ខ្មែរ​៦៧​នាក់​លួច​ឆ្លង​ដែន​ទៅ​រក​ការ​ធ្វើ​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​វិញ

យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦៧​នាក់​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ​វិញ ក្រោយ​ពី​ពួក​គេ​បាន​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ តាម​ច្រក​របៀង​នានា​ជាប់​ច្រក​ភ្នំដី ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។

0:00 / 0:00

ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី​ទាំង​៦៧​នាក់ គឺ​បាន​កើត​មាន​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​វិច្ឆិកា មួយ​ថ្ងៃ​បន្ទាប់​ពី​ថៃ​បាន​ដក​ឯកអគ្គរាជទូត​របស់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រឆាំង​ជាមួយ​កម្ពុជា​ដែល​បាន​ទទួល​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ខ្មែរ និង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​សេដ្ឋកិច្ច។

លោក​អនុ​សេនីយ៍ត្រី សុន ណូ នាយ​រង​ប៉ុស្តិ៍​នគរបាល​ច្រក​កូនភ្នំ បាន​ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​៦៧​នាក់​នោះ​ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ចាប់​បញ្ជូន​មក​វិញ ដោយសារ​តែ​ពួក​គេ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ដី​ថៃ។

លោក​អនុ​សេនីយ៍ត្រី សុន ណូ បាន​ឲ្យ​ដឹង​ថា ៖ «៦៧​នាក់ គាត់​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ដែល​ខ្ញុំ​មិន​បាន​ឃើញ... គាត់​បម្រុង​ទៅ​ស្នាក់​អាស្រ័យ​រកស៊ី​នៅ​ហ្នឹង(ប្រទេស​ថៃ)»

លោក សុខ ភក្តី ដែល​រស់​នៅ​ជាប់​ព្រំដែន​ខ្មែរ​ថៃ​ក្នុង​ស្រុក​សំពៅលូន​នោះ បាន​ថ្លែង​ថា ប្រពលរដ្ឋ​ខ្មែរ​ទាំង​៦៧​នាក់​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ព្រឹក​ថ្ងៃ​សុក្រ។

លោក សុខ ភក្តី បាន​បញ្ជាក់​ថា ៖ «ចាប់​ហ្នឹង​នៅ​ចំណុច​កូនភ្នំ តំបន់​ដី​ស ចម្ងាយ​ពី​ច្រក​ប្រហែល​ជា​១​គីឡូ​កន្លះ។ គាត់​ចេញ​ទៅ​ម៉ោង​៤ ចេញ​ទៅ​វា​លំបាក​ក្នុង​ព្រៃ ហើយ​មេ​ខ្យល់​ក៏​រត់​ចោល​ប្រជាពលរដ្ឋ​៦៧​នាក់​ហ្នឹង។ គេ​រត់​ចោល​ទៅ គាត់​អត់​ស្គាល់​ភូមិសាស្ត្រ​ដែន​ដី​ថៃ»

ស្ត្រី​ម្នាក់​អាយុ​៤២​ឆ្នាំ​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ទាំង​៦៧​នាក់​បាន​និយាយ​ថា កង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅ​ទី​នោះ​បាន​ចាប់​ពួក​គាត់​ឃាត់​ទុក​អស់​រយៈពេល​ប្រហែល​ជា​បី​ម៉ោង ហើយ​បាន​ប្រើ​ឲ្យ​បោច​ស្មៅ រើស​សំរាម ប៉ុន្តែ​មិន​មាន​ការ​វាយ​ដំ​ទេ ៖ «គេ​ចាប់​ទាំង​អស់​ហ្នឹង អត់​មាន​វ៉ៃ​ដំ​អី​ទេ។ ខ្មែរ​យើង​នាំ​ចូល​ទៅ ប៉ុន្តែ​គេ​ដើរ​លឿន​ទៅ​មុន​បាត់​ទៅ នៅ​តែ​ខ្ញុំ​ក្រោយ​គេ រក​ផ្លូវ​ទៅ​មិន​ឃើញ»

បុរស​វ័យ​ចំណាស់​៥៧​ឆ្នាំ ឈ្មោះ ចេង អាន បាន​ថ្លែង​ថា រូប​លោក​និង​ពលរដ្ឋ​ទាំង​៦៦​នាក់​ផ្សេង​ទៀត​បាន​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​កំពង់ចាម​និង​ខេត្ត​កំពង់ធំ មក​ស្នាក់​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ហើយ​បាន​នាំ​គ្នា​ចូល​ក្នុង​ទឹក​ដី​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​ជា​លើក​ដំបូង។

លោក ចេង អាន បាន​មាន​ប្រសាសន៍​ថា ៖ «ទៅ​ធ្វើ​កម្មករ​កាប់​អំពៅ លើក​ដំឡូង។ ខាង​កំពង់ចាម មាន​មក​បួន​ដប់​ម្ភៃ​នាក់​ទៅ ខាង​កំពង់ធំ ម្ភៃ​សាមសិប​នាក់​ទៅ វា​ចម្រុះ​គ្នា។ វា​គ្មាន​(ការងារ)​ខាង​ខ្មែរ​យើង​ហ្នឹង វា​អស់​ការងារ​ហើយ»

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ខេត្ត​ក្រុង​នានា​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ភាព​ក្រីក្រ កង្វះ​ការងារ​ធ្វើ បាន​បង្ខំ​និង​រុញ​ច្រាន​ពួក​គេ​ឲ្យ​ធ្វើ​ចំណាក​ស្រុក​ពី​ភូមិ​ឋាន​របស់​ខ្លួន​ដើម្បី​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ បើ​ទោះ​បី​ជា​ពួក​គេ​ដឹង​ថា ប្រឈម​ទៅ​នឹង​បញ្ហា​គ្រោះថ្នាក់​ជា​ច្រើន​ក៏​ដោយ៕