អ្នក​នាំ​ភ្ញៀវ​ខ្មែរ​ជំទាស់​នឹង​ការ​ឲ្យ​ជនជាតិ​រុស្ស៊ី​មក​ដើរ​នាំ​ភ្ញៀវ​នៅ​សៀមរាប

សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ជនជាតិ​ខ្មែរ​និយាយ​ភាសា​រុស្ស៊ី បាន​ជំទាស់​ទៅ​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​ឯកជន​មួយ​ចំនួន ដែល​បាន​នាំ​យក​ជនជាតិ​រុស្ស៊ី​កាន់​តែ​ច្រើន​ឡើងៗ មក​ធ្វើ​​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ខុស​ច្បាប់ ឱ្យ​​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​អង្គរ​នៃ​ខេត្ត​សៀមរាប។
ដោយ ហង្ស សាវយុត
2012-10-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេសចរណ៍ រុស្ស៊ី ៣០៥
ទេសចរ​ជនជាតិ​រុស្ស៊ី ដើរ​ទស្សនា​តាម​រមណីយដ្ឋាន​អង្គរ ក្នុង​ខេត្ត​សៀមរាប ដែល​មាន​ជនជាតិ​រុស្ស៊ី ជា​អ្នក​បកប្រែ​ភាសា និង​​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១២។
Provided Photo

លោក ម៉ក់ សុធិន គឺ​ជា​ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ជនជាតិ​ខ្មែរ​និយាយ​​ភាសា​រុស្ស៊ី ប្រចាំ​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​៣០ ខែ​កញ្ញា ថា ក្រុម​របស់​លោក​ដែល​ជា​​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​និយាយ​ភាសា​រុស្សី កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​អាជីព​ប្រចាំ​ថ្ងៃ ដោយសារ​តែ​ក្រុមហ៊ុន​ទេសចរណ៍​ឯកជន​មួយ​ចំនួន​បាន​នាំ​យក​ជនជាតិ​រុស្ស៊ី ឱ្យ​មក​នាំ​ភ្ញៀវ​ដើរ​​កម្សាន្ត​នៅ​តាម​តំបន់​អង្គរ។

លោក ម៉ក់ សុធិន បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​មួយ​ចំនួន​មិន​បាន​ជួល​​មគ្គុទ្ទេសក៍​ ទេសចរណ៍​ជន​ជាតិ​ខ្មែរ​និយាយ​ភាសា​រុស្សី ឱ្យ​​​ទៅ​ជូន​​ភ្ញៀវ​ដើរ​កម្សាន្ត​ឡើយ ដោយសារ​តែ​គេ​ប្រើ​ជន​ជាតិ​រុស្ស៊ី ដែល​​​ជា​អ្នក​បកប្រែ​ភាសា​​​នោះ​ឱ្យ​​ធ្វើ​ជា​មគ្គុទ្ទេសក៍​ដើម្បី​អធិប្បាយ​អំពី​ប្រវត្តិសាស្ត្រ​​ សេដ្ឋកិច្ច​សង្គម វប្បធម៌ សាសនា ​ប្រពៃណី និង​ទំនៀម​ទម្លាប់​របស់​ខ្មែរ​ជូន​ភ្ញៀវ​ទេសចរ​បាន​ទៀត​ផង។ បញ្ហា​នេះ​គឺ​កំពុង​​ខុស​ច្បាប់​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ដែល​មាន​ចែង។

លោក ម៉ក់ សុធិន៖ «បច្ចុប្បន្ន​មាន​ពួក​រុស្ស៊ី ដើរ ដែល​អត់​មាន​អាជ្ញាប័ណ្ណ​ហ្នឹង​ប្រហែល​ជា​ពី ២០-​៣០​នាក់។ គេ​បញ្ជូន​គ្នា​មក​ពី​ប៉ាតាយ៉ា (ប្រទេស​ថៃ) ហ្នឹង​ជា​បន្ត​បន្ទាប់​មក​ហើយ។ គេ​ទាក់ទង​យក​ភ្ញៀវ​ពី​ខាង​ប៉ាតាយ៉ា​មក។ ខាង​ក្រុមហ៊ុន​គេ​ថា គេ​មាន​គោលការណ៍​យក​តែ​មគ្គុទ្ទេសក៍​ជនជាតិ​រុស្ស៊ី​ទេ អត់​មាន​យក​មគ្គុទ្ទេសក៍​ជនជាតិ​ខ្មែរ​ទេ។ ខ្មែរ​យើង​ហ្នឹង​ឥឡូវ​កំពុង​តែ​អត់​មាន​ការងារ​ធ្វើ​ទេ។ កូន​ចៅ​ខ្ញុំ​ប្រហែល​ជា ៥០​នាក់​ជាង ឥឡូវ​ខ្ញុំ​គិត​ថា ដើរ​ភ្ញៀវ​បច្ចុប្បន្ន​ហ្នឹង មិន​ដល់​បាន​ដប់​នាក់​ផង»

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០១២ កន្លង​ទៅ សមាគម​​មគ្គុទ្ទេសក៍​ទេសចរណ៍​បាន​ធ្វើ​​ជា​លិខិត​​ចំហ​មួយ​ចែក​ជូន​ដល់​​បណ្ដាញ​​​ព័ត៌មាន​ឱ្យ​ជួយ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់​នានា​ទៅ​លើ​ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជន​ជាតិ​ខ្មែរ​និយាយ​ភាសា​រុស្ស៊ី ដែល​កំពុង​ប្រឈម​មុខ និង​ការ​បាត់បង់​​ការងារ​ប្រចាំ​ថ្ងៃ រួម​ទាំង​បង្ហាញ​ពី​ភាព​អនាធិបតេយ្យ​របស់​ក្រុម​ជនជាតិ​រុស្ស៊ី ដែល​ចូល​មក​​ដណ្ដើម​ការងារ​ទេសចរណ៍​​ របស់​​ពលរដ្ឋ​ខ្មែរ​ជា​ដើម។

សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ជនជាតិ​ខ្មែរ​និយាយ​​ភាសា​រុស្ស៊ី ចង់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​​បញ្ហា​នេះ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា គោលការណ៍​ដាច់​ណាត់ គឺ​បាន​ដាក់​ចេញ​ជា​យូរ​មក​ហើយ ដោយ​​កំណត់​ថា មគ្គុទ្ទេសក៍​ទេសចរណ៍​គឺ​ជា​ជន​ជាតិ​ខ្មែរ ហើយ​អ្នក​បកប្រែ​ភាសា​ដែល​ជា​ជន​ជាតិ​បរទេស​មិន​មែន​ជា​មគ្គុទ្ទេសក៍​​ទេ។ នៅ​ក្នុង​ករណី​ដែល​សមាគម​មាន​មគ្គុទ្ទេសក៍​គ្រប់​គ្រាន់​ដាក់​ឱ្យ​នាំ​ភ្ញៀវ​ទេសចរ​នោះ គឺ​មិន​ចាំ​បាច់​ឱ្យ​​មាន​អ្នក​បក​ប្រែ​ភាសា​ទេ លើកលែង​តែ​គ្មាន​មគ្គុទ្ទេសក៍​គ្រប់គ្រាន់។

លោក​រដ្ឋមន្ត្រី​បាន​ព្រមាន​ថា ក្រុមហ៊ុន​ណា​ដែល​យក​​ជនជាតិ​បរទេស​ជា​អ្នក​បក​ប្រែ​ភាសា​ទៅ​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នោះ គឺ​ជា​រឿង​ខុស​ច្បាប់ ហើយ​​ក្រសួង​ទេសចរណ៍​មិន​អនុញ្ញាត​ឱ្យ​បន្ត​ធ្វើ​ដូច្នោះ​បាន​ទេ។ លោក​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​នគរបាល​ទេសចរណ៍ និង​ប្រធាន​មន្ទីរ​ទេសចរណ៍ ត្រូវ​ស្រាវជ្រាវ​ករណី​នេះ​ជា​បន្ទាន់។

លោក ថោង ខុន៖ «ប្រសិន​បើ​មាន​ករណី​ហ្នឹង​មែន ត្រូវ​ប៉ូលិស​ទេសចរណ៍ ជាមួយ​សមាគម​មគ្គុទ្ទេសក៍ ហើយ​និង​ប្រធាន​មន្ទីរ​ទេសចរណ៍​ ត្រូវ​ធ្វើ​ការ​ជាមួយ​គ្នា​ភ្លាម។ អា​ហ្នឹង​អត់​អនុញ្ញាត​ឱ្យ​ធ្វើ​អ៊ីចឹង​ទេ»

សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ជនជាតិ​ខ្មែរ​និយាយ​ភាសា​រុស្ស៊ី បាន​ឱ្យ​ដឹង​ថា បញ្ហា​​ដែល​ក្រុមហ៊ុន​យក​ជន​ជាតិ​រុស្ស៊ី ឱ្យ​មក​ដើរ​ធ្វើ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តាម​តំបន់​អង្គរ​នោះ​ បាន​កើត​មាន​ក្នុង​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

NICO

ពី KHMER BLOOD PARIS FRANCE

ALL THESE STRANGER GUIDE ARE THEY KNOW WELL KHMER HISTORY TO DO THIS? PLEASE BE CAREFUL THEY GIGE THE WRONG HISTORY.TOURIST MINISTRY HAVE TO CONTROL THIS.

Oct 01, 2012 09:08 AM

អ្នក​អាន​អនាមិក

កាលពីម្សិលម៉ិញ ខ្ញុំបាននាំគ្រួសារ​ទៅលេងប្រាសាទបន្ទាយស្រី ខ្ញុំបានឃើញបុរសជនជាតិកូរេម្នាក់​ពាក់​ micro phone and loud speak នៅចង្កេះ និយាយច្ការដៃ ច្ការជើង ទេសចរជនជាតិកូរេមួយក្រុម។​ ខ្ញុំមិនយល់ភាសារកូរេ តែអាចដឹងថាបុរសនោះកំពុងដើរតួជាមគ្គុទេសទេសចរណ៏ ជាពិសេសដោយគ្មាន license។ ខ្ញុំគិតថាប្រហែលខ្មែរយើងពុំមាននរណាចេះភាសារកូរេ បើដូចនោះខ្មុំមន្ទិលថា តើបុរសនោះបានយល់-ដឹងបានច្បាស់អំពីបា្រងបា្រសាទោះឬទេ ហើយជាពិសេសអំពីប្រវត្តិសាស្រ្ត​ខ្មែរ និង​ វប្បធម៌ខ្មែរ​តំបន់នោះ។

Oct 01, 2012 07:14 AM

អ្នក​អាន​អនាមិក

ពី Tokyo, Japan

អ្នកនាំជាជនជាតិកូរេផង។ អាក្រក់មើលណាស់។⁣ ឲ្យខ្មែរមានការងារផង។ អ្នកនាំភ្ញៀវជនជាតិខ្មែរ និងអ្នកពាក់ព័ន្ធត្រូវរួមគ្នាធ្វើរឿងនេះឲ្យបាន។

Oct 01, 2012 02:43 AM