ថៃ​ប្រតិកម្ម​នឹង​ការ​ស្នើ​ដាក់​បញ្ហា​ទំនាស់​ព្រំដែន​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ឈ្មោះ អេអេហ្វភី (AFP) បាន​ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​ថ្លែង​នៅ​ថ្ងៃ​១៣ តុលា ថា ជម្លោះ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​គួរតែ​ដោះស្រាយ​ជា​ទ្វេ​ភាគី​ជា​ជាង​ដោះស្រាយ​តាម​វេទិកា​អន្តរជាតិ​ដែល​មាន​ការ​ប្រជុំ​នា​ពេល​ខាង​មុខ​នេះ​នៅ​ប្រទេស​ថៃ។

ការ​ប្រកាស​របស់​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពេល​មន្ត្រី​កម្ពុជា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១២ តុលា ថា កម្ពុជា​បាន​ស្នើសុំ​ឲ្យ​ប្រទេស​ថៃ​ដែល​ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឲ្យ​ដាក់​បញ្ហា​ទំនាស់​រវាង​កម្ពុជា​ជាមួយ​ថៃ​នៅ​តាម​តំបន់​ព្រំដែន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​ចូល​ទៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន​ពិភាក្សា។

មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​ហៅ​ការ​ស្នើ​លើក​ឡើង​របស់​ភាគី​កម្ពុជា​ដោយ​ផ្អែក​លើ​របាយការណ៍​មិន​ច្បាស់​លាស់​នៅ​ក្នុង​កាសែត​របស់​ថៃ។

កាល​ពី​សប្តាហ៍​មុន​កាសែត​ថៃ​បាន​សរសេរ​អត្ថបទ​ដោយ​ដកស្រង់​សម្ដី​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ ដែល​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ​កំពុង​ស្វែងរក​ការ​យល់​ព្រម​ពី​កិច្ច​ប្រជុំ​អាស៊ាន​ឲ្យ​មាន​ការ​បង្កើត​យន្តការ​ឯករាជ​មួយ​ដោះស្រាយ​ទំនាស់​រឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ថៃ៕