ចាប់តាំងពីការឆ្លាក់រហូតដល់លទ្ធផលសម្រេច និងការដាក់តាំងរូបសំណាកនោះត្រូវចំណាយថវិកាជិត១ម៉ឺនដុល្លារ។ សហជីពអះអាងថា ខ្លួនមានថវិកាគ្រប់គ្រាន់ដើម្បីសាងសង់រូបនោះ ប៉ុន្តែគេចង់អោយកម្មករទាំងអស់ និងសប្បុរសជនបានចូលរួមថវិកា ក្នុងការកសាងរូបសំណាកនោះ។
សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលរដ្ឋកម្ពុជាទាំងក្នុង និងក្រៅប្រទេស ជាពិសេសកម្មករកម្មការិនី អោយចូលរួមចំណែកថវិកាទៅតាមសទ្ធា ដើម្បីស្ថាបនារូបសំណាកអតីតប្រធានសហជីព លោក ជា វិជ្ជា។
លិខិតអំពាវនាវរបស់សហជីពសេរីកម្មករ ចុះថ្ងៃទី២៣ ខែកក្កដា និងបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែសីហា បានអោយដឹងថា សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កំពុងសហការជាមួយសាលារាជធានីភ្នំពេញ ដើម្បីឈានទៅសាងសង់រូបសំណាកសពលោក ជា វិជ្ជា នៅលើពយសួនច្បារខាងលិចវិមានឯករាជ្យ និងខាងជើងវត្តលង្កា។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី មានប្រសាសន៍ថា តាមគម្រោងសាងសង់រូបសំណាកលោក ជា វិជ្ជា នឹងចំណាយថវិកា៨ពាន់ដុល្លារ ហើយសាលារាជធានីភ្នំពេញ គ្រោងនឹងឧបត្ថម្ភថវិកា៥ពាន់ដុល្លារ។ លោក ជា មុនី បញ្ជាក់ថា ការអំពាវនាវរបស់សហជីព គឺចង់បានការរួបរួមគ្នារបស់ក្រុមកម្មករដែលគាំទ្រវីរភាពរបស់សពលោក ជា វិជ្ជា។
លោក ជា មុនី៖ «នៅពេលដែល ជា វិជ្ជា ស្លាប់ទៅ ពួកយើងហ្នឹង បានស្នើដល់រដ្ឋាភិបាល និងធ្វើសំណាកលោក ជា វិជ្ជា។ ដូច្នេះសំណាកនេះ គឺតំណាងអោយកម្មករកម្មការិនីទូទាំងប្រទេសកម្ពុជាទាំងអស់។ សម្រាប់ខ្ញុំ ជាបុគ្គលជាប្អូន លោក ជា វិជ្ជា ខ្ញុំមានលទ្ធភាពក្នុងការធ្វើសំណាកប្រុសរបស់របស់ខ្ញុំ។ ប៉ុន្តែខ្ញុំចង់បានពីការចូលរួមពីកម្មករកម្មការិនី ដើម្បីអោយគាត់ចូលរួម។ បើគាត់ចូលក៏ចូល មិនចូលជាសិទ្ធិរបស់គាត់ទេ»។
លោក ជា មុនី បន្តថា ពេលនេះមានសប្បុរសជនក្នុង និងក្រៅស្រុក គណបក្សនយោបាយ និងក្រុមកម្មករបានផ្ដល់ថវិកាចូលរួមដល់ការកសាងរូបសំណាកនេះ។
ប្រធានសហជីពប្រចាំរោងកាត់ដេរ BNN Cambodia ក្នុងសង្កាត់ទួលសង្កែ លោក បាន ថារ៉ា មានប្រសាសន៍ថា កម្មករក្នុងរោងចក្ររបស់លោកបានស្ម័គ្រចិត្តផ្ដល់ថវិកាតិចតួចរបស់ពួកគេចូលរួមចំណែកសាងសង់រូបសំណាកសពលោក ជា វិជ្ជា។ លោកបន្តថា ពួកគេចង់អោយមានរូបសំណាក ដើម្បីបង្ហាញពីវីរភាពរបស់លោក ជា វិជ្ជា ទៅដល់កម្មករគ្រប់ជំនាន់។
លោក បាន ថារ៉ា៖ «ធម្មតា កម្មករនៅស្រុកខ្មែរយើង ប្រាក់ខែគាត់តិចៗណាស់ អ៊ីចឹងគាត់មិនសូវមានចំណូលក្នុងការចូលទេ។ អ៊ីចឹងគាត់ចូលតាមសទ្ធារបស់គាត់ ៥០០រៀលហ្នឹងភាគច្រើន។ ចាំក្នុងដួងចិត្តកម្មករទូទៅ គឺថ្ងៃទី២២ ខែ១ ឆ្នាំ២០០៤ ហ្នឹង ដែលត្រូវឃាតកបាញ់សម្លាប់គាត់នៅកន្លែងកាសែត។ បើមានរូប ជា វិជ្ជា តាំងនៅហ្នឹងទៀត ប្រហែលជាថ្ងៃ២២ ខែ១ ហ្នឹង ប្រហែលមានកម្មករច្រើនទៅអុជធូបនៅទីនោះហើយ»។
តាមគម្រោងព្រមព្រៀងរវាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា អោយដឹងថា ប្រភេទថ្មដែលត្រូវយកមកសាងសង់រូបសំណាកនោះ ជាប្រភេទថ្មភក់ពណ៌ខៀវ យកមកពីខេត្តសៀមរាប។
រូបសំណាកហ្នឹងមានកម្ពស់ ១,៦៨ម៉ែត្រ កម្ពស់ជើងទម្រ ១,០០ម៉ែត្រ និងជើងទម្ររាងបួនជ្រុង។ រូបសំណាកដែលសាងសង់រួច នឹងត្រូវយកទៅដាក់នៅលើពយខាងលិចសួនច្បារវិមានឯករាជ្យខាងជើងវត្តលង្កា គឺស្ថិតនៅចម្ងាយប្រមាណ៥០ម៉ែត្រ ពីទីតាំងដែលលោក ជា វិជ្ជា ត្រូវឃាតកបាញ់សម្លាប់ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ដោយដាក់មុខបែរទៅទិសខាងលិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។