រូប​សញ្ញា​បក្ស​សិទ្ធិ​មនុស្ស​រាប់ពាន់​សន្លឹក​នៅ​ស្វាយរៀង​ត្រូវ​គេ​លួច​បក

2008-07-08

លោក ឡាត់ លិតេយ្យ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ខេត្ត​ស្វាយរៀង បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ថា រូប​សញ្ញា​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បាន​បិទ​ជាប់​នឹង​ទី​សាធារណៈ​សរុប​ជាង​៤​ពាន់​សន្លឹក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​បក​បាត់​អស់​ជាង​៨០%​ហើយ​នៅ​ទូទាំង​ខេត្ត ក្រោយ​ពី​ការបិទ​​មិន​ទាន់​បាន​២៤​ម៉ោង​ផង ។

លោក​បាន​បន្ថែម​ថា​លោក​គ្រោង​នឹង​ដាក់​ពាក្យបណ្តឹង​រួម​មួយ​ទៅ​ដល់​គណៈកម្មការ​រៀបចំ​ការបោះ​ឆ្នោត​ខេត្ត​នៅ​ថ្ងៃ​នេះ​ដែរ ពី​ករណី​លួច​បក​រូប​សញ្ញា​គណបក្ស​សិទ្ធិ​មនុស្ស​តំណាង​ឲ្យ​៨០​ឃុំ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការសម្រប​សម្រួល​ថ្នាក់​ឃុំ ។

លោក ឡាត់ លិតេយ្យ ថ្លែង​ថា​ការប្តឹង​រឿង​នេះ​ទៅ​ដល់​ថ្នាក់​ខេត្ត​គឺ​ដោយសារតែ​ករណី​អ​សមត្ថភាព​របស់​ថ្នាក់​ឃុំ​និង​មិន​ចង់​ចំណាយ​ពេលវេលា​ច្រើន ។

លោក ឡាត់ លិតេយ្យ បាន​ឲ្យ​ដឹង​ថា ៖ «គេ​មិន​ទទួល​ជា​រឿង​របស់​គេ ហើយ​ខ្ញុំ​ចម្លង​ជូន​ទៅ​អង្គការ​ផ្សេងៗ​ដើម្បី​បង្ហាញ ។ កិច្ចការ​នេះ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​ថា​សមត្ថកិច្ច​អាជ្ញាធរ​ដែន​ដី​គាត់​អត់​ធ្វើការ​តែម្ដង»

លោក សូរ្យ ទិត្យ ប្រធាន​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្ត​ស្វាយរៀង​បាន​ឲ្យ​ដឹង​ថា បណ្តឹង​ថ្នាក់​ឃុំ​ដែល​ចុះ​បញ្ជី​នៅ​ថ្នាក់​ខេត្ត មាន​ត្រឹម​១១​បណ្តឹង​តែ​នៅ​សល់​មួយ​ប៉ុណ្ណោះ ដែល​មិន​ទាន់​បាន​ធ្វើការ​សម្រប​សម្រួល​ដើម្បី​បញ្ចប់ ។ ឆ្លើយតប​នឹង​បណ្តឹង​រួម​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ថា លោក​យល់​ថា​ទង្វើ​នេះ​វា​ផ្ទុយ​ពី​នីតិ​វិធី​នៃ​ការបោះ​ឆ្នោត ។

លោក សូរ្យ ទិត្យ បាន​មាន​ប្រសាសន៍​ថា ៖ «បក្ស​តាម​ឃុំ​លោក​មិន​អាច​ធ្វើ​អី​រួម​ទេ ។ មាន​កំហុស​កន្លែង​ណា​យើង​ដាក់​នៅ​កន្លែង​ហ្នឹង​ទៅ ហើយ​កំហុស​ហ្នឹង​កើត​ថ្ងៃ​ណាៗអា​ហ្នឹង​គេ​សុទ្ធតែ​បាន​ពង្រាង​ហើយ»

