បុរស​ខ្មែរ​២​នាក់​ត្រូវ​ប៉ូលិស​ការពារ​ព្រំដែន​ថៃ​បាញ់​ស្លាប់

កង​កម្លាំង​ការពារ​ព្រំដែន​ថៃ នៅ​តែ​បន្ត​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ បើ​ទោះ​បី​ជា មួយ​រយៈ​មក​នេះ​ការ​បាញ់​សម្លាប់​បាន​ស្ងប់ស្ងាត់​មួយ​អន្លើ​ក៏​ដោយ។
ដោយ ហង្ស សាវយុត
2012-08-04
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

លោក ហង្ស សាវយុត អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ប្រចាំ​ភាគ​ឧត្តរ​នៃ​ប្រទេស​កម្ពុជា បាន​រាយការណ៍​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល​៥​ល្ងាច ថ្ងៃ​សៅរ៍ ទី​៤ ខែ​សីហា អាជ្ញាធរ​ថៃ​នៃ​ខេត្ត​សុរិន្ទ បាន​បញ្ជូន​សាកសព​បុរស​ខ្មែរ​ចំនួន​២នាក់ មក​ឱ្យ​អាជ្ញាធរ​ខ្មែរ​វិញ នៅ​ច្រក​ទ្វា​ព្រំដែន​អូស្មាច់ នៃ​ទឹក​ដី​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ។

លោក ពៅ ផេង ជា​អនុប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​អូស្មាច់ លោក​បាន​មាន​ប្រសាសន៍​ថា សាកសព​បុរស​ខ្មែរ​ពីរ​នាក់​នោះ ត្រូវ​អាជ្ញាធរ​ថៃ​នៃ​ខេត្ត​សុរិន្ទ ប្រគល់​មក​ដល់​ដៃ​អាជ្ញាធរ​ខ្មែរ​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​សីហា។

លោក ពៅ ផេង៖ «រាយការណ៍​មក​ថា គេ​ដឹក​មក​វត្ត​អូស្មាច់​ហើយ។ ទំនាក់​ទំនង​ព្រំដែន​ថៃ ដឹក​យក​មក​ឱ្យ ហើយ​ខាង​ទំនាក់​ទំនង​ក្រុម​ខ្ញុំ ក៏​ចូល​ទៅ​យក​ដែរ។ បង​ចាំ​សួរ​ព័ត៌មាន​លម្អិត​ទៅ​ឈ្មោះ ផល ព្រោះ​គេ​នៅ​រង​នៅ​ទីនោះ ព្រោះ​ខ្ញុំ​អត់​បាន​នៅ ខ្ញុំ​សុំ​ច្បាប់​មក​ធ្វើ​បុណ្យ»

សាកសព​បុរស​ខ្មែរ​ទាំង​ពីរ​នាក់​នោះ ម្នាក់​ឈ្មោះ សុទ្ធ វ៉ិត អាយុ ២៣​ឆ្នាំ ទីលំនៅ​ភូមិ​ជប់គគីរ ឃុំ​គោកមន ស្រុក​បន្ទាយអំពិល និង​ម្នាក់​ទៀត​ឈ្មោះ នាត អាយុ ៥៥ឆ្នាំ ទីលំនៅ​ភូមិ​ជ្រឹង សង្កាត់​កូនគ្រៀល ក្រុង​សំរោង។

ប្រភព​ពី​អាជ្ញាធរ​ថៃ បាន​ឱ្យ​ដឹង​ថា បុរស​ខ្មែរ​ទាំង​ពីរ ត្រូវ​ប៉ូលិស​ការពារ​ព្រំដែន​ថៃ​នៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ បាញ់​ស្លាប់ កាល​ពី​វេលា​ម៉ោង​ប្រមាណ​ជា ៣​រសៀល កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា នៅ​ចំណុច​ភូមិ​នួនថង ឃុំ​គោកតាភៀន ក្នុង​ទឹក​ដី​ថៃ។

បុរស​ខ្មែរ​ទាំង​ពីរ​នាក់ មាន​សម្លៀកបំពាក់​យោធា​ផលិត​នៅ​ប្រទេស​ចិន ប៉ុន្តែ​គេ​មិន​ដឹង​ថា តើ​ពួក​គេ​បាន​លួច​ឆ្លង​ដែន​ទៅ​ក្នុង​ទឹក​ដី​ថៃ ដើម្បី​ធ្វើ​អ្វី​ទេ គ្រាន់​តែ​គេ​សង្ស័យ​ថា អាច​ពាក់ព័ន្ធ​នឹង​ការ​លួច​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់ ក្នុង​ទឹក​ដី​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

Eagle Master

ពី Pa(USA)

If we let ones going down we all going down.

Aug 04, 2012 05:27 PM

CheiVorman007

ពី Z9ZMDW4

លោក ហ៊ុនសែនអើយ លោក ហ៊ុនសែន តើលោកចាំពាក្យ
ចាស់យើងពោលថា ទឹកត្រជាក់ត្រីកុមទេ ? ចុះសព្វថៃ្ងទឹកដែល
លោកនឹងបក្សពួកលោកមើលការខុសត្រូវនោះវាយ៉ាងម៉េច
បានជាត្រីចេះតែលោតចេញនាំអោយគេចាប់ធើសីុទទេទទេចឹង??

Aug 04, 2012 11:31 AM