ពិធីប្រកាសតែងតាំងចៅអធិការស្ដីទី បានធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា នៅក្នុងបរិវេណសាលាឆាន់នៅក្នុងវត្ត ក្រោយពីពុទ្ធបរិស័ទចំណុះជើងវត្តបានទាមទារសុំឲ្យមេគណ និងមន្ទីរធម្មការខេត្ត បណ្ដេញតាអាចារ្យពីរនាក់ចេញពីវត្ត ដោយចោទថាលោកតាអាចារ្យទាំងពីរនាក់នោះខិលខូច។
មេឃុំអូរដំបងពីរ លោក ហុក សុគន្ធ ដែលបានដឹកនាំកិច្ចប្រជុំនោះ បានថ្លែងថា ទន្ទឹមគ្នានឹងការជ្រើសតាំងចៅអធិការស្ដីទីដឹកនាំវត្ត ក៏មានការជ្រើសរើសសមាសភាពគណៈកម្មការវត្តថ្មី ហើយប្រកាសរំសាយគណៈកម្មការចាស់។ ការសម្រេចនេះ គឺបានធ្វើឡើងតាមការចង់បានរបស់ពុទ្ធបរិស័ទចំណុះជើង និងមានការអនុញ្ញាតពីថ្នាក់លើ។
ព្រះសង្ឃចំនួនបីអង្គ ដែលតែងតាំងបណ្ដោះអាសន្នសម្រាប់ដឹកនាំនៅពេលនេះមាន ព្រះនាម សន សម្បត្តិ មានព្រះជន្ម ៣០ព្រះវស្សា តែងតាំងជាចៅអធិការវត្តស្ដីទី ព្រះសង្ឃ ព្រះនាម សុវណ្ណ មុនី ព្រះជន្ម ៣១ព្រះវស្សា តែងតាំងជាគ្រូសូត្រស្ដាំ និងព្រះសង្ឃ ព្រះនាម កៅ សុខ ព្រះជន្ម៧១ព្រះវស្សា តែងតាំងជាគ្រូសូត្រឆ្វេង។
ចៅអធិការស្ដីទីព្រះនាម សន សម្បត្តិ បានថេរដីកាថា ព្រះអង្គមិនចង់បានតំណែងជាចៅអធិការវត្ត នោះទេ ប៉ុន្តែការទទួលធ្វើជាចៅអធិការស្ដីទី គឺដោយសារពុទ្ធបរិស័ទចំណុះជើងវត្តបានសំណូមពរឲ្យព្រះអង្គទទួលតួនាទីនេះដឹកនាំបណ្ដោះអាសន្ន។
លោកស្រី កែវ វណ្ណនាថ ជាខ្មែរឥស្លាម ហើយបានមកកាន់សាសនាព្រះពុទ្ធធ្វើបុណ្យធ្វើទាន នៅវត្តស្វាយធំ បានថ្លែងថា ភិក្ខុ សន សម្បត្តិ សមប្រកបនឹងទទួលតួនាទីជាចៅអធិការ ពីព្រោះព្រះអង្គជាព្រះសង្ឃមានចំណេះដឹង មានធម៌ល្អ និងមានពុទ្ធបរិស័ទគោរព និងគាំទ្រព្រះអង្គច្រើន។
ពុទ្ធបរិស័ទឈ្មោះ សែម ចន្ថា បានបញ្ជាក់ថា ភិក្ខុ ព្រះនាម សន សម្បត្តិ មានចំណេះដឹងជាអង្គកាន់វិន័យព្រះសង្ឃបានត្រឹមត្រូវ។ នៅក្នុងវត្ត ព្រះអង្គបានបង្ហាត់បង្រៀនធម៌ព្រះសង្ឃសាមណេរ និងនេនជាច្រើនអង្គទៀត។
កាលពីថ្ងៃទី២៣ ខែកញ្ញា ក្រុមភូមិរួមគ្នាជាមួយព្រះសង្ឃ បានដង្ហែក្បួនជុំវិញព្រះវិហារ នៅក្នុងវត្ត បណ្ដេញតាអាចារ្យពីរនាក់ ម្នាក់ឈ្មោះ ស ថង និងម្នាក់ទៀតឈ្មោះ រឿង ម៉ិ ចេញពីវត្ត។ ពុទ្ធបរិស័ទ និងព្រះសង្ឃចោទថា លោកតាអាចារ្យទាំងពីរនាក់ ជាបុគ្គលខិលខូច និងរាយការណ៍មូលបង្កាច់ទៅមេគណខេត្តបាត់ដំបង ឲ្យដកហូតយកត្រាពីព្រះសង្ឃព្រះនាម ជា ហ៊ឺ ជាចៅអធិការវត្តស្វាយធំ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា។
លោកតាអាចារ្យ ស ថង និងលោកតា រឿង ម៉ិ អស់តួនាទីជាតាអាចារ្យក្នុងវត្តទៀតហើយ។ ពួកគាត់បានក្លាយជាពុទ្ធបរិស័ទអាចចេញចូលក្នុងវត្តធ្វើបុណ្យបាន។ ការសម្រេចដូច្នេះ ដោយសារលោកតាអាចារ្យទាំងពីរនាក់ បានធ្វើរបាយការណ៍មូលបង្កាច់ព្រះអង្គ ជា ហ៊ឺ អតីតចៅអធិការវត្តថា មានកំហុសចំនួនប្រាំបីចំណុច ទាក់ទិនទៅនឹងភាពអសកម្មនៅក្នុងវត្ត។ ព្រះអង្គ ជា ហ៊ឺ និងប្រជាពុទ្ធបរិស័ទច្រានចោលការចោទប្រកាន់នេះ។
ទាក់ទិនការតែងតាំងចៅអធិការស្ដីទីនេះ អតីតចៅអធិការវត្តស្វាយធំ ព្រះនាម ជា ហ៊ឺ បានថេរដីកាគាំទ្រការតែងតាំងចៅអធិការស្ដីទីព្រះនាម សន សម្បត្តិ។
មានពុទ្ធបរិស័ទចំណុះជើងវត្តរាប់រយនាក់ គាំទ្រព្រះអង្គ សុំឲ្យព្រះអង្គឡើងធ្វើជាចៅអធិការវត្តវិញ ប៉ុន្តែព្រះអង្គបានបដិសេធ ហើយសុំឲ្យមានការជ្រើសតាំងសង្ឃអង្គថ្មីធ្វើជាចៅអធិការវត្ត។ ការជ្រើសតាំងចៅអធិការវត្តស្តីទី និងការបង្កើតគណៈកម្មការតាអាចារ្យថ្មី គឺធ្វើឡើងក្នុងទិសដៅបញ្ចប់អធិករណ៍នៅក្នុងវត្តស្វាយធំ ជាបណ្ដោះអាសន្នតែប៉ុណ្ណោះ។
ការបោះឆ្នោតជ្រើសតាំងចៅអធិការវត្ត និងការរៀបចំគណៈកម្មការអាចារ្យវត្តជាផ្លូវការ នៅពុំទាន់មានការកំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។