អាជ្ញាធរ​ថៃ​ពង្រាយ​ទាហាន​ឈុត​ខ្មៅ​តាម​ព្រំដែន​កម្ពុជា​ថៃ​និង​បិទ​ច្រក​របៀង

ប្រទេស​ថៃ បាន​ដាក់​ពង្រាយ​កង​ទាហាន​ឈុត​ខ្មៅ​ជាច្រើន​រយ​នាក់ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា និង​បាន​បិទ​ច្រក​របៀង​ទាំង​អស់ ចាប់​ពី​ខេត្ត​បន្ទាយមានជ័យ រហូត​ដល់​ខេត្ត​ឧត្តរមានជ័យ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ។
ដោយ សួន សុផលមុន្នី
2012-10-13
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រំដែន​ខ្មែរ ថៃ ៣០៥
១២-តុលា-២០១១៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ច្រក​របៀង​តំបន់​ជប់​គគីរ ក្នុង​ខេត្ត​ឧត្ដរមានជ័យ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​ទិញ​ទំនិញ និង​វិល​ត្រឡប់​មក​ក្នុង​ទឹក​ដី​ខ្មែរ​វិញ។
RFA/Hang Savyouth

មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី១៣ ខែ​តុលា ថា សកម្មភាព​នេះ​បាន​កើត​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ គោល​ដៅ​សំខាន់​របស់​ភាគី​ថៃ គឺ​ទប់ស្កាត់​ជនជាតិ​ខ្មែរ​ឥស្លាម ពី​ប្រទេស​កម្ពុជា ដែល​ពួក​គេ​សង្ស័យ​ថា​អាច​ច្រៀប​ចូល ឆ្ពោះ​ទៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

កង​ទាហាន​ថៃ ចាប់​ខ្លួន​ជនជាតិ​ឥស្លាម ទាំងអស់ នៅ​ពេល​ពួក​គេ ​រក​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​ណា​ថា​ ជា​ជន​ជាតិ​ចាម នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ ក៏​មាន​ជន​ជាតិ​ចាម ដែល​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ នឹង​បញ្ជូន​មក​កម្ពុជា វិញ​ដែរ ប៉ុន្តែ សម្រាប់​ជន​ជាតិ​ចាម មិន​មាន​លិខិត​ឆ្លង​ដែន ទាហាន​ឈុត​ខ្មៅ​ចាប់​បញ្ជូន​ទៅ​ក្នុង​ប្រទេស​ថៃ។

ប្រភព​ពី​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ បាន​ឲ្យ​ដឹង​ថា ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ដើរ​ចាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ចូល​ទៅ​ប្រទេស​ថៃ ខុស​ច្បាប់​ដាក់​រថយន្ត​ទ្រុង ដឹក​បញ្ជូន​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រគល់​ឲ្យ​អាជ្ញាធរ​ខ្មែរ៖ «ទាហាន​ឈុត​ខ្មៅ​ថៃ រឹត​បន្តឹង​មក អ្នក​ខ្លះ​គេ​និយាយ​ថា ខាង​ខ្មែរ​ឥស្លាម​មួយ​ចំនួន​ទៅ​ធ្វើ​ភេរវកម្ម​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ជាប់​ប្រទេស​ភូមា។ ពេល​អ៊ីចឹង វា​រឹត​បន្តឹង​គ្រប់​កន្លែង តាំង​ពី​ខ្មែរ​យើង​ចូល​ទៅ វា​អត់​ចង់​ឲ្យ​ចូល អត់​មាន​ឯកសារ​ត្រឹមត្រូវ ជាក់​ស្ដែង ឃើញ​អ៊ីចឹង​មែន ប្រជាពលរដ្ឋ​យើង​មក​ពី​ផ្សារ​ថៃ វិញ នាំ​គ្នា​រអ៊ូ​ស្រែក​ថា ឥឡូវ​ថៃ តឹង​ម៉ាំ​ណាស់ ដើរ​មិន​បាន​ទេ។ យើង​មាន​គ្នា ១០នាក់ វា​ខឹង វា​ក្រពុល​មុខ វា​ខឹង​ប្រមូល​ដាក់​ឡាន​ទាំង​អស់។ វា​ខឹង​មិន​និយាយ​អី​ទេ»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុក កែវរតនៈ បាន​ថ្លែង​ថា ទាហាន​ឈុត​ខ្មៅ​ថៃ កំពុង​ពង្រឹង​សកម្មភាព​ត្រួត​ពិនិត្យ​ច្បាប់ ទៅ​លើ​ការ​ឆ្លង​ដែន​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ជន​ជាតិ​ខ្មែរ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ត្រូវ​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​ទាំង​អស់។ នៅ​ក្នុង​ស្រុក​អារ៉ាញ ខេត្ត​ស្រះកែវ ទាហាន​ឈុត​ខ្មៅ​ថៃ បាន​ដាក់​បម្រាម​មិន​ឲ្យ​អាជីវករ​ខ្មែរ​ទាំង​អស់ ដែល​ជា​អ្នក​លក់​ដូរ​នៅ​ផ្សារ​រុងក្លឿ ដើរ​ចេញ​ពី​បរិវេណ​ផ្សារ​នោះ​ទេ ទោះ​បី​ពួក​គាត់​មាន​លិខិត​ស្នាម​ស្រប​ច្បាប់​ក៏ដោយ៖ «យើង​ក៏​ក្ដាប់​មិន​បាន​អំពី​បញ្ហា​ផ្ទៃ​ក្នុង​នយោបាយ​របស់​ថៃ យ៉ាង​ម៉េច​ទេ ប្រហែល​វា​ពាក់ព័ន្ធ​វិបត្តិ​ខ្លះ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ បាន​ជា​ពង្រឹង​សកម្មភាព​តឹងតែង​សម្រាប់​ប្រជាពលរដ្ឋ​យើង»

