តំណាងគ្រូបង្រៀនខេត្តព្រៃវែង ស្នើមិនបញ្ចេញឈ្មោះម្នាក់ បានស្នើទៅស្ថាប័នពាក់ព័ន្ធជួយពន្លឿនបើកប្រាក់ខែបង្រៀនបន្ថែមម៉ោងជូនពួកគាត់ឲ្យបានទៀងទាត់ ព្រោះថា សព្វថ្ងៃនេះប្រាក់ខែគ្រូតិចហើយបើកមិនបានទៀងទាត់តាមខែនីមួយៗនោះទេ។
តំណាងគ្រូបង្រៀនខេត្តព្រៃវែង៖ «សូមកុំឲ្យឆ្នាំក្រោយៗទៀតបើកប្រាក់ខែបង្រៀនពីរវេនយឺតទៀត និងចង់ឲ្យដំឡើងប្រាក់ខែគ្រូបង្រៀនថែមទៀត ព្រោះគ្រូចាយវាយមិនគ្រប់ទេ បើប្រៀបធៀបនឹងតម្លៃទំនិញនៅលើទីផ្សារនោះ»។
តំណាងគ្រូបង្រៀនរូបនេះបានត្អូញត្អែរថា ជីវភាពរស់នៅរបស់គ្រូបង្រៀនកំពុងប្រឈមការខ្វះខាតថវិកាចំណាយទៅលើអាហារហូបចុកប្រចាំថ្ងៃ ទាមទារឲ្យរដ្ឋាភិបាលជួយទំនុកបម្រុងឲ្យបានច្រើនជាងនេះ។
គ្រូបង្រៀនពីរវេនខេត្តព្រៃវែង បានរអ៊ូរទាំថា ក្រៅពីបើកបៀវត្សមិនបានទៀងទាត់តាមខែនីមួយៗ ប្រាក់ខែពួកគាត់ក៏ត្រូវគេកាត់យកចន្លោះពី ៥ ទៅ ១០ម៉ឺនរៀលថែមទៀត។
មន្ត្រីក្រសួងអប់រំបានបដិសេធមិនផ្ដល់អត្ថាធិប្បាយលើករណីបើកប្រាក់ខែយឺតយ៉ាវជូនគ្រូបង្រៀនពីរវេននៅខេត្តព្រៃវែង នេះទេ។ ប៉ុន្តែលោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង បានឲ្យដឹងថា មូលហេតុនាំឲ្យស្ថាប័នពាក់ព័ន្ធបើកប្រាក់បៀវត្សជូនគ្រូបង្រៀនពីរវេនខេត្តព្រៃវែង យឺតពេល ដោយសារតែក្រសួងកែប្រែទម្រង់បែបបទបើកប្រាក់ខែតាមទម្រង់ថ្មី។
លោកបន្តថា រហូតមកដល់ពេលនេះ ប្រាក់ខែគ្រូបង្រៀនពីរវេននៅខេត្តព្រៃវែង ក្រសួង និងមន្ទីរអប់រំបានបើកជូនគ្រូបង្រៀនរួចហើយ៖ «បើកយឺតហ្នឹងដោយសារការកែប្រែនីតិវិធី និងទម្រង់ថ្មីនាំឲ្យការយឺតយ៉ាវ ប៉ុន្តែឥឡូវលែងយឺតហើយ ព្រោះក្រសួងបានបើកប្រាក់ខែជូនគ្រូរួចហើយ»។
លោក ហ៊ឹម សុផល បានបញ្ជាក់ថា នឹងបន្តស៊ើបអង្កេតចំពោះករណីកាត់ប្រាក់ខែគ្រូបង្រៀននៅតាមសាលានីមួយៗ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គ្រូបង្រៀនគ្រប់កម្រិតនៅទូទាំងខេត្តព្រៃវែង សរុបមានចំនួនជាង ៧ពាន់នាក់ ជានិច្ចកាលពួកគាត់បានរអ៊ូរទាំពីភាពយឺតយ៉ាវក្នុងការបើកប្រាក់ខែមិនបានទៀងទាត់ជារៀងរាល់ខែ។
ទាក់ទងបញ្ហានេះ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា រដ្ឋាភិបាល ឬក្រសួងអប់រំ មិនគួរទុកឲ្យប្រាក់បៀវត្សគ្រូបង្រៀនបន្តបើកមិនបានទាន់ខែតាមខែនីមួយៗទៀតទេ។
លោកថា ជីវភាពរបស់គ្រូបង្រៀនគួរណាស់តែរដ្ឋាភិបាលយកចិត្តទុកដាក់ឲ្យបានដិតដល់ ព្រោះថា គ្រូបង្រៀនជាថ្នាលសម្រាប់បណ្ដុះធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់ទ្រទ្រង់ប្រទេសជាតិនាថ្ងៃអនាគត។
លោក រ៉ុង ឈុន បន្ថែម៖ «ត្រូវតែគិតប្រាក់ខែជូនគ្រូបង្រៀនឲ្យបានទៀងទាត់ ពីព្រោះអ្នកដែលបង្រៀនពីរពេលហ្នឹងគាត់រំពឹងទៅលើប្រាក់បង្រៀនពីរពេលហ្នឹង ដើម្បីបូកជាមួយប្រាក់ខែរបស់គាត់ ធ្វើឲ្យជីវភាពបានធូរឡើង។ ប៉ុន្តែផ្ទុយទៅវិញយើងឃើញថា ដូចជាករណីនៅខេត្តព្រៃវែង ក្តី រហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានប្រាក់បង្រៀនពីរវេននោះទេ ដែលបង្ហាញឲ្យឃើញថា ក្រសួង និងមន្ទីរអប់រំមិនបានយកចិត្តទុកដាក់ចំពោះជីវភាពគ្រូបង្រៀនទេ»។
យ៉ាងណាក៏ដោយ គ្រូបង្រៀនខេត្តព្រៃវែង បានអំពាវនាវឲ្យលោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឲ្យប្រាក់ខែគ្រូបង្រៀនបើកឲ្យបានទៀងទាត់ និងជួយគិតគូរពីជីវភាពរស់នៅរបស់គ្រូបង្រៀនឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
