ជនរងគ្រោះទាំងពីរនាក់ ត្រូវបានភាគីថៃ បាញ់ប្រហារខណៈដែលប្រជាពលរដ្ឋខ្មែរមានគ្នា១៩នាក់ បានឆ្លងដែនចូលស៊ីឈ្នួលអូសឈើ នៅក្នុងទឹកថៃ ត្រង់ចំណុចបង្គោលព្រំដែនលេខ២៨ ស្ថិតនៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
លោក ហីរ នុល អាយុ៣០ឆ្នាំ រស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានថ្លែងកាលពីថ្ងៃសុក្រ ទី៣១ ខែសីហា ថា ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាលពីវេលាម៉ោង១២:៣០នាទី យប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១២។ លោកបន្តថា ពួកគាត់មានគ្នា១៩នាក់ បានចូលទៅស៊ីឈ្នួលអូសឈើគ្រញូងឲ្យគេ។ ប៉ុន្តែ នៅពេលកំពុងអូសឈើចុះពីលើខ្នងភ្នំដងរែក នៅចំណុចក្បែរបង្គោលព្រំដែនខ្មែរ-ថៃ លេខ២៨ នោះ ស្រាប់តែមានសូរកាំភ្លើងផ្ទុះឡើង។
ពួកគាត់មើលពុំឃើញអ្នកបាញ់ប្រហារទេ ប៉ុន្តែសន្និដ្ឋានថា គឺសមត្ថកិច្ចថៃ៖ «ខ្ញុំចុះមកក្រោមផុតទៅ អ្នកនៅលើភ្នំនៅប្រហែល៥ទៅ៦នាក់ នៅជុំប្អូនមួយដែលថាបាត់ខ្លួន វាមិនដឹងថាមានមូលហេតុអី បានជាបាញ់មនុស្សរបួសម្នាក់បាត់ខ្លួនម្នាក់។ បាញ់ប្រហែល៤ទៅ៥គ្រាប់ទេ ក្រោយមកមានការបាញ់រះចំៗតែម្ដង។ ពួកខ្ញុំនាំគ្នារត់រៀងខ្លួន ធ្វើម៉េចឲ្យបានរួចខ្លួន ចូលដុបចូលព្រៃ ធ្វើម៉េចឲ្យតែបានគេចផុត»។
អ្នកភូមិប្រាសាទត្បែង ឈ្មោះ សុរិយា បានថ្លែងថា ប្រជាពលរដ្ឋខ្មែរឈ្មោះ វ៉ុន វន អាយុ៤៥ឆ្នាំ បាត់ខ្លួនតាំងពីថ្ងៃកើតហេតុបាញ់ប្រហារ រហូតមកដល់ពេលនេះនៅពុំទាន់រកឃើញទេ។ ចំណែកឯអ្នករបួសម្នាក់ឈ្មោះ ឡេង ត្រូវបានគេបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបុរី។ អ្នកភូមិ១៧នាក់ផ្សេងទៀត បានវិលត្រឡប់ចូលក្នុងទឹកដីខ្មែរវិញ។ លោកបន្តថា លំហូរប្រជាពលរដ្ឋខ្មែរនាំគ្នាចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ នៅតំបន់នោះនៅតែកើតមានបន្ត៖ «មកពីខាងឧត្តរមានជ័យ នៅអូស្មាច់ ក៏មានមកដែរ ខាងសៀមរាប ក៏មានមកដែរ។ អ្នកអត់ការងារធ្វើចូលទៅក្នុងដីថៃ ចូលកាប់ផង ស៊ីឈ្នួលគេផង មួយថ្ងៃជួនកាលមាន២០០នាក់ ប៉ុន្តែក្រោយពីមានការតឹងតែងមករាងស្រាក់មនុស្សនៅសល់មួយក្រុមពីរក្រុមតូច នៅចុងក្រោយដែលទៅ»។
មន្ត្រីនាំពាក្យសាលាខេត្តបន្ទាយមានជ័យ លោក អ៊ុក កែវរនតៈ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងចាត់វិធានការស្រាវជ្រាវរកមន្ត្រីខ្មែរពាក់ព័ន្ធ ដែលការពារនៅទីនោះ បើកច្រកឲ្យប្រជាពលរដ្ឋខ្មែរឆ្លងចូលទៅក្នុងទឹកដីថៃ៖ «បើកច្រកចេញចូលរបៀបហ្នឹង វាជាការឃុបឃិតគ្នា វាតឹងទ្រូងណាស់សម្រាប់សមត្ថកិច្ចក្នុងខេត្ត ដែលខំប្រឹងទប់ស្កាត់អំពើហ្នឹង ក៏ប៉ុន្តែ ពួកបុគ្គលវាធ្វើអំពើផ្ដេសផ្ដាស ដើម្បីផលប្រយោជន៍ពួកវាហ្នឹង ហើយធ្វើអំពើបំពានច្បាប់។ ខេត្តកំពុងមានវិធានការស្រាវជ្រាវរកឃើញ ដក បកសក្ដិចាប់ដាក់គុកថែមទៀត។ អាមេបញ្ជាការណាក៏ដោយ ពាក់ព័ន្ធឈរជើងនៅទីតាំងហ្នឹង បើមិនធ្វើក្តៅទេ វាអត់បានទេ»។
ប្រធានសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានថ្លែងថា សមាគមអាដហុក សុំថ្កោលទោសអាជ្ញាធរថៃ ក្នុងការប្រើអំពើហិង្សាបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនេះ។ ទោះបីប្រជាពលរដ្ឋខ្មែរមានទោសកំហុសយ៉ាងណាក៏ដោយ ភាគីថៃគួរចាត់វិធានការទៅតាមនីតិវិធីច្បាប់៖ «កន្លងមក ដែលយើងបានកត់ចំណាំឃើញថា ថៃនៅតែបន្តបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ។ សូម្បីតែប្រមុខរដ្ឋាភិបាលខ្មែរ និងអាជ្ញាធរខេត្ត បានធ្វើការទំនាក់ទំនងទាំងពាណិជ្ជកម្ម ទាំងការអំពាវនាវ សុំឲ្យឈប់ការបាញ់ ហើយសុំឲ្យអនុវត្តទៅតាមនីតិវិធីច្បាប់ ប៉ុន្តែថៃ ហាក់បីដូចជាបញ្ឈឺដល់រាជរដ្ឋាភិបាលខ្មែរ ខ្លួនឯងដំឡើងសាច់ដុំមើលងាយជីវិតប្រជាពលរដ្ឋខ្មែរ ដូចសំរាម»។
បន្ថែមលើនេះ សមាគមអាដហុក សុំឲ្យអាជ្ញាធរខ្មែរត្រូវពង្រឹងការទប់ស្កាត់លំហូរប្រជាពលរដ្ឋខ្មែរចូលដីថៃខុសច្បាប់ ហើយជៀសវាងការឃុបឃិតគ្នាបើកច្រកឲ្យប្រជាពលរដ្ឋខ្មែរចូលទៅកាប់ឈើ ឬក៏ទៅស៊ីឈ្នួលកាប់ឈើនៅក្នុងដីថៃទៀត។ កន្លងមក ប្រជាពលរដ្ឋខ្មែរចូលទៅកាប់ឈើនៅក្នុងទឹកដីថៃ ត្រូវបានថៃបាញ់សម្លាប់អស់ជាច្រើននាក់ ប៉ុន្តែពុំមានការប្ដឹងភាគីថៃ ឲ្យទទួលទោសតាមច្បាប់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។