ពលរដ្ឋ​ខ្មែរ​បី​នាក់​ដែល​រង​ការ​បាញ់​រះ​ពី​ទាហាន​ថៃ​ជៀស​ផុត​ពី​ការ​ស្លាប់

ប្រភព​ព័ត៌មាន​ពី​តំបន់​ជាយ​ដែន នៃ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ទាហាន​ថៃ នៃ​ខេត្ត​សុរិន្ទ បាន​បាញ់​រះ​មក​លើ​ទាហាន​ខ្មែរ រួម​នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា កន្លង​ទៅ នៅ​ពេល​ដែល​ពួក​គេ​ទាំង​នោះ បាន​លួច​ចូល​ទៅ​កាប់​ឈើ​គ្រញូង ក្នុង​ទឹក​ដី​ថៃ។
ដោយ ហង្ស សាវយុត
2012-09-22
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ការ​បាញ់​រះ​នោះ បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ ២នាក់​ស្លាប់ និង​ប្រជាពលរដ្ឋ ៣នាក់​ទៀត ដែល​រួម​ដំណើរ​បាន​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ។

ប្រភព​ពី​ក្រុម​គ្រូពេទ្យ​នៅ​ជាប់​តំបន់​ព្រំដែន​កម្ពុជា-ថៃ នៃ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ ៣នាក់ ដែល​បាត់​ខ្លួន​ក្នុង​ទឹក​ដី​ថៃ ៣ថ្ងៃ​មក​ហើយ បាន​ជៀស​ផុត​ពី​ការ​ស្លាប់ បន្ទាប់​ពី​ពួក​គេ បាន​ទទួល​រង​ការ​បាញ់​រះ​ពី​កង​ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ខេត្ត​សុរិន្ទ ក្នុង​ពេល​លួច​ឆ្លង​ព្រំដែន ទៅ​រក​កាប់​ឈើ​ខុស​ច្បាប់​នោះ។

គ្រូពេទ្យ​ប្រចាំ​មណ្ឌល​សុខភាព សង្កាត់​សំបួរ ក្រុង​សំរោង មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី២២ ខែ​កញ្ញា ថា ក្រុម​ប្រជាពលរដ្ឋ​ចំនួន ៣នាក់ ដែល​បាត់​ខ្លួន​នោះ បាន​វិល​ត្រឡប់​មក​ដល់​លំនៅឋាន​វិញ​អស់​ហើយ។ ក៏ប៉ុន្តែ ពួក​គេ​ទាំង ៣នាក់ បាន​រង​របួស​នៅ​លើ​រាងកាយ ដោយ​សារ​គ្រាប់​មីន នៅ​ពេល​ដែល​ព្យាយាម​រត់​គេច​ចេញ​ពី​ការ​បាញ់​រះ របស់​កង​ទាហាន​ថៃ៖ «របួស​គ្នា ៣នាក់ អាច​លូន​គេច​ផុត​ពី​មីន​ប្រភេទ DH គ្រាប់​កង់។ ត្រូវ​ជើង​ទាំង​អស់ ប៉ុន្តែ អត់​ទាន់​មាន​យក​គ្រាប់​ចេញ​ទេ។ ឥឡូវ កំពុង​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត (ឧត្តរមានជ័យ)។ ត្រូវ​គ្រាប់​មីន។ ប្រជាពលរដ្ឋ​ទាំង​នោះ មាន​ទី​លំនៅ​ភូមិ​អូរបាត់ដាវ ក្នុង​សង្កាត់​បន្សាយរក្ស ក្រុង​សំរោង»

ប្រភព​ច្បាស់​ការ បាន​អះអាង​ថា កាល​ពី​ថ្ងៃ​ទី១៩ ខែ​កញ្ញា កន្លង​ទៅ មាន​ក្រុម​ប្រជាពលរដ្ឋ និង​ទាហាន​ខ្មែរ​ចំនួន ៦នាក់ បាន​នាំ​គ្នា​លួច​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​ទឹក​ដី​ថៃ នៅ​ម្តុំ​ចំណុច​អូរ​ទឹកចោល ជិត​បង្គោល​ឡាក់​ព្រំដែន​លេខ​២១ ក្នុង​ភូមិសាស្ត្រ​ជិត​ប្រាសាទ​ខ្នា។ បន្ទាប់​មក កង​ទាហាន​ដែល​ការពារ​ព្រំដែន​ថៃ ខេត្ត​សុរិន្ទ បាន​បាញ់​រះ​ទៅ​លើ​ក្រុម​អ្នក​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​នោះ បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ចំនួន ២នាក់​ស្លាប់ និង​ប្រជាពលរដ្ឋ​ចំនួន ៣នាក់​បាត់​ខ្លួន។

មន្ត្រី​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​អូរស្មាច់ បាន​ឱ្យ​ដឹង​ថា កាល​ពី​រាត្រី​ថ្ងៃ​ទី២០ ខែ​កញ្ញា កន្លង​ទៅ ទាហាន​ថៃ នៃ​ខេត្ត​សុរិន្ទ បាន​ដឹក​សាកសព​ទាហាន​ខ្មែរ​ទាំង​ពីរ​នាក់ មក​ប្រគល់​ឱ្យ​អាជ្ញាធរ​ខ្មែរ​វិញ។ ទាហាន​ទាំង ២នាក់​នោះ ម្នាក់​ឈ្មោះ ចាប ជឹម អាយុ ២១ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ណន ធា អាយុ ២៩ឆ្នាំ។ អ្នក​ទាំង​ពីរ ជា​ទាហាន​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រុង​សំរោង ចំណុះ​ឱ្យ​អង្គភាព គ៨។

