​ពីរ​ពេល​ហ្នឹង ដើម្បី​បូក​ជាមួយ​ប្រាក់​ខែ​របស់​គាត់ ធ្វើ​ឲ្យ​ជីវភាព​​បាន​ធូរ​ឡើង។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​ឃើញ​ថា ដូចជា​ករណី​នៅ​ខេត្ត​ព្រៃវែង ក្តី រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​​មិន​ទាន់​ទទួល​បាន​ប្រាក់​បង្រៀន​ពីរ​វេន​នោះ​ទេ ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ក្រសួង និង​មន្ទីរ​អប់រំ​មិន​បាន​យក​ចិត្ត​ទុក​​ដាក់​ចំពោះ​ជីវភាព​គ្រូ​បង្រៀន​ទេ»

​​យ៉ាង​ណា​ក៏ដោយ គ្រូ​បង្រៀន​ខេត្ត​ព្រៃវែង បាន​អំពាវនាវ​ឲ្យ​លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រី​ក្រសួង​អប់រំ ជា​ពិសេស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​ប្រាក់​ខែ​គ្រូ​បង្រៀន​បើក​ឲ្យ​បាន​ទៀង​ទាត់ និង​ជួយ​គិតគូរ​ពី​ជីវភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​ឲ្យ​បាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល