ការប្រកាសបញ្ចប់បានធ្វើឡើងដោយលោក និល ណុន ប្រធានចៅក្រមជំនុំជម្រះសាលាដំបូង កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០០៩ មុននឹងផ្អាកសវនាការសម្រាប់សប្តាហ៍នេះ ៖ «កិច្ចដំណើរការពិភាក្សាអំពីការដាក់ឯកសារនៅចំពោះមុខអង្គជំនុំជម្រះរបស់ភាគី ដល់ទីបញ្ចប់ហើយ...»។
សវនាការសម្រេចអំពីការដាក់ឯកសារបន្ថែមចុងក្រោយអាចនឹងធ្វើឡើងនៅមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩។
លោកចៅក្រម និល ណុន ថ្លែងថា នៅសប្តាហ៍បន្ទាប់នឹងមិនមានសវនាការទេ ព្រោះអង្គជំនុំជម្រះនឹងជាប់ប្រជុំ។ ក៏ប៉ុន្តែលោកចៅក្រម និល ណុន បានប្រកាសផងដែរថា សវនាការលើសេចក្តីសន្និដ្ឋានចុងបញ្ចប់របស់ភាគីនានានៅក្នុងសំណុំរឿងក្តីរបស់ជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានអង្គជំនុំជម្រះកំណត់រួចហើយ ៖ «គឺគ្រោងធ្វើនៅថ្ងៃទី២៣, ២៤, ២៥ ខែវិច្ឆិកា ឆ្នាំ២០០៩ ខាងមុខនោះ»។
បើទោះជាអង្គជំនុំជម្រះបានគ្រោងរយៈពេល៣ថ្ងៃដូច្នេះក្តី លោកចៅក្រម និល ណុន ថ្លែងថា អង្គជំនុំជម្រះត្រូវការព័ត៌មានអំពីពេលវេលាបន្ថែមទៀត ដែលភាគីនីមួយៗត្រូវការជាក់លាក់សម្រាប់ការឡើងធ្វើសេចក្តីសន្និដ្ឋានបញ្ចប់របស់ខ្លួន។
លោក ការ សាវុត្ថ សហមេធាវីជាតិការពារក្តីឲ្យជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច បានស្នើសុំទៅប្រធានអង្គជំនុំជម្រះដូច្នេះ ៖ «ចំពោះខ្ញុំសុំរយៈពេល៣ម៉ោង លោក ហ្វ្រង់ស្វ័រ សុំ៦ម៉ោង។ ជនជាប់ចោទគាត់សុំដោយឡែក»។
ចំណែកឯភាគីសហព្រះរាជអាជ្ញានិងភាគីដើមបណ្តឹងរដ្ឋប្បវេណីនៅមិនទាន់បញ្ជាក់អំពីពេលវេលាត្រូវការនៅឡើយទេ ព្រោះមិនទាន់បានពិភាក្សាគ្នា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០០៩ សាលាក្តីខ្មែរក្រហមបានឲ្យដឹងថា ចាប់តាំងពីពេលចាប់ផ្តើមសវនាការលើអង្គសេចក្តីនាថ្ងៃទី៣០ មីនា ឆ្នាំ២០០៩មក អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហមបានបើកសវនាការសរុបចំនួន៧២ថ្ងៃដែលមានអ្នកជំនាញ៩នាក់, សាក្សីលើអង្គហេតុចំនួន១៧នាក់, សាក្សីលើអត្តចរិតជនជាប់ចោទ៧នាក់, ដើមបណ្តឹងរដ្ឋប្បវេណីចំនួន២២នាក់ បានផ្តល់សក្ខីកម្ម។
អ្នកចូលមកទស្សនាដំណើរជំនុំជម្រះនៅក្នុងសាលសវនាការផ្ទាល់សរុប២៣.៧៤២នាក់៕
