មេ​ដឹកនាំ​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​មហា​វីរក្សត្រ

នៅ​ថ្ងៃ​ទី៣ នៃ​ពិធី​គោរព​វិញ្ញាណក្ខន្ធ ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ មេ​ដឹកនាំ​នៃ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ចំនួន៣ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ពិធី​នេះ។
ដោយ សុ ជីវី
2012-10-19
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

នាយក​រដ្ឋមន្ត្រី​នៃ​បណ្ដា​ប្រទេស​ជាប់​ព្រំដែន​កម្ពុជា ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្ដម សីហនុ។

នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ លោក ថងស៊ីង ថាំម៉ាវង់ (Thongsing Thammavong) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន តាន់យុង (Nguyen Tan Dung) និង​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត (Yingluck shinawatra) បាន​ដឹកនាំ​គណៈប្រតិភូ​ជា​បន្ត​បន្ទាប់​មក​កាន់​ព្រះបរមរាជវាំង​កម្ពុជា នៅ​រសៀល​ថ្ងៃ​សុក្រ ទី១៩ ខែ​តុលា ដើម្បី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ និង​ចូល​រួម​រំលែក​ទុក្ខ​ពលរដ្ឋ​កម្ពុជា ចំពោះ​ការ​បាត់​បង់​ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជិត​ខាង​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព​នៅ​ថ្ងៃ​ដដែល​នេះ​ដែរ។

ជំនួយ​ការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក អ៊ាង សុផាល្លែត មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ក្រោយ​ជំនួប​និមួយៗ​នោះ​ថា នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ជិត​ខាង​ទាំង​បី សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​វីរក្សត្រ​របស់​កម្ពុជា។ លោក អ៊ាង សុផល្លែត បន្ត​ថា ដោយ​ឡែក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត ក៏​បាន​ពិភាក្សា​ពី​បញ្ហា​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣ ថៃ ដែល​ត្រូវ​សាធារណជន​ខ្មែរ​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​ដល់​ព្រះ​មហា​វីរក្សត្រ​ខ្មែរ។

លោក អ៊ាង សុផាល្លែត៖ «លោក​ជំទាវ​ក៏​បាន​គោរព​ជូន​សម្ដេច នូវ​សារ​រំលែក​ទុក្ខ​របស់​រាជ​រដ្ឋាភិបាល​ថៃ ហើយ​ក៏​គោរព​ជម្រាប​ជូន​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នូវ​ការ​សោក​ស្ដាយ​យ៉ាង​សង្រេង ចំពោះ​ការ​បាត់​បង់​ព្រះ​បិតា​ជាតិ​របស់​កម្ពុជា។ សម្ដេច​អគ្គ​សេនាបតី​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ជំទាវ យីងឡាក់ ស៊ីណាវ៉ាត ដែល​បាន​ទូរស័ព្ទ​មក​លោក​នាយក​រដ្ឋមន្ត្រី ដើម្បី​បំភ្លឺ​ពាក់ព័ន្ធ​នឹង​បញ្ហា​របស់​អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣ ថៃ»

អតីត​ទីប្រឹក្សា​អម​ព្រះរាជ​ខុទ្ទកាល័យ ព្រះមហាក្សត្រ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ប្រសាសន៍​ថា ការ​ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា ព្រះ​មហា​វីរក្សត្រ គឺ​ជា​ប្រការ​ធម្មតា​សម្រាប់​ទំនាក់​ទំនង​ការទូត នៅ​ពេល​ដែល​មេ​ដឹកនាំ​សំខាន់​នៃ​ប្រទេស​ជា​មិត្ត​ណា​មួយ ត្រូវ​បាត់​បង់​ជីវិត៖ «ពេល​មាន​ប្រមុខ​រដ្ឋ​នៃ​រដ្ឋ នៃ​ប្រទេស​នីមួយៗ​អនិច្ចកម្ម​ហ្នឹង ជា​ទម្លាប់ ជា​ប្រពៃណី នៅ​ក្នុង​ទំនាក់​ទំនង​អន្តរជាតិ។ ហើយ​មាន​ថ្នាក់​ដឹកនាំ​ប្រទេស​និមួយៗ​គេ​មក​គោរព​សព ឬ​មួយ គោរព​វិញ្ញាណក្ខន្ធ។ ដូច្នេះ បើ​និយាយ​អំពី​ការទូត អត់​មាន​អី​ភ្ញាក់ផ្អើល​ទេ»

ទាក់​ទិន​នឹង​ការ​ចូល​រួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្ដេច​ព្រះ នរោត្ដម សីហនុ ពី​សំណាក់​អ្នក​ដឹកនាំ​ប្រទេស​នេះ តាម​គម្រោង​នាយក​រដ្ឋមន្ត្រី​សិង្ហបុរី នឹង​មក​កាន់​កម្ពុជា នៅ​ថ្ងៃ​ទី២១ ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

CheyVorman007

ពី AngKor Wat

បើតាមស្មាន ក្នុងលិខិតលោកសមរង្ស៊ីមានតែពាក្យសុំចូលខ្លួន
ក្នុងរឿងសពសម្តេចតាតែមិនមានពាក្យសុំចូលខ្លួនមកអោនក្បាលជាចំណុះទើបគេសោះអង្គើយនឹងសំណើរលោក។សុំអោយ
លោកសមរង្ស៊ីតស៊ូរដើម្បីប្រទេសជាតិដោយចិត្តស្មោះត្រង់លុះ
ថ្ងៃអវសាន្តនៃជីវិតនៅស្រុកគេដូចសម្តេចតាធើ្វជាគំរូ.....

Oct 20, 2012 09:27 PM