លោក ថុន ណុល ជា​អភិបាល​ក្រុង​សំរោង មិន​បាន​ធ្វើ​ការ​អធិប្បាយ​យ៉ាង​ណា​ទេ ចំពោះ​បញ្ហា​នេះ ដោយ​លោក​ជំរុញ​ឱ្យ​សួរ​ទៅ​មេ​បញ្ជាការ​អង្គភាព នៃ​កង​យោធា​នោះ។ ចំណែក លោក ហ៊ាន សុខ ជា​មេ​បញ្ជាការ​អង្គភាព គ៨ បាន​មាន​ប្រសាសន៍​ថា លោក​ពុំ​បាន​ដឹង​ច្បាស់​ឡើយ ជុំវិញ​បញ្ហា​នោះ ដោយ​សារ​តែ​លោក​បាន​ចាក​ចេញ​ពី​អង្គភាព​ទៅ​រៀន​ជំនាញ​ផ្នែក​យោធា​ជាច្រើន​ថ្ងៃ​មក​ហើយ៖ «ខ្ញុំ​អត់​ច្បាស់​ទេ​បង។ ខ្ញុំ​អត់​នៅ ខ្ញុំ​មក​រៀន​នៅ​ឯ​សៀមរាប ប៉ុន្មាន​ថ្ងៃ​ទៅ​ហើយ វា​អត់​ច្បាស់​អា​កន្លែង​ហ្នឹង ទាល់​តែ​សួរ​ទៅ​កន្លែង​ផ្សេងៗ»

កាល​ពី​ចុង​ខែ​កុម្ភៈ កន្លង​ទៅ ទាហាន​ថៃ នៃ​ស្រុក​ភ្នំ​ដងរែក ខេត្ត​សុរិន្ទ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ៣នាក់ ដែល​ជា​អ្នក​ភូមិ​ត្រពាំងទូង សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដែរ នៅ​ពេល​ដែល​ក្រុម​អ្នក​ភូមិ​មាន​គ្នា​ចំនួន ១៧នាក់ នាំ​គ្នា​ឡើង​ភ្នំ​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង ក្នុង​ទឹក​ដី​ថៃ នៅ​ម្ដុំ​ប្រាសាទ​ខ្នារ ជិត​តំបន់​ព្រំដែន នៃ​ប្រាសាទ​តា​មាន់​ធំ ក្នុង​ស្រុក​បន្ទាយ​អំពិល ដែរ​នោះ។

កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស ធ្លាប់​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ជំរុញ​ឲ្យ​បញ្ឈប់​ការ​សម្លាប់​ពលរដ្ឋ​ខ្មែរ​ក្រៅ​ច្បាប់ ពី​ក្រុម​យោធា​ថៃ ដែល​ការពារ​នៅ​តាម​ជាយ​ដែន​ថៃ-កម្ពុជា នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

បូរិន

ពី អន្លង់វែង

សូមអោយលោកមេបញ្ជាការអង្គភាពកុំនិយាយថាមិនដឹងព្រោះកំហុសទាំងនេះជាកំហុសរបស់លោកទាំងអស់ ខុសក៏នៅលើលោក ត្រូវក៏នៅលើលោក នេះជាកាតព្វកិច្ចរបស់លោកទាំងស្រុង នេះជាកាតព្វកិច្ចរបស់លោកផ្ទាល់ ពាក្យលោកដែលថាមិនច្បាស់ សូមលោកធ្វើការជាថ្មី កុំនិយាយថាមិនដឹង។

Sep 27, 2012 12:53 AM

Lee Theang chek

ពី Phnom Penh

កាលពីខ្ញុំនៅរៀនស្រុកសៀមៗធ្លាប់ធ្វើចំពោះជនជាតិភូមិដូច្នោះដែរ។ គ្រានោះដោយមានការសងសឹក ពីទាហានភូមិមាៗ បានចាំស្ទាក់ចាប់ទាហានឈុតខ្មៅចំនួន១០នាក់ រួចកាត់ក្បាលទាហារឈុតខ្មៅ(ថាក់ហានប្រាន)នោះយកដោតនឹងបំពង់ឬស្សីនៅតាមព្រំដែន។ ចាប់តាំងពីនៅមកទាហានសៀមឈប់បាញ់ពលរដ្ឋភូមិមាទៀតទៅ។ នៅជំនាន់ខ្មែរក្រហម នៅតាមព្រំដែនក៏ដូច្នេះដែរ ពួកទាហានសៀមមិនហានធ្វើអ្វីដល់ពួកខ្មែរក្រហមទេ សូម្បីតែទាហានកូនក្មេងស្ពាយកាំភ្លើងអូសដីក៏វាហៅ​ ហួណា (លោកប្រធាន/ចៅហ្វាយនាយ)ដែរ។ ពួកទាហានសៀមវាខ្លាចណាស់ បើសិននរណាជាឃៅឃៅដាក់វាមុន!!!

Sep 23, 2012 11:26 PM

CheyVorman007

ពី AngKor Wat

ខ្មុំឆ្ងល់ថាម៉េចបានសៀមវារាយគ្នាចាំយាមត្បាតគ្មានចន្លោះ
ត្រង់ណាបាន?ចុះស្មែរយើនម៉េចមិនមានទាហានយាមដូច
គេចាំហាមឃាត់ពលរដ្ឆខ្លួន?មកពីខ្វះទាហាន?មកពីដីស្មែរ
ធំពេក?តាមជាយដែនសៀមគេចាក់ថ្នល់កៅស៊ូភ្លឹងៗ ឯង
មើលមិនយល់។អោយតែភ្លេចខ្លួន អាសៀមចាក់ចូលមក
ទៀត។នយោបាយសៀមមិនអោយខ្មែរសិ្នទស្នាលនឹងខ្មែរ
សុរិនងាយៗទេ។

Sep 22, 2012 10:25 AM