ក្នុង​រយៈពេល​ពេញ​មួយ​សប្ដាហ៍ ទាហាន​ថៃ មាន​ផែនការ​បិទ​ច្រក​របៀង​ទាំង​អស់​នៅ​តាម​ខ្សែ​បន្ទាត់​បណ្ដោយ​ព្រំដែន ចាប់​ពី​ខេត្ត​បន្ទាយមានជ័យ ដល់​ខេត្ត​ឧត្តរមានជ័យ។ នាយក​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ លោក ពេជ្រ វណ្ណា បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​ឆ្លង​ដែន​ខុស​ច្បាប់ ទាហាន​ថៃ ចាប់​បញ្ជូន​មក​កម្ពុជា វិញ​ទាំង​អស់៖ «ជន​ជាតិ​ចាម ហ្នឹង បើ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ អត់​អី​ទេ ប្រសិន​អត់​មាន គាត់​ចាប់​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ ប៉ុន្តែ​ពលរដ្ឋ​យើង​អ្នក​គ្មាន​លិខិត​ស្នាម​ច្បាស់​លាស់ គ្មាន​លិខិត​ឆ្លង​ដែន ក៏​ពួក​គាត់​ហ្នឹង ចាប់​បញ្ជូន​មក​តាម​ច្រក​ប៉ោយប៉ែត វិញ»

កន្លង​ទៅ​នេះ មេ​បញ្ជាការ​យោធា​ថៃ ធ្លាប់​បាន​ចោទ​ប្រកាន់​ជនជាតិ​ចាម នៅ​ក្នុង​ប្រទេស​កម្ពុជា ថា នាំ​គ្នា​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​គាំទ្រ​ដល់​ក្រុម​ឥស្លាម​ថៃ ដែល​កំពុង​នាំ​គ្នា​បះបោរ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ ជាប់​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) ប៉ុន្តែ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ច្រាន​ចោល​ភ្លាមៗ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ ទោះ​យ៉ាង​ណា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​គ្នា​នេះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​ដាក់​ក្នុង​រថយន្ត​ទ្រុង ដឹក​បញ្ជូន​មក​កម្ពុជា វិញ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (4)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Khmer and Thai love democracy ,we love Buddhism ,we share the same culture,custom and language .Khmer Surin and millions of Thais have Khmer ancestors's blood in their veins,and they know that ! Thais and Khmer used to fight solders to solders against Youns. Many Khmer in the past and present have always sought refuges inThailand,and we know why !
Our king,Ang Doung 1845-1859,after seeking refuge in Thailand,he cam back with Thais support and kicked Viets out of Khmer Land

Oct 17, 2012 12:33 PM

អ្នក​អាន​អនាមិក

ថៃគេធ្វើបែបនេះ 1-ដើម្បីបង្រៀន លោក ហ៊ុន សែន ឲចេះ​ធ្វើការ។ 2-ដើម្បីឲ លោក ហ៊ុន សែន ចេះមានកេរ្តិ៍ខ្មាសផង ក្នុងនាមជាអ្នកដឹកនាំប្រទេស នៅជិតព្រំដែនគ្នា គឺគេធ្វើអញ្ចឹង ។

Oct 14, 2012 09:33 AM

អ្នក​អាន​អនាមិក

ថៃធ្វើបែបនេះ គឺសមមុខសម្រាប់បុរសផ្កាប់មុខនឹងអំណាចនេះហើយ! គេមិនដែលខ្វល់នឹងជីវភាពប្រជាជនទេ តែគេខ្វល់តែ នឹងអំណាចប៉ុណ្ណោះ!

Oct 13, 2012 05:35 PM

អ្នក​អាន​អនាមិក

បើរដ្ធាភិបាលខ្មែរមានការរិតបន្តឹងនៅតាមព្រំដែនខ្មែរយួន អោយបានល្អត្រឹមត្រូវដូចជាថៃ ប្រទេសខ្មែរមិនមានយួនដល់ទៅរាប់លាននាក់ដូចជាសព្វថ្ងៃនេះទេ។
ប្រទេសថៃមិនសូវភ័យនឹងពួកចាមប៉ុន្មាទេ តែគេកំពុងភ័យយ៉ាងខ្លាំង
ព្រោះមានចារជនយួនច្រើនណាស់ ដែលលួចចូលទៅខ្ចីដៃថៃសម្លាប់ថៃ ដូចវាខ្ចីដៃខ្មែរសម្លាប់ខ្មែរអីចឹង!

Oct 13, 2012 10:34 AM