សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​នៅ​ជុំវិញ​បឹង​ទន្លេសាប​ប្រឈម​បញ្ហា​ខ្វះ​ទឹក​ស្អាត

ប្រជាជន​ដែល​រស់​នៅ​ជុំវិញ​បឹង​ទន្លេ​សាប ប្រឈម​នឹង​បញ្ហា​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់។
ដោយ អាន ស៊ីថាវ
2012.05.11
អនាម័យ ទន្លេ​សាប ៣០៥ ស្ត្រី​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក នៅ​ឃុំ​កំពង់លួង ស្រុក​ក្រគរ ខេត្ត​​ពោធិ៍សាត់ លាង​សម្អាត​សម្ភារៈ​ផ្ទះ​បាយ ក្នុង​ទឹក​បឹង​ទន្លេសាប កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១២។
RFA/An Sithav

ចំនួន​ប្រជាជន​ដែល​រស់​នៅ​លើ​ផ្ទៃ​បឹង​ទន្លេសាប កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ហេតុផល​នេះ ធ្វើ​ឲ្យ​មាន​សកម្មភាព​ភាព​កាន់​តែ​ច្រើន​ដែល​បង្ក​ផល​ប៉ះពាល់​ទឹក​​កាន់​តែ​កខ្វក់ ហើយ​ប្រជាពលរដ្ឋ​​បាន​ចំណាយ​ប្រាក់​ច្រើន​លើ​​​ការ​ទិញ​ទឹក​បរិភោគ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បញ្ហា​ទឹក​ស្អាត​ត្រូវ​​បាន​បំពុល​ដោយសារ​​​​ការ​បំពុល​ផ្សេងៗ​របស់​ប្រជាជន​ដែល​រស់​នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ ដូច​ជា​ការ​ចោល​សំរាម និង​កាក​សំណល់​​រឹង រាវ​ផ្សេងៗ ពី​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​ទាំង​នោះ ធ្វើ​ឲ្យ​ទឹក​កាន់​តែ​ល្អក់ និង​សម្បូរ​ទៅ​ដោយ​ស្លែ​ខាប់​ពណ៌​ខៀវ​ពេញ​ផ្ទៃ​បឹង​ទន្លេសាប។

ប្រជាពលរដ្ឋ​ម្នាក់​ដែល​តែងតែ​ទៅមក​យក​ទំនិញ​ទៅ​លក់​នៅ​សហគមន៍​បណ្ដែត​ទឹក​នៅ​តំបន់​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ម៉ៅ វណ្ណា បាន​ឲ្យ​ដឹង​ថា ភាគ​ច្រើន​អ្នក​ដែល​រស់នៅ​ទីនេះ​តែងតែ​បន្ទោបង់​ចោល​ទៅ​ក្នុង​ទឹក ប៉ុន្តែ​ទាក់ទង​នឹង​ទឹក​ស្អាត​សម្រាប់​បរិភោគ គឺ​ទឹក​យក​មក​ពី​ប្រភព​ផ្សេង ដូចជា​ការ​ទិញ​ទឹក​ពី​ឈ្មួញ​ជាដើម។

អ្នកស្រី ម៉ៅ វណ្ណា បញ្ជាក់​ថា ប្រជាពលរដ្ឋ​បាន​ចំណាយ​លុយ​ច្រើន​លើ​ការ​ទិញ​ទឹក​មក​បរិភោគ និង​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ៖ «បត់​ដៃ​បត់ជើង គឺ​នៅ​លើ​បង្គន់​លើ​ផ្ទះ​ហ្នឹង​ធម្មតា តែ​បើ​ទឹក​អនាម័យ​គេ​មាន​ម៉ាស៊ីន​ស្អាត​របស់​គេ​ត្រឹមត្រូវ»

ការ​បំពុល​ទឹក​ត្រូវ​បាន​ប្រជាជន​ដែល​រស់នៅ​លើ​សហគមន៍​បណ្ដែត​ទឹក​ធ្វើ​ឲ្យ​កខ្វក់​រាល់ថ្ងៃ។ ដោយឡែក​ប្រជាពលរដ្ឋ​ម្នាក់ លោក ល្វៀង យាំងឡន អាយុ ២៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​ទី​៥ ឃុំ​កំពង់លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា សំរាម​ទាំងអស់​លោក​បាន​យក​ទៅ​ចោល​ឲ្យ​ឆ្ងាយ​នៅ​កណ្ដាល​ផ្ទៃ​បឹង​ទន្លេសាប ដោយ​លោក​បញ្ជាក់​ថា ការ​ចោល​សំរាម​នៅ​ក្បែរ​ផ្ទះ វា​ប៉ះពាល់​ដល់​បរិស្ថាន  និង​ជះ​ក្លិន​ស្អុយ​ដល់​ផ្ទះ​របស់​គាត់ និង​អ្នក​ជិត​ខាង។

លោក យាំងឡន បន្ត​ថា បើ​ទោះជា​គ្រួសារ​របស់​លោក​ជា​អ្នក​ធ្វើ​ត្រីងៀត​រាប់​សិប​គីឡូក្រាម​រៀងរាល់​ថ្ងៃ​ក៏ដោយ ប៉ុន្តែ​កាកសំណល់​ពី​ការ​វះ​ងៀត​ត្រី ត្រូវ​បាន​ខ្ចប់​ទុក​យ៉ាង​ល្អ​សម្រាប់​ទុកជា​ចំណី​ត្រី​វិញ៖ «ចោល​នឹង​ការុង​បណ្ដោយ ហ្នឹង​ជិះ​ប្រហែល​ជា ៤ ទៅ ៥​នាទី មាន​តែ​កណ្ដាល​ទន្លេ​នេះ​ជិត​ស្រួល​ជាង យក​ទៅ​ចោល​ឲ្យ​វា​ទៅ​ចុះ។ ចោល​នៅ​កន្លែង​នេះ​វា​យូរៗ​ហើយ ទឹក​វា​រាក់ វា​ស្អុយ បើ​ទឹក​វា​ជ្រៅ​អត់​អី​ទេ»

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ស្ថានភាព​ទឹក​នៅ​ឃុំ​កំពង់លួង មាន​សភាព​អាក្រក់​ដែល​ប្រជាជន​នៅ​ទី​នោះ​មិន​អាច​យក​មក​ប្រើ ដូចជា​ការ​ដាំបាយ ឬ​មុជ​ជាដើម។

អ្នកវិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​វិនិយោគ​កំពង់ផែ​ស្តុក​ទឹក​ស្អាត គឺ​ជា​វិស័យ​មួយ​មាន​សក្ដានុពល​ខ្លាំង​នៅ​ក្នុង​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក ទន្ទឹម​នឹង​តម្រូវការ​ទឹក​ស្អាត​បាន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

បច្ចុប្បន្ន​នេះ​គ្មាន​ក្រុមហ៊ុន​ឯកជន​ណា​មួយ​មក​វិនិយោគ​លើ​សហគមន៍​បណ្ដែត​ទឹក​នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ស្ថាប័ន​មួយ​ចំនួន​បាន​ចាប់ផ្ដើម​ធ្វើការ​វិនិយោគ​ការ​បន្សុទ្ធ​ទឹក​នៅ​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក។

ទោះជា​យ៉ាងណា​នេះ​ក្ដី ការ​សហការ​នេះ​ទើប​ចាប់ផ្ដើម​អនុវត្តន៍​នា​រយៈពេល​ចុងក្រោយ​នេះ​នៅ​ឡើយ​ទេ។

សមាជិក​ក្រុមប្រឹក្សា​ឃុំ​កំពង់លួង លោក ចាប ឡុក បាន​ឲ្យ​ដឹង​ថា ប្រជាជន​ដែល​រស់នៅ​ទីនេះ គឺ​ប្រកបរបរ​នេសាទ​លើ​ផែ​បណ្ដែត​ទឹក ឬ​ផ្ទះ​បណ្ដែត​ទឹក ហើយ​រហូត​ដល់​សព្វថ្ងៃ​នេះ មាន​ចំនួន​ប្រជាជន​មក​រស់នៅ​ទីនេះ​កើន​ឡើង​រៀងរាល់​ឆ្នាំ មាន​ប្រមាណ​ជាង ១​ពាន់​គ្រួសារ។ លោក​បន្ត​ថា នៅ​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​នៅ​កំពង់លួង គ្មាន​ជម្រើស​ការងារ​ផ្សេង​ក្រៅពី​ការ​នេសាទ និង​ការកែច្នៃ​ផល​ត្រី​នេសាទ។

លោក​បញ្ជាក់​ទៀត​ថា ទាក់ទង​នឹង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏​នៅ​មានកម្រិត​ដែរ ក៏​ប៉ុន្តែ​លោក ចាប ឡុក បន្ថែម​ថា ទីតាំង​តំបន់​ភូមិសាស្ត្រ​នៅ​សហគមន៍​បណ្ដែត​ទឹក​កំពង់លួង មាន​ភាព​ប្រសើរ​ជាង​សហគមន៍​បណ្ដែត​ទឹក​នៅ​តំបន់​ដទៃ​ទៀត៖ «ទឹក​យើង​នេះ​ត្រូវ​បាន​ចម្រាញ់​ដោយ​ស្អាត ហើយ​យើង​បាន​ឆ្លង​ប្រព័ន្ធ​សម្លាប់​មេរោគ។ បាទ​នេះ​គម្រោង​របស់ អេឌីប៊ី វា​ជា​របស់​អង្គការ តែ​យក​មក​ឲ្យ​ឯកជន​អ្នក​គ្រប់គ្រង​ក្នុង​ការ​ថែរក្សា​ធ្វើ​យ៉ាងម៉េច​ឲ្យ​វា​ចេញ​ទឹក ធានា​គុណភាព​ទឹក និង​លក់​ឲ្យ​ប្រជាពលរដ្ឋ​ត្រង់​តម្លៃ​សមរម្យ កុំឲ្យ​ស្មើ​នឹង​ឯកជន»

លោក ចាប ឡុក មាន​ប្រសាសន៍​បន្ត​ថា ការ​សាងសង់​អាង​បន្សុទ្ធ​ទឹក​ស្អាត គឺ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ទិញ​ទឹក​ពី​ឈ្មួញ​ដែល​លក់​ត្រង់​តម្លៃ​ខ្ពស់ ដោយ​ចាប់តាំង​ពី​មាន​ការ​បង្កើត​កំពង់ផែ​បន្សុទ្ធ​ទឹក និង​ស្ដុក​លក់​ឲ្យ​ប្រជាជន​ត្រង់​តម្លៃ​សមរម្យ ប្រជាជន​នៅ​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​ទទួល​បាន​ផល​ចំណេញ​យ៉ាង​ច្រើន តាមរយៈ​ការ​កាត់​បន្ថយ​ចំណាយ​លើ​ការ​ទិញ​ទឹក។

របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី អេ ឌី ប៊ី (ADB) បាន​ឲ្យ​ដឹង​ថា នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ទទួល​បាន​គម្រោង​ពីរ គឺ​ទី​មួយ​មាន​ទឹកប្រាក់​ជា​ជំនួយ​ឥត​សំណង​ប្រមាណ ២៤​លាន​ដុល្លារ ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត រួម​ទាំង​ថវិកា​របស់ អេ ឌី ប៊ី និង​ថវិកា​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​អ្នក​ទទួល​ផល​ពី​គម្រោង​នេះ​មាន​ប្រមាណ ១​លាន​នាក់​នៅ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប  ប៉ុន្តែ​គម្រោង​នេះ​បាន​បញ្ចប់។ បច្ចុប្បន្ន​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប ទទួល​បាន​គម្រោង​ទីពីរ​កំពុង​អនុវត្តន៍ និង​មាន​ទឹកប្រាក់​ប្រមាណ ២១​លាន​ដុល្លារ​អាមេរិក។

មន្ត្រី​កម្មវិធី​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី លោក គីម ចន្ថា បាន​ឲ្យ​ដឹង​ថា នៅ​ជុំវិញ​បឹង​ទន្លេសាប ជា​តំបន់​ដែល​ងាយ​រងគ្រោះ និង​ចំនួន​អ្នក​ដែល​ត្រូវការ​ទឹក​ស្អាត​មាន​កម្រិត​ខ្ពស់ ដូច្នេះ​ធនាគារ​អភិវឌ្ឍ​អាស៊ី បាន​បន្ត​គម្រោង​ទី​ពីរ ដើម្បី​កាត់បន្ថយ​អត្រា​ស្លាប់​ដោយសារ​ការ​ខ្វះ​អនាម័យ និង​ទឹក​ស្អាត។

លោក​បន្ត​ថា ទន្ទឹម​នឹង​លទ្ធភាព​ថវិកា​មាន​កម្រិត​របស់​ភាគី​ផ្ដល់​ជំនួយ និង​រដ្ឋាភិបាល ការ​លើក​ទឹក​ចិត្ត​ឲ្យ​វិស័យ​ឯកជន វិនិយោគ​លើ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត គឺ​ជា​កត្តា​សំខាន់​ក្នុង​ការ​លើក​កម្ពស់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​កម្ពុជា៖ «ការ​គៀង​គរ​ធនធាន​ពី​វិស័យ​ឯកជន​ឲ្យ​គាត់​មក​វិនិយោគ​ឲ្យ​គាត់​ផ្គត់ផ្គង់​ទឹក​ស្អាត​ហ្នឹង គឺ​ជា​រឿង​ល្អ ព្រោះ​ថា រដ្ឋាភិបាល​យើង​គ្មាន​ថវិកា​គ្រប់គ្រាន់​ទេ ដើម្បី​វិនិយោគ​ដែល​គេ​ហៅ​ថា ហេដ្ឋារចនាសម្ពន្ធ​អស់​ហ្នឹង​ឲ្យ​បាន​គ្រប់​ខេត្ត​ក្រុង និង​ទីពីរ​ខាង​ដៃគូ​អភិវឌ្ឍ ក៏​ពុំ​មាន​ធនធាន​គ្រប់គ្រាន់​គ្រប​ដណ្ដប់​គ្រប់​ខេត្ត​ក្រុង ឬ​តម្រូវការ​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន»

លោក គឹម ចន្ថា បញ្ជាក់​ទៀត​ថា វិស័យ​ឯកជន​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​គឺ​ពួកគេ​ផ្ដោត​តែ​លើ​តំបន់​ទីក្រុង និង​ទីប្រជុំជន​ដោយ​គិត​លើ​ផល​ចំណេញ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​តំបន់​ជុំវិញ​បឹង​ទន្លេសាប មាន​ប្រជាជន​រស់នៅ​លើ​ភូមិ​បណ្ដែត​ទឹក​ច្រើន​ជាង​មួយ​លាន​នាក់​កំពុង​រស់នៅ និង​សហគមន៍​ផ្ទះ​បណ្ដែត​ទឹក​ទាំង​នោះ​បាន​ឲ្យ​ដឹង​ថា ពួកគាត់​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹក​ស្អាត​នៅឡើយ។ កត្តា​នេះ​ត្រូវ​បាន​អ្នកវិភាគ​មួយ​ចំនួន​ថា ជា​សក្ដានុពល​សេដ្ឋកិច្ច​ខ្លាំង​សម្រាប់​ការ​វិនិយោគ​ឯកជន ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​នា​ពេល​បច្ចុប្បន្ន និង​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។