លោកស្រី នួន សូលីណា អ្នក​សម្រប​សម្រួល​គណៈកម្មាធិការ​ខុមហ្រ្វែល និង​អង្គការ​អាដហុក ខេត្ត​ស្វាយរៀង បាន​យល់​ស្រប​ថា​បណ្តឹង​ដែល​គណបក្ស​សិទ្ធិ​មនុស្ស​លើកឡើង​អាច​មក​ពី​គណបក្ស​នេះ​មិន​បាន​ទុកចិត្ត​ដំណោះស្រាយ​នៅ​ថ្នាក់​ឃុំ ទោះបី​ជា​បាន​ដឹង​ថា​វា​ខុស​នឹង​នីតិ​វិធី ។

លោកស្រី នួន សូលីណា បាន​បញ្ជាក់​ថា ៖ «យើង​មើល​ឃើញ​អ៊ីចេះ អា CEC មួយចំនួន​គឺ​លូក​ដៃ​នៅ​ក្នុង​ការរំលោភ​ទៅ​លើ​ច្បាប់​បោះ​ឆ្នោត​ហ្នឹង អ៊ីចឹង​គណបក្ស​គាត់​អត់​ទុក​ចិត្ត ។ ឧទាហរណ៍​ថា​បញ្ហា​កើតឡើង​នៅ CEC ហ្នឹង ហើយ​បើ​គាត់​ប្ដឹង​ទៅ CEC ទៀត មាន​ន័យ​ថា​គេ​ម៉េច​នឹង​ដោះស្រាយ​ឲ្យ​គាត់»

ទោះបី​ជា​យ៉ាងណា លោក ឡាត់ លិតេយ្យ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ខេត្ត​ស្វាយរៀង បាន​បង្ហើប​ឲ្យ​ដឹង​ផងដែរ​ថា លោក​ត្រៀម​រង់ចាំ​ឆ្លើយតប​ទៅ​នឹង​ប្រតិកម្ម​របស់​ថ្នាក់​ខេត្ត​ដែល​នឹង​ជំរុញ​ឲ្យ​គណបក្ស​សិទ្ធិ​មនុស្ស​ដាក់​ពាក្យបណ្តឹង​នៅ​តាម​ថ្នាក់​ឃុំ​រួចរាល់​ហើយ ៕

អត្ថបទ​ដែល​ទាក់ទង

គណៈកម្មការ​សិទ្ធិ​មនុស្ស​អាស៊ី​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​បង្ហាញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត

គណបក្ស​សម​រង្ស៊ី​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ដើម្បី​បង្ហាញ​ជំហរ​បក្ស​ប្រឆាំង

បក្ស​សម​រង្ស៊ី​និង​បក្ស​សិទ្ធិ​មនុស្ស​បដិសេធ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត

លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៤ ត្រូវ​បាន​ប្រកាស

សំណង់​សាលារៀន​មួយ​នៅ​ស្រុក​បារាយណ៍​ត្រូវ​ផ្អាក​ដោយសារ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត​នៅ​ទីនោះ

បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

គណៈកម្មការ​ជំនាញ​ទាំង​៩​របស់​រដ្ឋសភា​ថ្មី​នឹង​ត្រូវ​កាន់កាប់​ដោយ​បក្ស​ប្រជាជន

បក្ស​សមរង្ស៊ី​និង​បក្ស​សិទ្ធិមនុស្ស​បញ្ជាក់​ជំហរ​មិន​ចូល​ស្បថស្បែ​បង្កើត​សភា​ថ្មី

បក្ស​សមរង្ស៊ី​ស្នើសុំ​ឲ្យ​គ.ជ.ប.​បង្ហាញ​ភស្តុតាង​ពី​ការលុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត

បក្ស​សមរង្ស៊ី​៖ អ្នក​សង្កេតការណ៍​ជប៉ុន​មិន​បាន​តាមដាន​ការបោះ​ឆ្នោត​ដិតដល់