នាយក​រដ្ឋមន្ត្រី​ថៃ​ប្រតិកម្ម​តប​នឹង​ប្រសាសន៍​របស់​មេ​ដឹកនាំ​ខ្មែរ

2009-09-30

នាយក​រដ្ឋមន្រ្តី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ប្រតិកម្ម​តប​ទៅ​នឹង​ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ជុំវិញ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ។

AFP PHOTO

នាយក​រដ្ឋមន្ត្រី​ថៃ អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva)។

ប្រតិកម្ម​តប​ទៅ​នឹង​ប្រសាសន៍​ព្រមាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP ដែល​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាប់​ពលរដ្ឋ​ថៃ​ណា​ដែល​ឆ្លង​ព្រំដែន​ចូល​មក​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​នោះ នាយក​រដ្ឋមន្រ្តី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ ទី​២៩ កញ្ញា ថា លោក ហ៊ុន សែន មាន​បំណង​ចង់​សងសឹង​តបត​ទៅ​នឹង​ក្រុម​បាតុករ​ថៃ ដែល​បាន​ធ្វើការ​តវ៉ា​ទាមទារ​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា។ ប៉ុន្តែ​នាយក​រដ្ឋមន្រ្តី​ថៃ​បាន​ថ្លែង​បញ្ជាក់​យ៉ាង​ទទូច​ថា ប្រទេស​ថៃ​នៅតែ​ចង់​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិ​វិធី​ចំពោះ​បញ្ហា​ជម្លោះ​ប្រាសាទ​ព្រះវិហារ តាមរយៈ​គណៈកម្មការ​ព្រំដែន​រួម​ដែល​បង្កើត​ឡើង​ដោយ​ប្រទេស​ទាំង​ពីរ។

តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ នៅ​ក្នុង​ឆ្នាំ​១៩៦២ បាន​សម្រេច​កាត់​ក្តី​ប្រគល់​ប្រាសាទ​ព្រះវិហារ​ឲ្យ​ភាគី​ខ្មែរ។ នៅ​ខែ​កក្កដា ឆ្នាំ​២០០៨ អង្គការ​យូណេស្កូ​បាន​ទទួល​យល់​ព្រម​ដាក់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​តាម​សំណើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

នាយក​រដ្ឋមន្រ្តី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ បាន​ថ្លែង​ថា ក្នុង​ឱកាស​នៃ​មហា​សន្និបាទ​របស់​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ញូវយ៉ក កាល​ពី​សប្តាហន៍​មុន លោក​បាន​លើក​បញ្ហា​នេះ​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក បាន គីម៉ូន (Ban Ki-moon) ដោយ​គូស​បញ្ជាក់​ថា ការ​សម្រេច​របស់​យូណេស្កូ​បាន​ធ្វើ​ឲ្យ​ស្ថានភាព​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​កាន់តែ​មាន​សភាព​តានតឹង​ថែម​ទៀត៕

ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង