កុមារី​ម្នាក់​ស្លាប់​និង​មនុស្ស​៩នាក់​ក្អួត​ចង្អោរ​ដោយ​សារ​ទទួល​ទាន​ដំឡូងមី

កុមារី​អាយុ ៧ឆ្នាំ​ម្នាក់ បាន​ស្លាប់ និង​សមាជិក​គ្រួសារ រួម​ទាំង​សាច់ញាតិ​របស់​នាង ៩នាក់​ទៀត បាន​ក្អួត​ចង្អោរ ដោយ​សារ​ការ​ទទួល​ទាន​ដំឡូង​មី។ ក្រុម​អាជ្ញាធរ​មូលដ្ឋាន បាន​បញ្ជូន​អ្នក​ជំងឺ​ទាំង ៩នាក់​នេះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។
ដោយ សួន សុផលមុន្នី
2012-10-06
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

អ្នក​ពុល​ដំឡូងមី ៩នាក់ មាន​អាការៈ​ធូរ​ស្បើយ បន្ទាប់​ពី​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​បញ្ជូន​ពួក​គេ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​សំពៅលូន កាល​ពី​ព្រឹក​ថ្ងៃ​ទី៥ ខែ​តុលា ប៉ុន្តែ​មាន​ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​នៅ​នឹង​ផ្ទះ ដោយ​សារ​នាង​មាន​ស្ថានភាព​ពុល​ធ្ងន់ធ្ងរ នៅ​ក្រោយ​ការ​ទទួល​ទាន​ដំឡូងមី​រួច​មក។

មេ​ឃុំ​ប៊ួ លោក កើត ចិន្ដា បាន​ថ្លែង​នៅ​ថ្ងៃ​ទី៦ ខែ​តុលា ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី៤ ខែ​តុលា ប្រជាពលរដ្ឋ​ចំនួន ពីរ​គ្រួសារ មាន​គ្នា ១០នាក់ ក្រោយ​ពី​ទទួល​ទាន​បាយ​រួច បាន​នាំ​គ្នា​ស្ងោរ​ដំឡូងមី ហូប​ថែម​ទៀត ស្រាប់​តែ​ពុល ក្អួត​ចង្អោរ បណ្ដាល​ឲ្យ​កូន​ស្រី​អាយុ ៧ឆ្នាំ ស្លាប់ និង ៩នាក់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ស្រុក​សំពៅលូន៖ «ស្លាប់​ម្នាក់​កូន​ក្មេង​ស្រី អាយុ ៧ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​ប៊ួ ពុល​ហ្នឹង ពីរ​គ្រួសារ។ កូន​មួយ​គ្រួសារ​ទៀត ដូច​ជា​បី​នាក់​ហ្នឹង មក​លេង​ប្ដី​ប្រពន្ធ ហើយ​និង​ចៅ​មួយ ហើយ​ខាង​នុះ ៧ ដែល​នៅ​ជាមួយ​ក្រុម​គ្រួសារ​ហ្នឹង ប៉ុន្តែ​បើ​យើង​និយាយ​ឲ្យ​ចំ​ទៅ វា​ត្រកូល​តែ​មួយ​ហ្នឹង»

គ្រួសារ​ប្រជាពលរដ្ឋ​រងគ្រោះ ជា​អ្នក​ស្នាក់នៅ​ភូមិ​ភ្នំ​ប្រាំពីរ ឃុំ​ប៊ួ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។ គ្រួសារ​នេះ មាន​ជីវភាព​ក្រីក្រ និង​ជា​អ្នក​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​តំបន់​នោះ។

លោក សុង សុភ័ក្កិ ជា​អធិការ​នគរបាល​ស្រុក​ភ្នំ​ព្រឹក បាន​ថ្លែង​ថា គ្រួសារ​កុមារី​រងគ្រោះ​មាន​ជីវភាព​ក្រីក្រ ទើប​នាំ​គ្នា​រើស​ដំឡូងមី​យក​ទៅ​ស្ងោរ​ទទួល​ទាន​ដូច្នេះ៖ «មូលហេតុ គាត់​អ្នក​ចំណាក​ស្រុក មក​ធ្វើ​កម្មករ​នៅ​ហ្នឹង។ ក្រោយ​មក ល្ងាច​ជុំ​គ្នា គាត់​គាស់​ដំឡូងមី យក​មក​ហូប សំខាន់​ដំឡូង បើ​អ្នក​ដែល​គេ​ដឹង គេ​អត់​ដែល​ហូប​ទេ ដំឡូង​គេ​ដាំ​ធ្វើ​ម្សៅ គាត់​យក​ទៅ​ស្ងោរ​ហូប តែ​ស្ងោរ​ហូប គឺ​ពុល​ហើយ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង ៩នាក់​ទៀត​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ឥឡូវ​បាន​ធូរ​ស្រាល​ហើយ មន្ទីរពេទ្យ​បង្អែក​សំពៅលូន»

ប្រភព​ពី​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​សំពៅលូន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ពុល​ដំឡូងមី ទាំង ៩នាក់​នោះ មាន​អាការៈ​ធូរស្រាល​ឡើង​វិញ ហើយ​បាន​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ល្ងាច​ថ្ងៃ​ទី៦ ខែ​តុលា នេះ៖ «ធូរ​ស្រាល​អស់​ហើយ អ្នក​ប៉ុន្មាន​នាក់​នោះ ស្លាប់​តែ​ក្មេង​ហ្នឹង ព្រោះ​ក្មេង​តូច​វា​ក្អួត​ខ្លាំង​ពេក។ កាល​ណា​ក្អួត​ទៅ វា​ខ្សោះ​ជាតិ​ទឹក កូន​ក្មេង​អាយុ ប្រាំ ប្រាំមួយ​ឆ្នាំ​នៅ​ចន្លោះ ៧ឆ្នាំ​អី​ហ្នឹង។ មនុស្ស​ចាស់​អាច​ទ្រាំទ្រ​បាន​មក​នៅ​ពេទ្យ តាម​សួរ​ទៅ​ដំឡូង​មាន​ពីរ​ប្រភេទ។ ប្រភេទ​ដែល​អាច​ពុល និង​ប្រភេទ​មិន​អាច​ពុល»

ក្រុម​អាជ្ញាធរ​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​មូលដ្ឋាន ស្រុក​ភ្នំព្រឹក ជា​អ្នក​ចំណាក​ស្រុក​ក្រីក្រ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា។ ពួក​គេ​បាន​នាំ​ប្ដី​ប្រពន្ធ កូន​ចៅ ដើម្បី​ទៅ​រក​ការងារ​ធ្វើ ប៉ុន្តែ ដោយ​សារ​ភាព​ក្រីក្រ គ្រួសារ​ទាំង​នោះ​បាន​ប្រឈម​នឹង​បញ្ហា​ជីវភាព​ច្រើន។ គ្រួសារ​ខ្លះ ពុំ​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់ មិន​អាច​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​បាន ទើប​ខ្វះខាត ហើយ​នាំ​គ្នា​យក​ដំឡូងមី​ទៅ​ស្ងោរ​ទទួល​ទាន​ដូច្នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ជាវាសនាដែលកើតចំអ្នកនយោបាយ ហែកហួរគ្នា ពេលនេះកំពុងមានអ្នកដាច់ស្បៀងច្រើនណាស់ ដើរខ្ចីគ្នាបរិភោគច្របូកច្របល់ណាស់។ ប្រតិកម្មរហ័សសំរាប់តែការពារអំណាច

Oct 09, 2012 10:49 PM